ចំនួន​លើស​នៃ​គណនី​ចរន្ត​បាន​បង្រួម​កំណើន​ការ​នាំ​ចូល​របស់​កូរ៉េ​ខាងត្បូង

ប្រទេស​កូរ៉េ​ខាងត្បូង ៖ ផ្អែក​តាម​ទិន្នន័យបឋម​ពី​ធនាគារកណ្តាល​បាន​បង្ហាញ​កាលពី​ថ្ងៃ​ពុធ​ថា ផល​លើស​នៃ​គណនី​ចរន្ត​របស់​កូរ៉េ​ខាងត្បូង បាន​រួញ​ខ្លី​កាលពី​ខែតុលា ស្រប​ពេល​ការ​នាំ​ចូល​មានការ​កើនឡើង ខណៈ​ឱនភាព​របស់​ប្រជាជាតិ​មួយ​នេះ​រីក​ធំ​ឡើង​ក្នុង​វិស័យ​សេវាកម្ម ។

យោង​តាម​តួលេខ​ពី​ធនាគារ​កូរ៉េ​បង្ហាញ​ថា ចំនួន​គណនី​ចរន្ត​ក្នុង​ខែតុលា​នេះ ស្មើនឹង​៨,៩៦​ប៊ី​លាន​ដុល្លារ ធៀប​នឹង​ខែកញ្ញា ស្មើនឹង​១០,៥៤​ប៊ី​លាន​ដុល្លារ ។

ទោះជា​យ៉ាងណា ទិន្នផល​សម្រេច​នេះ ត្រូវ​បាន​គេ​កត់សម្គាល់​ពី​កំណើន​តិចតួច​នៃ​ផល​លើស ដែល​បាន​ចេញផ្សាយ​ចំនួន​៨,៧៤​ប៊ី​លាន​ដុល្លារ​ក្នុងអំឡុងពេល​ដូច​គ្នា​កាលពី​ឆ្នាំទៅ ។ ម្យ៉ាងទៀត ខែតុលា គឺជា​ខែ​ដែល​កូរ៉េ​ខាងត្បូង​ទទួល​បាន​ផល​លើស​ផ្នែក​គណនី​ចរន្ត​លើក​ទី​៤៤​ផង​ដែរ ។

ចំណែក​ការ​ធ្លាក់​ចុះ​ក្នុង​ខែ​នេះ ដោយសារ​តែ​ការ​នាំ​ចូល​មាន​បរិមាណ​ច្រើន​ជាង​មុន​ចំនួន​១០,៥៤% ឬ​ស្មើនឹង​៣៦,៧​ប៊ី​លាន​ដុល្លារ​ធៀប​នឹង​ខែ​មុន ដែល​ច្រើន​ជាង​កំណើន​៤,៨៦% នៃ​ការ​នាំ​ចេញ​ទៅ​ទៀត ។

តាម​ធនាគារ​កូរ៉េ​ខាងត្បូង​ឱ្យ​ដឹង​ថា ផល​លើស​នៃ​ទំនិញ​បាន​ធ្លាក់​ចុះ​១០,៧៤​ប៊ី​លាន​ដុល្លារ​ក្នុង​ខែតុលា ដែល​ខែ​មុន​មាន​ចំនួន​១២,០៤​ប៊ី​លាន​ដុល្លារ ។ រីឯ​ឱនភាព​វិស័យ​សេវាកម្ម​អាច​ពង្រីក​បាន​១,៩៩​ប៊ី​លាន​ដុល្លារ បើ​ធៀប​នឹង​ឱនភាព​ដែល​បាន​កែសម្រួល​ក្នុង​ខែកញ្ញា មាន​ចំនួន​១,៧៣​ប៊ី​លាន​ដុល្លារ ។

ការ​កើនឡើង​នៃ​ឱនភាព​គណនី​សេវាកម្ម​បាន​នាំ​មក​នូវ​កំណើន​ឱនភាព​គណនី​ទេសចរណ៍​ដែល​ពង្រីក​បាន​ចំនួន​៨៥០​លាន​ដុល្លារ ធៀប​នឹង​បរិមាណ​៧១០​លាន​ដុល្លារ​នៅ​ខែ​មុន ។ រីឯ​ឱនភាព​គណនី​អចលនទ្រព្យ ក៏​ពង្រីក​បាន​ចំនួន​៦៨០​លាន​ដុល្លារ​ផង​ដែរ​ក្នុង​ខែតុលា​នេះ ចាប់ពី​បរិមាណ​ឱនភាព​ស្មើនឹង​២៦០​លាន​ដុល្លារ​ក្នុង​ខែកញ្ញា ។
ផល​លើស​នៃ​គណនី​ចំណូល​សំខាន់​ជាងគេ​សម្រេច​បាន​៥៩០​លាន​ដុល្លារ​ក្នុង​ខែតុលា ធៀប​នឹង​បរិមាណ​៧៤០​លាន​ដុល្លារ​នៅ​ខែកញ្ញា ។

ក្នុងអំឡុងពេល​១០​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥ ផល​លើស​គណនី​ចរន្ត​មាន​ចំនួន​៨៧,៨៩​ប៊ី​លាន​ដុល្លារ ធៀប​នឹង​បរិមាណ​៦៦,៦៦​ប៊ី​លាន​ដុល្លារ​ក្នុងអំឡុងពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៤ ។

ទន្ទឹម​នឹង​នេះ ផល​លើស​ក្នុង​គណនី​ទំនិញ​បាន​កើនឡើង​១០១,៨២​ប៊ី​លាន​ដុល្លារ​ពី​តួលេខ​៧១,៧៣​ប៊ី​លាន​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំទៅ ខណៈ​ឱនភាព​វិស័យ​សេវាកម្ម ក៏​ពង្រីក​បាន​ពី​៣,៤៨​ប៊ី​លាន​ដុល្លារ​មក​នៅ​១៦,១២​ប៊ី​លាន​ដុ​លា្ល​រ​ផង​ដែរ ៕