ថាកុំឱ្យគេឮ…

*តាម​រយៈ​នៃ​ការ​ចាប់​បាន​ឈើ​ប្រណីត​មាន​ធ្នង់​-​បេង​-​នាងនួន ប្រមាណ​ពី​៣០ ទៅ​៤០​ម៉ែត្រគូប នៅ​ច្រក​ទ្វារ​អូ​រយ៉ា​ដាវ​រវាង​កម្ពុជា​-​វៀតណាម ដោយ​មន្ត្រី​គយ​ចល័ត​បញ្ជាក់​ថា បទល្មើស​ព្រៃឈើ​នៅ​ខេត្តរតនគិរី មាន​ទំហំ​ធំធេង​ណាស់ គ្មាន​អាជ្ញាធរ​ដែនដី​ណា​បង្ក្រាប​ទេ ប្រៀប​ដូច​ជា​ដែនដី​របស់​ទេវ​ប្រាក់ ។

*​កន្លង​មក អ្នកកាសែត​ខេត្តរតនគិរី បាន​ស្រែក​បំពង​សំឡេង ដោយ​មាន​រូបភាព​ជាក់ស្តែង​ផង​ដែរ ដែល​គួរតែ​ត្រូវ​បាន​ចាត់ទុកជា​ភ្នែក​ ជា​ច្រមុះ​សម្រាប់​ខេត្ត​មួយ ដែល​សំបូរ​ទៅ​ដោយ​សម្បត្តិ​ធម្មជាតិ​មហាសាល​នេះ​ហើយ ។ អ្នកកាសែត​បាន​ជួយ​ទប់​ច្រើន​ណាស់ នូវ​ការ​រួម​គ្នា​រវាង​ឈ្មួញ​ទុច្ចរិត និង​អាជ្ញាធរ​ខេត្ត ​។

*​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ វត្តមាន​អ្នកកាសែត រួម​ទាំង​ អ្នក​ទូរទស្សន៍​ផង​ដែរ មិន​ត្រឹមតែ​មិន​បាន​ស្វាគមន៍​ ពី​មេ​កាន់​អំណាច​​ខេត្ត​ប៉ុណ្ណោះ​ទេ គឺ​ពួក​គេ​ពេល​នេះ​បាន​ក្លាយជា​សំរាម​ក្នុង​កែវភ្នែក​របស់​អាជ្ញាធរ​ដែនដី​ទៅ​វិញ ដែល​មិន​គួរ​ឱ្យ​គោរព​រាប់អាន​ឡើយ​។

*​លោក ​ថង សា​វុន ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អភិបាលខេត្ត​រតនគិរី កន្លង​មក​ ធ្លាប់​បាន​ប្រមាថ​អ្នកកាសែត​ធ្ងន់​មាត់​ណាស់ រហូត​ដល់​អ្នកកាសែត មិន​អាច​ជួប​សម្ភាសន៍​បាន​ទៀត​ផង ទោះ​តាម​ទូរស័ព្ទ​ក៏​ដោយ ។ សម្តី​អ្នក​កាន់​អំណាច​ខេត្ត ដែល​សំបូរ​ទៅ​ដោយ​បទល្មើស​ព្រៃឈើ​នេះ មាន​អត្ត​ចរិត​ខុស​មេឃ​និង​ដី ប្រៀប​ទៅ​នឹង​អភិបាលខេត្ត​នានា​ក្នុង​ប្រទេស ។

*គួរ​សោកស្តាយ​ណាស់ ដែល​ខេត្តរតនគិរី​ ជា​ខេត្ត​ព្រៃឈើ ពេល​នេះ​រលាយ​ព្រៃឈើ​ស្ទើរ​អស់​ទៅ​ហើយ... គ្មាន​អ្នកកាសែត​ណា និយាយ​ល្អ​ពី​ខេត្ត​នេះ​ច្រើន​ឡើយ ល្មម​ឱ្យ​មេ​ខេត្ត​ស្អប់ ពិតជា​មិនសូវ​ខុស​មែន ។ លុះដល់​ពេល​សាកសួរ​ប្រវត្តិ​ទៅទើប​ដឹង​ថា លោក​ថង សា​វុន ត្រូវជា​កូនលោក ​ប៊ូ​ ថង អ្នកតស៊ូ​ ៧​ មក​រា ។