លោក សុខ វ​ឌ្ឍ​នា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបន្ទាយមានជ័យ គិតតែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​

តំបន់ភ្នំ​ធំ​ដែលជា​ភ្នំ​បុរាណ​ប្រវត្តិសាស្ត្រ​ក្នុងស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ កំពុង​ត្រូវ​ក្រុមហ៊ុន​ចំនួន​៥​ធ្វើ​អាជីវកម្ម​ដាក់​រំសេវ​ផ្ទុះ​គាស់​កាយ​យក​ថ្ម​លក់ ស្ទើរតែ​រលាយបាត់​ភ្នំ​ទៅហើយ​មិនឃើញ​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបន្ទាយមានជ័យ និង​អភិបាលខេត្ត​បន្ទាយមានជ័យ ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​ទេ​។ ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ភ្នំ​ធំ ឃុំ​អូរ​ប្រាសាទ និង​សិស្ស​តូចៗ​ដើរទៅ​រៀន​នៅ​សាលាបឋមសិក្សា​ភ្នំ​ធំ កំពុង​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ពី​អាជីវកម្ម​ថ្មភ្នំ​របស់​ក្រុមហ៊ុន​ចំនួន​៥ នៅក្នុង​ឃុំ​អូរ​ប្រាសាទ​នោះ​។ តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា សព្វថ្ងៃ​ពួកគាត់​រង​ការរំខាន​ពី​សំឡេង​គ្រឿងចក្រ​និង​កម្ទេច​ថ្ម​ខ្ទាត​ហុយ​មកលើ​ផ្ទះសម្បែង ជាពិសេស​គឺ​សំឡេង​ដាក់​រំសេវ​ផ្ទុះ​កំពុង​ធ្វើ​ឲ្យ​ភ្នំ​ធំ​ទាំងមូល​រលាយ​សាបសូន្យ​ក្នុងពេល​ឆាប់ៗ​។

​មន្ត្រីរាជការ​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​ចំនួន​៥​ដែល​ធ្វើ​អាជីវកម្ម​ថ្មភ្នំ​ធំ​ក្នុង​ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គលបុរី​នោះ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ភ្នំ​ធំ និង​សិស្សានុសិស្ស​យ៉ាង​ពេញបន្ទុក​។ ក៏ប៉ុន្តែ​លោក ឡុង ពុន អភិបាលស្រុក​មង្គលបុរី ក៏ដូចជា​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ មិន​យកចិត្តទុកដាក់​ដោះស្រាយ​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ភូមិ​នោះទេ​។ ចំណែក​លោក សុខ វ​ឌ្ឍ​នា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបន្ទាយមានជ័យ គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ហើយ​មិន​ខ្វល់​ពី​ការត្រួតពិនិត្យ​បច្ចេកទេស​ក្រុមហ៊ុន​អាជីវកម្ម​ថ្ម​នៅ​ភ្នំ​ធំ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ទេ​។

​មន្ត្រីរាជការ​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​អំពាវនាវ​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ចាត់វិធានការ​ពិនិត្យ​ជាក់ស្តែង​ចំពោះ​អាជីវកម្ម​ថ្ម​នៅ​ភ្នំ​ធំ ស្រុក​មង្គលបុរី នោះ​ផង ព្រោះ​បច្ចុប្បន្ន​ភ្នំ​ដែលជា​តំបន់​ប្រវត្តិសាស្ត្រ កំពុង​ត្រូវ​ក្រុមហ៊ុន​ចំនួន​៥​បំផ្លាញ​ជិត​រលាយបាត់​រូប​ទៅហើយ​។ មជ្ឈដ្ឋាន​ខ្លះ​សង្ស័យថា ទាំង​អាជ្ញាធរ​ស្រុក អាជ្ញាធរខេត្ត ព្រមទាំង​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបន្ទាយមានជ័យ ទទួលបាន​ផលប្រយោជន៍​ពី​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ថ្មភ្នំ​ធំ ទើប​ពួកគេ​បណ្តោយ​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ បំផ្លាញ​ភ្នំ​ទាំងមូល​និង​បង្ក​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ភ្នំ​ធំ​ស្រេច​តែ​អំពើ​ចិត្ត​។ មន្ត្រី​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តបន្ទាយមានជ័យ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ភ្នំ​ធំ​ដែលជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មាន​ល្អាង​ជាច្រើន​កន្លែង និង​ធម្មជាតិ​ស្រស់បំព្រង​នាពេល​កន្លងមក​ចៀស​មិន​ផុតពី​រលាយបាត់​រូប​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ទេ បើ​ក្រសួង​ពាក់ព័ន្ធ​មិន​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​៕

suysem_150512_-sony--2015-05-22លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល 41 6