មូលនិធិសម្តេច ក្រុមព្រះទទួលការ បណ្តុះបណ្តាល ផ្នែកកសិកម្ម ពីប្រទេសចិន

ភ្នំពេញ៖ ក្រុមគ្រូបង្គោល ឬ សមាជិកនៃមូលនិធិ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ មកពីខេត្ត ចំនួន៦ ទទួលបាន ការបណ្តុះបណ្តាល ផ្នែកកសិកម្មបែបទំនើប ពីមូលនិធិ សន្តិភាព និងការអភិវឌ្ឍន៍មកពីខេត្តយូណាន ប្រទេសចិន ។

លោក ស្រី ស៊ូ ស៊ាវ ស៊ាន (XU XIAO XIAN) អគ្គលេខធិការរង នៃមូលនិធិ សន្តិភាព និងការអភិវឌ្ឍន៍ នៃប្រទេសចិន បានឲ្យដឹង នៅថ្ងៃទី៣ខែធ្នូ នេះថា ដោយសារទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាយូអង្វែងមកហើយ រវាង ប្រជាជន និងប្រទេសទាំងពីរកម្ពុជា-ចិន ហើយមើលឃើញថា កម្ពុជាជាប្រទេសដែលមាន ប្រជាជនជិត៨០ភាគរយ ជាអ្នកប្រកបមុខរបរកសិកម្ម ប៉ុន្តែកសិកម្មនៅប្រទេសនេះមិនទាន់មានភាពទំនើប និងជាកសិ-ឧស្សាហកម្ម នៅ ឡើយ ឬអាចនិយាយបានថា កសិករធ្វើកសិកម្មតាមបែបបុរាណចេះតគ្នាមក ដូច្នេះទើបមូលនិធិ សន្តិភាពនេះ បានបញ្ជូនអ្នកជំនាញចំនួន៤រូបមកពីខេត្តយូណាន ដើម្បីជួយបង្ហាត់បង្ហាញពីរបៀបនិងបទពិសោធន៍ ធ្វើកសិកម្ម បែប កសិ-ឧស្សាហកម្មទំនើបដល់ប្រជាជនកម្ពុជា។

លោកស្រីបន្តថាក្រុមអ្នកជំនាញការមកពីសកលវិទ្យាល័យកសិកម្មវិញ ខេត្តយូណានប្រទេសចិននឹងបង្រៀនកសិករ កម្ពុជា តាមរយៈជនបង្គោលរបស់មូលនិធិសម្តេចក្រុមព្រះនេះនូវប្រធានបទ កសិកម្មបៃតង កសិកម្មទំនើប និងវិធី លក់ផលិតផលកសិកម្ម។

លោកស្រីជឿថា រឿងការនាំផលិតផលកសិកម្មពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិននោះ គឺរដ្ឋាភិបាល នៃប្រទេស ទាំងពីរ បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នារួចទៅហើយ ប៉ុន្តែតាមរយៈការបណ្តុះបណ្តាលនេះទៅកសិករកម្ពុជា នឹងចេះផលិតទំនិញបែបកសិកម្មទំនើប។លោកស្រី រំពឹងថា ផលិតផលកសិកម្មកម្ពុជានឹងរត់ចូលទៅ ទីផ្សារ អន្តរជាតិ បានដោយងាយស្រួល។ យ៉ាងណាក៏ដោយលោកស្រីអះអាងថា បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះ មូលនិធិ សន្តិភាព និងការអភិវឌ្ឍន៍ នៃប្រទេសចិន នឹងបន្តជួយបណ្តុះបណ្តាលដល់កសិករកម្ពុជាជាបន្តបន្ទាប់ទៀត។

តំណាង មូលនិធិសម្តេចក្រុមព្រះ លោក វ៉ាន់ សុធា បានឲ្តដឹងថា កសិករដែលបានមកទទួល ការបណ្តុះបណ្តាល ផ្នែក កសិកម្មទំនើបពីប្រទេសចិនមានចំនួន៣០នាក់ មកពីខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប កំពង់ធំ កណ្តាល និងរាជធានីភ្នំពេញ។

លោកបន្តថា បន្ទាប់ពីផ្អាកសកម្មភាពមួយរយៈមកនេះជាលើកទី១ហើយដែលមូលនិធិសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ទទួលបានការបណ្តុះបណ្តាលពីមិត្តចិន។ តទៅនេះមូលនិធិមានគម្រោងនឹងអនុវត្ តនូវសកម្មភាពមួយ ចំនួនជួយដល់កសិករ ក្នុងនោះបានបានគិតគូររួចហើយសម្រាប់ផ្ចុងផ្តើមដល់កសិករ ពិសេសអ្នកដែលទទួលបាន ការបណ្តុះបណ្តាលនេះ ទាំងធនធាន បច្ចេកទេស និងការរួបរួមគ្នាជាសហគមន៍ធំមួយក្នុងការទទួលយក បច្ចេកទេស ធ្វើកសិកម្មតាមបែបទំនើបនេះ។

សូមបញ្ចាក់ថា មូលនិធិសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ បានបង្កើតឡើងតាំងពីឆ្នាំ១៩៩៣ ក្នុងរជ្ជកាលសម្តេច ក្រុមព្រះធ្វើជា នាយករដ្ឋមន្រ្តីទី១ ពោលគឺក្រោយបោះឆ្នោតឆ្នាំ១៩៩៣មក ហើយមូលនិធិនេះមិនបាន ផ្តោតលើ ការងារ នយោបាយនោះទេ គឺផ្តោតលើកិច្ចការមនុស្សធម៌ កន្លងមកធ្លាប់បានជួយ ជីកស្រះ អណ្តូងទឹក ធ្វើសាលា រៀន មន្ទីរពេទ្យ និងការងារកសិកម្មផងដែរ៕

មូលនិធិសម្តេច ក្រុមព្រះទទួលការ បណ្តុះបណ្តាល ផ្នែកកសិកម្ម ពីប្រទេសចិន

មូលនិធិសម្តេច ក្រុមព្រះទទួលការ បណ្តុះបណ្តាល ផ្នែកកសិកម្ម ពីប្រទេសចិន