អាជ្ញាធរខេត្ត​ប៉ៃលិន​មិន​ទប់ស្កាត់​ជនខិលខូច​ដុតបំផ្លាញ​ព្រៃ​លើ​ភ្នំ​ប៉ោត​យក​ដី​ដាំ​ដំណាំ​

សកម្មជន​ព្រៃឈើ​នៅ​ខេត្ត​ប៉ៃលិន បាន​រាយការណ៍​ឲ្យ​ដឹង​នៅក្នុង​សប្តាហ៍​នេះ​ថា ដើមឈើ​តូចធំ​ជាច្រើន​នៅត្រង់ចំណុច​ភ្នំ​ប៉ោត ក្នុងភូមិ​រថក្រោះ​ឆេះ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ត្រូវ​ជនខិលខូច​មួយ​ចំនួន​ឃុបឃិត​គ្នា​បន្ត​រុករាន​កាប់​ដុតបំផ្លាញ រួច​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ជា​បន្តបន្ទាប់​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ការកាប់​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​នៅ​ចំណុច​ភ្នំ​ប៉ោត​កំពុង​តែមាន​ស្ថានភាព​ធ្ងន់ធ្ងរ​ឡើងៗ ខណៈ​សមត្ថកិច្ច​មូលដ្ឋាន និង​អាជ្ញាធរខេត្ត​មិនបាន​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​។​

​ចំពោះមុខ​បញ្ហា​នេះ លោក ជូ ចាន់​ដា​រ៉ា​ឫទ្ធិ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ប៉ៃលិន មិនអាច​ទាក់ទង​ដើម្បី​សុំ​ការបំភ្លឺ​បានឡើយ ព្រោះ​លោក​បិទ​ទូរស័ព្ទ​។ ចំណែក លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បាន​ថ្លែង​ការពារ​ខ្លួន និង​មន្ត្រីក្រោមឱវាទ​ថា ព្រៃឈើ​នៅលើ​ភ្នំ​ជា​តួនាទី​របស់​រដ្ឋបាល​ព្រៃឈើ ខាង​លោក​អត់​ពាក់ព័ន្ធ​នោះឡើយ​។ ឥរិយាបទ​របស់​មន្ត្រី​ជំនាញ​ខាងលើនេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ខេត្ត​ប៉ៃលិន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង និង​បាន​រិះគន់ថា បើ​មាន​ផលប្រយោជន៍​មន្ត្រី​ទាំងនោះ​ប្រាកដជា​លូកដៃ តែបើ​គ្មាន​ពួកគេ​បែរជា​រុញ​បញ្ហា​ដាក់គ្នា​។​

ប្រជាពលរដ្ឋ​ខេត្ត​ប៉ៃលិន​បាន​ត្អូញត្អែរថា ទឹកដី​កម្ពុជា​រដូវវស្សា​ក៏ដូចជា​រដូវប្រាំង​ដែរ ស្ទើរតែ​គ្មាន​ភ្លៀង​ធ្លាក់ ហើយ​អាកាសធាតុ​មានការ​ប្រែប្រួល​ខុស​ប្រក្រតី ព្រោះតែ​ដើមឈើ​ក្នុងព្រៃ​ត្រូវបាន​គេ​លួច​កាប់បំផ្លាញ និង​ដើមឈើ​សេសសល់​នៅលើ​ភ្នំ​តិចតួច​ក៏​នាំគ្នា​ឡើងទៅ​កាប់ ដើម្បី​យក​ដី​ដាំ​ដំណាំ​ដែរ​ដែល​បទល្មើស​ទាំងនេះ​បង្កបញ្ហា​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង​វិស័យ​កសិកម្ម​។ ប្រភព​ដដែល​បាន​ប្រៀបធៀប​ថា បើ​គេ​សង្កេតមើល​មក​ភ្នំ​ខាង​ខ្មែរ​ភាគច្រើន​ឃើញ​មាន​សុទ្ធតែ​ដុំថ្ម ដែលមាន​ដំណាំ​ពោត ដំឡូង​មី​ប៉ុណ្ណោះ តែបើ​គេ​មើលទៅ​ទិស​ខាងលិច ជាប់​នឹង​ព្រំដែន​កម្ពុជា​-​សៀម​វិញ មាន​ពោរពេញ​ទៅដោយ​រុក្ខជាតិ​ពណ៌​ខៀវស្រងាត់​បញ្ចេញ​សម្រស់​គួរឱ្យ​ចង់​គយគន់ ដែល​ជាទី​ទាក់ទាញ​ទឹកភ្លៀង​ធ្លាក់​ស្រោចស្រព​ដំណាំ និង​ធានា​និរន្តរភាព​បរិស្ថាន​។​

ជុំវិញ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​ស្រុក​សាលា​ក្រៅ​បាន​សម្តែង​ការព្រួយបារម្ភ​ថា បើសិនជា​ពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរខេត្ត មិន​ព្រម​នាំគ្នា​ថែរក្សា​ព្រៃឈើ​ឱ្យបាន​គង់វង្ស​ទេ នៅ​ថ្ងៃ​ខាងមុខ​ភ្នំ​ទាំងអស់​នៅក្នុង​ខេត្ត​ប៉ៃលិន​នឹង​ក្លាយទៅជា​ដំបូក​ដុំថ្ម គ្មាន​ដើមឈើ​សូម្បីតែ​១​ដើម​នោះឡើយ ព្រោះ​គេ​មិនឃើញ​មាន​អ្នកការពារ​នោះឡើយ ពូកែ​តែ​កាប់បំផ្លាញ​ប៉ុណ្ណោះ​។ ប្រភព​ដដែល​បាន​សង្កត់ធ្ងន់ថា​ការការពារ​បរិស្ថាន​គឺ​ពិបាក​ណាស់​ទៅហើយ តែបើ​ចង់​ស្តារ​បរិស្ថាន​ឲ្យ​ត្រឡប់​មករក​ភាពល្អប្រសើរ​ឡើងវិញ​គឺ​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​ដែល​ទាំងនេះ​ជា​បញ្ហា​រួម​ទាំងអស់គ្នា​៕

e959dd95-8939-43e4-b95d-998b530a0497