​តាមរយៈ​កំណាយ​ស្រាវ​ជ្រា​បុរាណវិទ្យា គេ​រកឃើញថា ក្នុង​តំបន់​អង្គរ​មាន​មនុស្ស​រស់នៅ​ជិត​៤​ពាន់​ឆ្នាំ​មកហើយ​

សៀមរាប: តាមរយៈ​កំណាយ​ស្រាវ​ជ្រា​បុរាណវិទ្យា លោក​បណ្ឌិត Christophe POTTIER សមាជិក​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស ឲ្យ​ដឹងថា តាំងពី​ឆ្នាំ​២០០០ អាជ្ញាធរ​អប្សរា និង​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស​បាន​បង្កើត​គម្រោង​ស្រាវជ្រាវ​មួយ​ហៅថា “​គម្រោង​ស្រាវជ្រាវ​បុរាណវិទ្យា​បារាំង​-​ខ្មែរ​នៅ​តំបន់​អង្គរ (MAFKATA)” ដើម្បី​ស្រាវជ្រាវ​បុរាណវិទ្យា​នៅ​តំបន់​រលួស​និង​បារាយណ៍ទឹកថ្លា ក្នុង​បំណង​ស្វែងយល់​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ពី​ការ​មក​តាំងទី​និង​ការរៀបចំ​ភូមិករ​ដំបូងៗ​នៅ​តំបន់​អង្គរ​។

​បន្ទាប់ពី​បាន​សិក្សា​នៅ​តំបន់​ទាំងពីរ​ខាងលើនេះ​រួចមក ជាពិសេស​នៅ​បារាយណ៍ទឹកថ្លា អ្នកស្រាវជ្រាវ​បាន​រកឃើញ​ភស្តុតាង​បុរាណវិទ្យា​ដែល​បង្ហាញថា តំបន់​អង្គរ​មានការ​មក​តាំងទី និង​ការរៀបចំ​ភូមិករ​ដំបូងៗ​យ៉ាងហោចណាស់​ក៏​ជិត​៤០០០​ឆ្នាំ​មកហើយ​។​

​តាមរយៈ​បាឋកថា​ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ​និង​តម្កល់​ឯកសារ​អង្គរ សហការ​ជាមួយ​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អា​ជាធរ​អប្សរា
​លោក POTTIER បាន​លើកយក​ភស្តុតាង​នៃ​ការធ្វើ​កំណាយ​ស្រាវជ្រាវ​នៅតាម​ស្ថានីយ​មួយចំនួន​ក្នុង​តំបន់​អង្គរ​មក​បង្ហាញ​ដូចជា ស្ថានីយ​ព្រៃ​ក្មេង ដែល​ហៅ​តាម​ឈ្មោះ​ប្រាសាទ​ឥដ្ឋ​តូច​មួយ​ស្ថិត​នៅក្បែរ​ទំនប់​ទំនប់​បារាយណ៍ទឹកថ្លា​។ នៅ​ទីនោះ គាត់​បានធ្វើ​កំណាយ​ស្រាវជ្រាវ​ដើម្បី​ស្វែងយល់​ពី​ទីតាំង​ភូមិករ ដោយបាន​រកឃើញ​ស្រទាប់ដី​មាន​ស្លាកស្នាម​មនុស្ស​រស់នៅ កន្លែង​កប់​សព​បុរាណ ភាជន៍​ធ្វើ​ពី​ដី​ដុត ឧបករណ៍ប្រើប្រាស់ និង​គ្រឿងអលង្ការ​។​ល​។ តាមរយៈ​នេះ​បង្ហាញថា​មនុស្ស​បាន​យក​ទីតាំង​នេះ​ធ្វើជា​កន្លែង​កប់​សព និង​ជា​ភូមិករ​ចាប់តាំងពី​សត​វត្សរ៍​ទី​១ នៃ​គ្រឹ​ស្ត​សករាជ រហូតដល់​សតវត្សរ៍​ទី​៧ នៃ​គ្រឹ​ស្ត​សករាជ​។​

​ដោយឡែក​ស្ថានីយ​កោះ​តា​មាស ជាទី​ទួល​ធំ​មួយ​មាន​ផ្ទៃ​រាបស្មើ​ស្ថិតនៅ​ចម្ងាយ​១.៣០០​ម៉ែត្រ ខាងលិច​ប្រាសាទ​មេបុណ្យ ក្នុង​បាត​បារាយណ៍ទឹកថ្លា​ដ៏​ធំ​ល្វឹងល្វើយ​។ គេ​ប៉ាន់​ស្មានថា បារាយណ៍​នេះ​លើក​ក្នុង​សតវត្សរ៍​ទី​១១​នៃ​គ្រឹ​ស្ត​សករាជ​។ គេ​សង្ស័យថា ទីតាំង​នេះ​ប្រហែល​ជាមាន​មនុស្ស​មក​រស់នៅ​តាំងពី​សម័យមុន​អង្គរ​មកម្ល៉េះ​។ ក្នុង​ឆ្នាំ​២០០៥ តាម​លោក POTTIER សហការ​ជាមួយ​បុរាណ​វិទូ​អាជ្ញាធរ​ជាតិ​អប្សរា​បានធ្វើ​កំណាយ​ស្រាវជ្រាវ​នៅ​ស្ថានីយ​នេះ ហើយ​បាន​រកឃើញ​ភស្តុតាង​បុរាណវិទ្យា​ដូចជា កន្លែង​កប់​សព​បុរាណ ភាជន៍​ធ្វើ​ពី​ដី​ដុត ឧបករណ៍ប្រើប្រាស់ និង​គ្រឿងអលង្កា ដែល​អាច​ឲ្យ​ក្រុម​ស្រាវជ្រាវ​ស្វែងយល់បាន​ពី​ប្រវត្តិ​ដែលមាន​នៅលើ​ទួល​នេះ​បាន​។​

​តាមរយៈ​តឹកតាង​ខាងលើ អាច​ឲ្យ​យើង​ដឹងថា មានការ​មក​តាំង​ភូមិករ​នៅលើ​កោះ​តា​មាស​ក្នុងសម័យ​សំរឹទ្ធ ព្រមទាំង​យល់បាន​ថា​ទី​កប់​សព​បុរាណ​នៅលើ​កោះ​នេះ​អាចមាន​អាយុកាល​យ៉ាងហោចណាស់​ក្នុងអំឡុង​៣០០០​ឆ្នាំមុន​។​

​សព្វថ្ងៃ​តឹកតាង​បុរាណវិទ្យា​ដែល​បានមកពី​កំណាយ​តាម​ស្ថានីយ​ខាងលើនេះ ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅ​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ​៕

​តាមរយៈ​កំណាយ​ស្រាវ​ជ្រា​បុរាណវិទ្យា គេ​រកឃើញថា ក្នុង​តំបន់​អង្គរ​មាន​មនុស្ស​រស់នៅ​ជិត​៤​ពាន់​ឆ្នាំ​មកហើយ​

​តាមរយៈ​កំណាយ​ស្រាវ​ជ្រា​បុរាណវិទ្យា គេ​រកឃើញថា ក្នុង​តំបន់​អង្គរ​មាន​មនុស្ស​រស់នៅ​ជិត​៤​ពាន់​ឆ្នាំ​មកហើយ​

​តាមរយៈ​កំណាយ​ស្រាវ​ជ្រា​បុរាណវិទ្យា គេ​រកឃើញថា ក្នុង​តំបន់​អង្គរ​មាន​មនុស្ស​រស់នៅ​ជិត​៤​ពាន់​ឆ្នាំ​មកហើយ​

​តាមរយៈ​កំណាយ​ស្រាវ​ជ្រា​បុរាណវិទ្យា គេ​រកឃើញថា ក្នុង​តំបន់​អង្គរ​មាន​មនុស្ស​រស់នៅ​ជិត​៤​ពាន់​ឆ្នាំ​មកហើយ​