ប្រាក់ សុវណ្ណារ៉ា បង្ហាញពីយុទ្ធសាស្ដ្រ និងក្ដីកង្វល់ នៃការជួប ក្រុមម្ចាស់ផ្ទះ វៀតណាម ចុងសប្ដាហ៍នេះ

ភ្នំពេញ៖ ក្រុមបាល់ទាត់ តំណាងឲ្យ ប្រទេសកម្ពុជា បឹងកេតអង្គរ នឹងត្រូវចេញ ដំណើរឆ្ពោះ ទៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅល្ងាចស្អែកនេះ ដើម្បីត្រៀមជួបប្រកួត ជាមួយក្រុមម្ចាស់ផ្ទះ Becamex Binh Doung ក្នុង វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ Toyota Mekong Club Championship 2015 នៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៥ខាងមុខ ។

ជាការត្រៀមខ្លួនប្រកួតដ៏សំខាន់នេះ លោក ប្រាក់ សុវណ្ណារ៉ា បានឲ្យដឹងថា បន្ទាប់ពីបឹងកេត បានយកឈ្នះក្រុម Yangon United របស់មីយ៉ាន់ម៉ា ដោយលទ្ធផល ៣-០ ឡើងវគ្គបន្ដរួចមក បឹងកេត បានបង្កើនការហ្វឹកហាត់ បន្ថែម ជាខ្លាំង ដើម្បីបង្កើនការយល់ចិត្ត ក្នុងក្រុមធ្វើឲ្យទម្រង់លេងកាន់តែល្អ ដើម្បីត្រៀមជួបក្រុម Becamex Binh Doung នៅចុងសប្ដាហ៍នេះ ។

លោកបន្ដថា ខណៈពេលនេះកីឡាករក្រុមបឹងកេត សុទ្ធតែមានសុខភាពល្អ និងមានឆន្ទៈខ្ពស់ក្នុងការប្រកួតវគ្គ ពាក់ កណ្ដាលផ្ដាច់ព្រ័ត្រ នាថ្ងៃខាងមុខ ។ ដោយឡែកបញ្ហាអាកាសធាតុ ឬទីលាននៅប្រទេសវៀតណាម ដោយសារជា ប្រទេស ជិតខាងគ្នា វាមិនមានបញ្ហាចោទ សម្រាប់បឹងកេតឡើយ ប៉ុន្ដែបញ្ហាដែលជាក្ដីកង្វល់នោះ គឺខ្សែប្រយុទ្ធរបស់ ក្រុម Becamex Binh Doung ។

គ្រូបង្វឹកវ័យ៤០ឆ្នាំប្លាយរូបនេះ បានបញ្ជាក់ថាបច្ចុប្បន្នក្រុម Becamex Binh Doung បានគ្រងតំណែងជើងឯកលីក កំពូល វៀតណាម មុនបញ្ចប់រដូវកាលទៅហើយ បន្ទាប់ពីរកបាន ៥២ពិន្ទុច្រើនជាងគេដាច់ ហើយថែមទាំង ជាក្រុម ការពារតំណែងជើងឯកពាន Toyota Mekong Club Championship នេះទៀតផង ។ ជាងនេះទៅទៀត ក្រុមជើងលីក កំពូលវៀតណាមនេះ មានកីឡាករល្អៗជាច្រើន ជាពិសេសខ្សែប្រយុទ្ធតែម្ដង គឺសុទ្ធតែជាកីឡាករឆ្នើម ដែលអាច បង្កើតឱកាស វាយបករកគ្រាប់បានយ៉ាងលឿនក្នុងការប្រកួត ។

លោក ប្រាក់ សុវណ្ណារ៉ា បានបន្ថែមថា ទោះជាយ៉ាងណាក្រុមបឹងកេត ក៏មានធនធានកីឡាករល្អៗ ច្រើនដែរ ប៉ុន្ដែចាំ បាច់លោកត្រូវការពង្រឹង ប្រព័ន្ធការពារឲ្យបានល្អជានិច្ច ដើម្បីទប់ស្កាត់ការវាយបកដ៏លឿន ពីសំណាក់ខ្សែប្រយុទ្ធ ក្រុម Becamex Binh Doung ។ លើសពីនេះលោកជឿជាក់ថា «ជ័យជម្នះក្នុងបាល់ទាត់ គឺកើតឡើងដោយការចេះ សហការគ្នាលេងជាក្រុម ហើយបឹងកេតក៏ដូច្នេះដែរ គឺត្រូវមានស្មារតីសាមគ្គីប្រយុទ្ធរួមគ្នា ទើបអាចយកឈ្នះ លើគូប្រជែងបាន» ៕

ប្រាក់ សុវណ្ណារ៉ា បង្ហាញពីយុទ្ធសាស្ដ្រ និងក្ដីកង្វល់ នៃការជួប ក្រុមម្ចាស់ផ្ទះ វៀតណាម ចុងសប្ដាហ៍នេះ

ប្រាក់ សុវណ្ណារ៉ា បង្ហាញពីយុទ្ធសាស្ដ្រ និងក្ដីកង្វល់ នៃការជួប ក្រុមម្ចាស់ផ្ទះ វៀតណាម ចុងសប្ដាហ៍នេះ