ក្មេងៗ​៤​នាក់​លង់ទឹក​ស្លាប់​ព្រម​គ្នា ក្នុងចំណោម​៥​នាក់ នៅ​ស្រុក​ឱ​រ៉ា​ល់​

កំពង់ស្ពឺ: ក្មេងប្រុស​ស្រី​ចាប់ពី​អាយុ​៤​ឆ្នាំ​ដល់​៨​ឆ្នាំ ៤​នាក់​ក្នុងចំណោម​៥​នាក់ បាន​លង់​ទឹកស្រះស្លាប់ ព្រមៗ​គ្នា​ក្នុងពេល​តែមួយ   គួរ​ឲ្យ​អាណោចអាធម៌ បំផុត​។ ដែលហេតុការណ៍ នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥នៅ​ចំណុច​ក្នុងភូមិ​ចំប៉ី ឃុំ​ហោង​សំណំ ស្រុក​ឱ​រ៉ា​ល់​។​

​ក្មេងៗ ប្រុស​ស្រី​ដែល​លង់ទឹក​ស្លាប់ ទី​១-​ឈ្មោះ ឡុង ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​៨​ឆ្នាំ ២-ឈ្មោះ​ភី ដា​នី ភេទ​ស្រី​អាយុ​៦​ឆ្នាំ ៣-​ឈ្មោះ​សែ នី​ណៃ ភេទ​ស្រី​អាយុ​៥​ឆ្នាំ និង​៤-ឈ្មោះ ទូច វ័​ន្ត ភេទ​ប្រុស​អាយុ​៤​ឆ្នាំ​។ អ្នក​ទាំង​៤​រស់នៅ​ក្នុងភូមិ កើតហេតុ​ខាងលើជាមួយគ្នា​ចំណែក​ក្មេង​ម្នាក់​ដែល​នៅរស់​នោះ ឈ្មោះ​​សែ សុខ​ឃា ភេទ​ស្រី អាយុ​៨​ឆ្នាំ​ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​។​
 
​ចំពោះ​មូលហេតុ ដែល​បណ្ដាល​ឲ្យ​ក្មេង​លង់ទឹក​ស្លាប់​នេះ ដោយសារតែ​ឪពុកម្តាយរបស់​ពួកគេ​ទៅ​ច្រូតស្រូវ​ទុក​ឲ្យ​កូនៗ​នៅផ្ទះ ហើយ​ពួកគេ​នាំគ្នា​លេង​​ទឹក​គ្មាន​អ្នក​មើលថែ ក៏​លង់​ស្លាប់​៤​នាក់​តែម្ដង​។​

​ក្រោយពី​កើតហេតុ​កម្លាំង សមត្ថកិច្ច​បានមក​ដល់​និង​ពិនិត្យ រួច​បានប្រគល់​សាកសពក្មេងៗ​ទាំង​៤​នាក់​ឲ្យ​ទៅ​ឪពុកម្តាយ យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕