សហជីពជាង២០ ស្នើជួបគណៈកម្មការ ជំនាញ សភាពិភាក្សា និងបញ្ចូលសំណើ មួយចំនួនក្នុង សេចក្តីព្រាង ច្បាប់សហជីព

ភ្នំពេញ ៖ ក្រុមសហជីព នៅកម្ពុជាចំនួន២៣ ដែលមិនពេញ ចិត្តលើសេចក្តីព្រាង ច្បាប់សហជីព នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ បានស្នើឲ្យសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ជួយអន្តរាគមន៍ ឲ្យតំណាងសហជីព បានជួបជា មួយគណៈ កម្មការនីតិកម្ម និងយុត្តិធម៌ ដើម្បីពិភាក្សាទៅលើសេចក្តីព្រាងច្បាប់នេះ និងស្នើឲ្យដាក់បញ្ចូល សំណើរួមរបស់ពួកគេ មួយចំនួន ទៅក្នុងសេចក្តីព្រាង ច្បាប់ចុងក្រោយ។

ទោះបីជាសេចក្តីព្រាងមួយនេះ កំពុងស្ថិតនៅក្នុងដៃរដ្ឋសភា យ៉ាងណាក៏ដោយក៏ពួកគេ នៅតែប្រកាន់គោល ជំហរទទូចឲ្យភាគីពាក់ព័ន្ធកែតម្រូវឡើងវិញ។

សេចក្ដីព្រាងច្បាប់ស្ដីពីសហជីពមាន១៧ ជំពូក ៩១មាត្រា ត្រូវបានគណៈរដ្ឋមន្រ្តីបានអនុម័ត កាលពីថ្ងៃសុក្រ ទី១៣ វិច្ឆិកា ខណៈសេចក្តីព្រាងច្បាប់មួយនេះកំពុងស្ថិតនៅក្នុងភាពចម្រូងសម្រាស់ ។

លោក ប៉ាវ ស៊ីណា ប្រធានសហភាព ចលនាកម្មករកម្ពុជា(CCW) និងជាប្រធានសម្ព័ន្ធសហជីព ចលនា កម្មករ (CUMW) បានមានប្រសាសន៍ថា នៅព្រឹកថ្ងៃទី៣ ធ្នូ នេះថា  ក្រោយពីសហជីព បានជួបជុំគ្នានៅមុខ រដ្ឋសភា ខាងរដ្ឋបាលបានហៅតំណាង ឲ្យចូលទៅជួបក្នុងរដ្ឋសភា ហើយក៏បានទទួលយកញត្តិ ពីពួកគាត់ផងដែរ ។

លោកថា បន្ទាប់មកខាងរដ្ឋបាលនៃរដ្ឋសភា បានប្រាប់ថា នឹងរៀបចំឲ្យមានការជួបគ្នារវាងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ និងតំណាងសហជីពក្នុងពេលវេលាសមរម្យណាមួយតាមការស្នើសុំរបស់សហជីព។

ប្រធានសហជីពរូបនេះបញ្ជាក់ថា “សេចក្តីព្រាងនេះ បានស្ថិតនៅក្នុងភាពចម្រូង ចម្រាស់អស់រយៈពេលជាច្រើន ឆ្នាំមកហើយ ។ ប្រសិនបើមិនយល់ព្រមតាមសំណើ របស់សហជីពពិត ជាមានការសម្តែងមតិ ជាលក្ខណៈ ទ្រង់ទ្រាយធំនៅថ្ងៃណាមួយជាក់ជាមិនខាន”។

បើតាមលោក ប៉ាវ ស៊ីណា នៅថ្ងៃទី១៧ ខែធ្នូ ខាងមុខ រដ្ឋសភានឹងបើកកិច្ចពិភាក្សា ទៅលើសេចក្តី ព្រាងច្បាប់នេះ។

ក្នុងញត្តិរបស់សហជីពបានឲ្យដឹងថា ពួកគេខកចិត្តយ៉ាងខ្លាំង ដោយរយៈពេលចុងក្រោយក្រសួងការងារ មិនបានផ្តល់សេចក្តីព្រាងច្បាប់ចុងក្រោយ មកដល់សហជីព និងបើកឲ្យមានកិច្ចពិគ្រោះ យោបល់ឲ្យបាន ទូលំទូលាយ និងពេញលេញមុននឹងសេចក្តីព្រាងច្បាប់នេះ បញ្ជូនទៅដល់ទីស្តីការគណៈរដ្ឋមន្រ្តី និងរហូត ដល់បញ្ជូន បន្តទៅរដ្ឋសភាជាតិ ដើម្បីធ្វើការអនុម័តជាផ្លូវការនៅពេលខាងមុខ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២ ខែធ្នូ សហជីពចំនួន៨ បានរួមគ្នាចេញសេចក្តីថ្លែងការណ៍ មួយដោយបង្ហាញពី គោលជំហររួមរបស់ខ្លួនទាក់ទងទៅនឹងសេចក្តីព្រាងចុងក្រោយនៃច្បាប់ស្តីពីសហជីព ក្នុងនោះពួកគេស្នើឲ្យ រដ្ឋសភាពន្យាពេល នៃការអនុម័តផងដែរ ៕

សហជីពជាង២០ ស្នើជួបគណៈកម្មការ ជំនាញ សភាពិភាក្សា និងបញ្ចូលសំណើ មួយចំនួនក្នុង សេចក្តីព្រាង ច្បាប់សហជីព

សហជីពជាង២០ ស្នើជួបគណៈកម្មការ ជំនាញ សភាពិភាក្សា និងបញ្ចូលសំណើ មួយចំនួនក្នុង សេចក្តីព្រាង ច្បាប់សហជីព