ចិន​ចេញ​របាយការណ៍​ថ្មី​មួយ​អំពី​ការ​ប្រែ​ប្រួល​អាកាសធាតុ

ចិន​ចេញ​របាយការណ៍​ថ្មី​មួយ​អំពី​ការ​ប្រែ​ប្រួល​អាកាសធាតុ

ទិដ្ឋភាព​ដែល​ថត​ចេញ​ពី​អង់តែនស្ថានីយ៍​វិទ្យុរបស់ចិន ដែល​បង្ហាញ​ឲ្យ​ឃើញអាប់​ដ៏ក្រាស់​នៅ​ក្នុង​ទីក្រុង​ប៉េកាំង កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥។របាយការណ៍​ថ្មី​មួយ​របស់​រដ្ឋាភិបាល​ចិន​ព្យាករណ៍​អំពី​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ក្នុង​ប្រទេស​ចិន។​ របាយការណ៍នេះ​ ចេញ​ផ្សាយ​ស្រប​ពេល​ដែល​មាន​កិច្ច​ពិភាក្សា​ស្តី​ពី​បញ្ហា​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ទី​ក្រុង​ប៉ារីស។​ ហុងកុង—

របាយការណ៍​ថ្មី​មួយ​របស់​រដ្ឋាភិបាល​ចិន​ព្យាករណ៍​អំពី​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ក្នុង​ប្រទេស​ចិន។​ របាយការណ៍​ដែល​ប្រមូល​ផ្តុំ​មតិ​របស់​អ្នក​វិទ្យាសាស្ត្រ​និង​អ្នក​ជំនាញ​ជាង​៥០០នាក់​ ចេញ​ផ្សាយ​ស្រប​ពេល​ដែល​មាន​កិច្ច​ពិភាក្សា​ស្តី​ពី​បញ្ហា​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ទី​ក្រុង​ប៉ារីស។​

ក្រសួង​វិទ្យាសាស្រ្ត​និង​បចេ្ចកវិទ្យា​របស់​ចិន​បាន​ចេញ​របាយការណ៍​ ៩០០ទំព័រ​មាន​ចំណង​ជើង​ថា​ «របាយការណ៍​ទី៣‍​ស្តីពី​ការ​វាយ​តម្លៃ​ទៅ​លើ​ការ​ប្រែ​ប្រួល​អាកាសធាតុ​ជាតិ»​ ដែល​និយាយ​លម្អិត​អំពី​ផលវិបាក​ធ្ងន់ធ្ងរ​ដែល​បញ្ហា​ឡើង​កម្តៅ​សាកល​មាន​មក​លើ​ប្រទេស​ចិន។​

របាយការណ៍​នេះ​ព្យាករណ៍​ថា​ កម្ពស់​ទឹក​សមុទ្រ​នឹង​កើន​ឡើង​ពី​ ៤០ ទៅ​ ៦០​សង់ទីម៉ែត្រ​ ដែល​ធ្វើ​ឲ្យ​ទីក្រុង​ដ៏​សំបូរ​រុង​រឿង​របស់​ចិន​ដែល​ស្ថិត​នៅ​តាម​ឆ្នេរ​សមុទ្រ​នោះ​ ធ្លាក់​ក្នុង​ហានិភ័យ។​ ការ​រលាយ​ផ្ទាំង​ទឹកកក​និង​ស្រទាប់​ទឹកកក​ក៏​គំរាមកំហែង​ដល់​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​ធំៗ​ដូច​ជា​ ទំនប់​ Three Gorges និង​ផ្លូវ​រថភ្លើង​ដែល​ភ្ជាប់​ទៅ​ ទីបេ​ ដែល​មាន​រយៈ​កម្ពស់​ខ្ពស់​នោះ។​

ចិន​គឺ​ជា​ប្រទេស​ដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ជក់​ច្រើន​បំផុត​នៅ​លើ​ពិភពលោក​ និង​បញ្ចេញ​ផ្សែង​ពុល​ច្រើន​ជាង​សហរដ្ឋអាមេរិក​ស្ទើរ​តែ​ពីរ​ដង។​ លោក​ស្រី​ Li Yan នាយិកា​កម្មវិធី​ Greenpeace ថ្លែង​ថា​ ចិន​ប្រហែល​ជា​អ្នក​ដែល​ទទួល​បាន​ប្រយោជន៍​ច្រើន​ជាង​គេ​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ការ​ប្រែ​ប្រួល​អាកាសធាតុ​ក្នុង​អំឡុង​ពេល​កិច្ច​ពិភាក្សា​នៅ​ទី​ក្រុង​ប៉ារីស។​

«ចំណុច​មួយ​ដែល​មាន​លក្ខណៈ​ជាក់​ច្បាស់​នៅ​ក្នុង​របាយការណ៍​វិទ្យាសាស្ត្រ​ដែល​យក​ជា​ការ​បាន​នោះ​គឺ​ ចិន​បាន​ក្លាយ​ជា​ប្រទេស​មួយក្នុង​ចំណោម​ប្រទេស​ដែល​រង​គ្រោះធំ​បំផុត​ដោយ​សារ​ការ​ប្រែ​ប្រួល​អាកាសធាតុ។​ ហើយ​ការ​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ​គឺ​ជា​ប្រយោជន៍​របស់​ចិន។​ ខ្ញុំ​គិត​ថា​ការ​លើក​ឡើង​នេះ​ត្រូវ​បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​រួច​ទៅ​ហើយ‍»។​

មេដឹកនាំ​ប្រទេស​និង​រដ្ឋាភិបាល​ប្រមាណ​ ១៥០​នាក់​កំពុង​ជួប​ប្រជុំ​នៅ​ទីក្រុង​ប៉ារីស​ក្នុង​សន្និសិទ​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ការ​ប្រែ​ប្រួល​អាកាសធាតុ​ ឬ​ហៅ​ថា​ កិច្ច ប្រជុំ COP21។​

ប្រទេស​ចំនួន​ ១៩៥​ ចង់​ទទួល​បាន​កិច្ច​ព្រមព្រៀង​មួយ​ក្នុង​ការ​ជៀស​វៀង​កុំ​ឲ្យ​កម្តៅ ផែនដី​កើន​ចំនួន​ ២ អង្សា។​ ប្រសិន​បើ​បញ្ហា​នៃ​ការ​ឡើង​កម្តៅ​សាកល​នៅ​តែ​បន្ត​ ចិន​ព្យាករណ៍​ថា​ នឹង​មាន​បញ្ហា​ការ​ធ្វើ​ចំណាក​ស្រុក​តាម​ឆ្លង​ព្រំដែន​ និង​ជម្លោះ​អន្តរជាតិ​ទៅ​លើ​ធនធាន​ទឹក។​ របាយការណ៍​របស់​ចិន​បាន​ឲ្យ​ដឹង​ថា​ ធនធាន​ទឹក​នៅ​ក្នុង​ប្រទេស​ចិន​នឹង​រីង​ ៥ភាគរយ។​

លោក​ Gavin Edwards ប្រធាន​ផ្នែក​អភិរក្ស​នៃ​មូលនិធិ​សត្វព្រៃ​ពិភពលោក​ប្រចាំ​នៅ​ទី​ក្រុង​ហុង​កុង​ ថ្លែង​ថា​ ការ​វាយ​តម្លៃ​តាម​បែប​វិទ្យាសាស្ត្រ​របស់​ចិន​ទាក់ទិន​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​បាន​ផ្តល់​ក្តី​សង្ឃឹម​ដល់​អ្នក​បរិស្ថាន​ថា​ ចិន​នឹង​ជា​អ្នក​នាំ​មុខ​កិច្ច​ប្រជុំ​នៅ​សប្តាហ៍​នេះ។​

«គំនិត​ខ្លះ​ដែល​ពួក​គេ​បាន​លើកឡើង​ បាន​ផ្តល់​ក្តី​សង្ឃឹម​ខ្លះ​ថា​ពួក​យើង​កំពុង​ដើរ​ឆ្ពោះ​ទៅ​កាន់​ទិសដៅ​និង​កន្លែង​ដ៏​ត្រឹម​ត្រូវ​មួយ​ ដែល​យើង​អាច​និយាយ​បាន​ថា​ បាន​បង្ហាញ​ភាព​វិជ្ជមាន​សម្រាប់​ការ​ពិភាក្សា​នៅ​ក្នុង​ទីក្រុង​ប៉ារីស​ផង​ដែរ»។​

ចិន​បាន​ច្រាន​ចោល​កិច្ច​ព្រមព្រៀង ដែលស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​នៅក្នុង​កិច្ច​ប្រជុំ ​COP 15 ក្នុង​ទីក្រុង​ Copenhagen ប៉ុន្តែ​ចាប់​ពី​ពេល​នោះ​មក​ ចិន​បាន​បង្ហាញ​ពី​ការ​ផ្លាស់ប្តូរ​ពី​ជំហ​របស់​ខ្លួន​គួរ​ឲ្យ​កត់​សម្គាល់​ទៅ​លើ​បញ្ហា​ការ​ឡើង​កម្តៅ​សាកល​។​ កាល​ពី​ឆ្នាំ​មុន​ ប្រធានធិបតី​ចិន​លោក​ Xi Jinping បាន​ជួប​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Barack Obama ហើយ​បាន​អះអាង​ថា​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ជក់​របស់​ចិន​នឹងកើន​ដល់​កំពូល​នៅ​ឆ្នាំ​ ២០៣០។​

លោក​ Ma Jun​ អ្នក​បរិស្ថាន​មួយ​រូប​ថ្លែង​ថា​ ចិន​បាន​លេច​ឡើង​ជា​ប្រទេស​មហាអំណាច​នាំ​មុខ​មួយ​ដែល​ខិតខំ​ក្នុង​ការ​កាត់​បន្ថយ​បញ្ហា​ឡើង​កម្តៅ​សាកល​លោក។​

«ចិន​អាច​រក​វិធី​ដើម្បី​ដោះស្រាយ​ឧបសគ្គ​ដែល​រារាំង​ការ​ធ្វើ​ឧស្សាហកម្ម​ ហើយ​និង​ស្វែង​រក​វិធី​ដែល​នាំមុខ​មួយក្នុង​ការ​វាយ​តម្លៃ​ ធ្វើ​ការ​សម្រេច​ចិត្ត​ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​ការ​ប្រែ​ប្រួល​អាកាសធាតុ​ដែល​នឹង​សង្ឃឹម​ថា​នឹង​ជួយ​ជំរុញ​ឲ្យ​ប្រទេស​ដទៃ​ទៀត​និង​តំបន់​នានា​សហការ​ជាមួយ​គ្នា​ដោះ​ស្រាយ​បញ្ហា​នេះ‍»។​
ឆ្នាំ​ ២០១៤ គឺ​ជា​ឆ្នាំ​ដែល​ក្តៅ​បំផុត​នៅ​ក្នុង​កំណត់​ត្រា​ពិភពលោក។​ កិច្ច​ប្រជុំ​ស្តី​ពី​ការ​ប្រែ​ប្រួល​អាកាសធាតុ​នៅ​ទីក្រុង​ប៉ារីស​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​ ១១​ ខែ​ធ្នូ៕

ប្រែ​សម្រួល​ដោយ​ ស្រេង​ លក្ខិណា