កិច្ចប្រជុំ គណៈកម្មាធិការ ព្រំដែន កម្ពុជា-ថៃ ចាប់ផ្តើម នៅដើមឆ្នាំ២០១៦ នៅបាងកក

ភ្នំពេញ៖ កិច្ចប្រជុំគណៈកម្មាធិការ ព្រំដែនកម្ពុជា-ថៃ ដែលហៅកាត់ថា (GBC) នឹងចាប់ផ្តើមនៅចុងខែ មករា ឆ្នាំ២០១៦ខាងមុខ ដោយនឹងលើកអំពីបញ្ហាសន្តិសុខ ការអភិវឌ្ឍន៏ និងការជួយសង្គ្រោះ ប្រជា ពលរដ្ឋ ពីគ្រោះធម្មជាតិផ្សេងៗ នៅតំបន់ព្រំដែននៃប្រទេសទាំងពីរ។

យោងតាមលទ្ធិផល នៃកិច្ចប្រជុំរវាង លោកឧត្តមសេនីយ៍ទោ នី រ៉ាន់ អនុប្រធានមជ្ឈមណ្ឌល សម្រប សម្រួលជាមួយប្រទេសជិតខាង នៃបញ្ជាការដ្ឋានកងទ័ពភូមិន្ទថៃ និងលោកឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការការងារព្រំដែនអគ្គបញ្ជាការ នារសៀល ថ្ងៃទី២ ខែធ្នូ នៅបញ្ជាការដ្ឋានកងទ័ព បានឲ្យដឹងថា ភាគីកម្ពុជា-ថៃនឹងបើកកិច្ចប្រជុំ GBC នៅដើមឆ្នាំ ២០១៦ ដើម្បីពិភាក្សាគ្នាអំពីបញ្ហាសន្តិសុខ និងការអភិវឌ្ឍន៏តាមព្រំដែននៃប្រទេសទាំងពីរ និងការរួម គ្នា ដើម្បីកសាងភូមិតាមតំបន់ព្រំដែនឲ្យក្លាយជា ភូមិមួយផលិតផលមួយជាដើម។

ថ្លែងក្នុងកិច្ចប្រជុំនោះលោក ឧត្តមសេនីយ៍ឯក សៀក សុជាតិ ក៏បានលើកឡើងពីរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ជាពិសេស ការរក្សាសន្តិសុខតាមបណ្តោយព្រំដែន ដែលកន្លងមកកងទ័ពភូមិន្ទថៃ និងកងយោធពលខេមរភូមិន្ទ បានអនុវត្តរួចហើយ នូវការជួបហូបបាយសាមគ្គី និងលេងកីឡាជាមួយគ្នាជាដើមនោះ។

ជាមួយនោះ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ បានគូសបញ្ជាក់អំពីការ ពង្រឹងកិច្ចសហ ប្រតិបត្តិការរវាងកងទ័ពប្រទេសទាំង២ ក្នុងការទប់ស្កាត់មិនអនុញ្ញាតិ ឲ្យមានក្រុមឧក្រិដ្ឋជនជ្រកកោន នៅតំបន់ព្រំដែន និង បានសំណូមពរដល់ភាគីកងទ័ពភូមិន្ទថៃ ក្នុងការដឹកនាំមេបញ្ជាការ កងឯកភាព នៅជាប់តំបន់ព្រំដែន ដើម្បីផ្លាស់ប្តូរ ទស្សនកិច្ចគ្នាទៅវិញទៅមក ក្នុងគោលដៅផ្លាស់ប្តូរបទពិសោធន៏ កិច្ចសហប្រតិបត្តិការ រវាងអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងអគ្គបញ្ជាការកងទ័ពជើងគោក ភូមិន្ទ ថៃឲ្យកាន់តែជិតស្និតថែមទៀតផងដែរ។

ថ្លែងនៅក្នុងជំនួបនោះដែរ លោកឧត្តមសេនីយ៍ទោ នី រ៉ាន់ ក៏បានលើកឡើងអំពីកិច្ចទំនាក់ទំនងល្អ រវាងកងទ័ពប្រទេសទាំង២នាពេលកន្លងមក និង បានសន្យាថា នឹងខិតខំគ្រប់យ៉ាងដើម្បីឲ្យទំនាក់ទំនងរវាង កងទ័ព និង ប្រជាជនប្រទេសទាំង២ មានភាពល្អប្រសើរបន្ថែមទៀតផងដែរ៕