តុលាការ​ថៃ ហាម​មិន​ឲ្យ​លោកស្រី​យី​ង​ឡាក់​ទៅ​ប្រជុំ​ជាមួយ​សភា​អឺរ៉ុប​

​តុលាការ​កំពូល​ថៃ ហាម​មិន​ឲ្យ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី យី​ង​ឡាក់ ស៊ីន​ណា​វ៉ាត​ត្រា​ចូលរួម​ក្នុង​កិច្ចប្រជុំសភា​សហភាព​អឺរ៉ុប​។ ការជំទាស់​នេះ ធ្វើឡើង​ក្រោម​ហេតុផល​ដំណើរ​នៃ​ការចូលរួម​កិច្ចប្រជុំ​នេះ មិនមាន​សារៈសំខាន់ និង​គ្មាន​ហេតុផល​គ្រប់គ្រាន់​។ នេះ​បើ​យោងតាម​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​។​

​ជាថ្មី​ម្តងទៀត តុលាការ​កំពូល​ថៃ​បាន​ជំទាស់​សំណើ​របស់​លោកស្រី យី​ង​ឡាក់ ស៊ីន​ណា​វ៉ាត​ត្រា  ក្នុង​ការសុំ​ការអនុញ្ញាត​ដើម្បី​ចូលរួម​ពិភាក្សា និង​ចែករំលែក​ពី​ស្ថានភាព​នយោបាយ​ថៃ​បច្ចុប្បន្ន​ជាមួយ នឹង​សមាជិកសភា​របស់​សហ​ភាព​អឺរ៉ុប​។ ការជំទាស់​នេះ គឺ​បន្ទាប់ពី​មេធាវី លោកស្រី យី​ង​ឡាក់ បាន​ដាក់សំណើ​តាំងពីដើម​សបា្តហ៍​នេះ​មកម្ល៉េះ​។​

​សូម​រម្លឹក​ផងដែរ​ថា បន្ទាប់ពី​រដ្ឋប្រហារ​យោធា​ថៃ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៤​មក អតីត​នាយក​រដ្ឋ មន្ត្រី​ថៃ លោកស្រី​យី​ង​ឡាក់ ត្រូវបាន​រដ្ឋាភិបាលយោធា និង​តុលាការ​កំពូល​ថៃ ហាម​មិន​ឲ្យ​ធ្វើដំណើរ ចេញ​ក្រៅប្រទេស​បាន​នោះទេ​។ នោះ ក៏​ព្រោះតែ លោកស្រី យី​ង​ឡាក់ កំពុងស្ថិត​ក្នុងការ​ចោទប្រកាន់ ពី​តុលាការ​ពីបទ​ល្មើស​ពុករលួយ​ក្នុង​ស្ថាប័ន​អង្ករ​ជាតិ​ថៃ ដែល​ទាមទារ​ឲ្យ​លោកស្រី​ត្រូវ​ចូលរួម​នីតិវិធី​របស់​តុលាការ​។​

​លោកស្រី​យី​ង​ឡាក់ ត្រូវបាន​សភា​ថៃ​ដក​មុខតំណែង​ពី​មុខងារសាធារណៈ ឬ​នយោបាយ​រយៈ​ប្រាំ​ឆ្នាំ ហើយ លោកស្រី ក៏​កំពុង​រង​នូវ​ការចោទប្រកាន់​ពី​តុលារ​ជាន់ខ្ពស់​ថៃ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ និង រឿង​រដ្ឋប្បវេណី ដែល​អាច​ឲ្យ​លោកស្រី​ត្រូវ​ជាប់ពន្ធនាគារ​ពី ដប់ឆ្នាំ​ឡើងទៅ និង សង​នូវ​សំណង​រដ្ឋប្បវេណី​រាប់លាន​ដុល្លា​សហរដ្ឋអាមេរិក​ទៀត​ផង​។​

​ជុំវិញ​នៃ​ការជំទាស់​របស់​តុលាការ​នេះដែរ គឺ​គេ​បានដឹង​ពី​ហេតុផល​ច្បាស់​រួចទៅហើយ​។ នោះ​គឺ បើ​លោកស្រី​យី​ង​ឡាក់ ចេញទៅ​ក្រៅប្រទេស​មែន​នោះ គ្មានអ្វី​ក្រៅពី​ការលើកឡើង​ពី​បញ្ហា​សិទ្ធិមនុស្ស​ការ​រឹតត្បិត​របស់​របប​យោធា និង​ការធ្លាក់ចុះ​ដល់​កម្រិត​សូន្យ​នៃ​លទ្ធិប្រជាធិបតេយ្យ​ថៃ​ក្រោម​របប យោធា​នោះទេ​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​