CNRP៖ នីតិទី៥ រដ្ឋសភា បានកំណែទម្រង់ល្អ តាមកិច្ចព្រមព្រៀង នយោបាយ រវាងបក្សទាំងពីរ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ លោកយ៉ែម បុញ្ញឫទិ្ធ បានហៅការកែទម្រង់ក្នុងរដ្ឋសភា សម្រាប់នីតិកាលទី៥ មានលក្ខណៈ ល្អប្រសើរ និងបានគោរពតាមកិច្ចព្រមព្រៀងនយោបាយរបស់គណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភា ថ្ងៃទី២២ កកក្កដា ឆ្នាំ២០១៤ ។

អ្នកនាំពាក្យគណបក្សជំទាស់ និងជាអ្នកនំាពាក្យក្នុងរដ្ឋសភា តំណាងក្រុមភាគតិចសភា បានលើកឡើង នៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា ក្រោយកិច្ចព្រមព្រៀងនយោបាយ រវាងគណបក្សដែលមានអាសនៈនៅរដ្ឋសភា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ គណៈកម្មការចំពោះកិច្ចមួយបានបង្កើតឡើង ដើម្បីធ្វើការសិក្សា ពិភាក្សា ធ្វើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។
លោកថា សេចក្ដីសម្រេច ចំពោះអ្នកនាំពាក្យមាន៖ ទី១- អគ្គលេខាធិការរដ្ឋសភា ជាអ្នកនាំពាក្យរបស់រដ្ឋសភា ទី២- តំណាងរាស្ត្រ ១រូប នៃគណបក្សប្រជាជនកម្ពុជា និងតំណាងរាស្ត្រ ១រូប នៃគណបក្សសង្គ្រោះជាតិ ជាអ្នកនាំពាក្យរបស់តំណាងរាស្ត្រគណបក្សរៀងៗខ្លួន។

លោកបញ្ជាក់ថា «អ្នកនាំពាក្យរបស់រដ្ឋសភា មានតួនាទី និងភារកិច្ចជម្រាបជូនសាធារណជន អំពីព័ត៌មាននានាពាក់ព័ន្ធ នឹងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។ ហើយអ្នកនាំពាក្យរបស់តំណាងរាស្ត្រនៃគណបក្ស មានតួនាទី និងភារកិច្ចផ្សព្វផ្សាយ និងធ្វើការបំភ្លឺជូន សាធារណជន អំពីគោលនយោបាយ និងគោលជំហររបស់គណបក្សនយោបាយរៀងៗខ្លួន»។

អ្នកនំាពាក្យបក្សជំទាស់រូបនេះ ក៏បានលើកឡើងថា កំណែទម្រង់ក្នុងអាណត្តិទី៥ ជាការល្អដែលមានអ្នកនំាពាក្យរដ្ឋសភា មកពីបក្សមានអាសនៈក្នុងរដ្ឋសភា ដែលមិនដែលមានពីមុនមក។ លើសពីនេះ មានអ្នកនំាពាក្យមកពីគណបក្សនយោបាយ ដែលមានអាសនៈក្នុងរដ្ឋសភា ព្រោះថា ចង់មិនចង់គណបក្សនយោបាយ តែងតែមានគោលជំហររៀងៗខ្លួន។ ចំណុចដែលសំខាន់នោះ អ្នកនំាពាក្យត្រូវតែផ្តល់ព័តមាន គ្រប់ជ្រុងជ្រោយជូនសាធារណៈ និងប្រជាជនដែលម្ចាស់ឆ្នោត។

លោក យ៉ែម បុញ្ញឫទ្ធិសង្កត់ធ្ងន់ថា ដោយសារតែមានអ្នកនាំពាក្យ ពីគណបក្សក្នុងរដ្ឋសភានោះ អ្នកនំាពាក្យត្រូវតែធ្វើការពន្យល់ ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់  និងគោលជំហរ និងគោលនយោបាយ របស់គណបក្សនយោបាយរៀងខ្លួន ដែលទោះបីជាគំាទ្រ ឬមិនគាំទ្រ ។

អ្នកនំាពាក្យបក្សទំាងរូបនេះ បានលើកឡើងថា ការផ្តល់ឲ្យមានអ្នកនំាពាក្យមកពីបក្សជំទាស់ជាការល្អ ព្រោះអាចផ្តល់ឱកាស ឲ្យចូលរួមកែទម្រង់ ដែលមានលក្ខខណ្ឌវិជ្ជមាន គឺមិនដូចពេលមុន មានតែការផ្តល់ព័តមានតែម្ខាងនោះទេ។ ជាមួយគ្នានោះដែរ លោកបានសង្ឃឹមថា ក្នុងកំណែទម្រង់ក្នុងរដ្ឋសភានីតិកាលទី៥ ដែលមានកំណែទម្រង់ថ្មីៗនេះ នឹងនាំមកនូវកិស្យានុភាពដល់សភា និងនាំមកនូវការងារក្នុងរដ្ឋសភា កាន់តែមានប្រសិទ្ធភាព  ជាផលប្រយោជន៍សម្រាប់ប្រទេសកម្ពុជា៕

CNRP៖ នីតិទី៥ រដ្ឋសភា បានកំណែទម្រង់ល្អ តាមកិច្ចព្រមព្រៀង នយោបាយ រវាងបក្សទាំងពីរ