១១ ខែ​ក្នុង​ឆ្នាំ​២០១៥ គ្រោះថ្នាក់​ចរាចរណ៍ បានសម្លាប់​មនុស្ស ២.២៦៥ នាក់

ភ្នំពេញ: របាយការណ៍​របស់​ប៉ូលិស​ចរាចរណ៍ បង្ហាញថា ក្នុង​រយៈពេល ១១​ខែ ក្នុង​ឆ្នាំ​២០១៥​នេះ ចំនួន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ មាន​ចំនួន ២.២៦៥ នាក់ គឺមាន​ការកើនឡើង ១១៧ នាក់ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៤​។ ក៏ប៉ុន្តែ​ក្នុង​រយៈពេល ១១ ខែ​ក្នុង​ឆ្នាំ​២០១៥ ករណី​គ្រោះថ្នាក់​ចរាចរណ៍ មានការ​ថយចុះ យ៉ាងហោចណាស់ ៥​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៤​។​

​របាយការណ៍​បង្ហាញថា ការកើនឡើង​នៃ​ចំនួន​អ្នកស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​រយៈពេល ១១ ខែ ក្នុង​ឆ្នាំ​២០១៥ នេះ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតមានឡើង នាពេល​កន្លងមក កើត​ឡើងលើ​ជនរងគ្រោះ​មាន​ចំនួន​ច្រើន​នាក់ ក្នុង​មួយ​ករណីៗ ដូចជា​ករណី​រថយន្ត​ដឹក​កម្មករ​នៅក្នុង​ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង និង​គ្រោះថ្នាក់ នៅ​ឧ​ត្ត​មានជ័យ ជាដើម​។​

​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវបាន​ប៉ូលិស​លើកឡើងថា ដោយសារតែ​ការបើកបរ មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍ គំនូស សញ្ញា​ចរាចរណ៍ បើកបរ​លើស​ល្បឿន​កំណត់ បើកបរ​ខ្វះ​ការយោគយល់​អា​ធ្យា​ស្រ័យ និង​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ជាដើម​។​

​សូម​រម្លឹកថា គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ឆ្នាំ​២០១៤ បានសម្លាប់​មនុស្ស ចំនួន ២.១៤៨ នាក់​។ ចំនួន​នេះ មានការ​កើនឡើង ២៤៧ នាក់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៣ ដែលមាន​ចំនួន ១.៩០១ នាក់​ប៉ុណ្ណោះ​។​

​របាយការណ៍​ប្រចាំឆ្នាំ​២០១៤ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០១៤ មាន​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​ចំនួន ៤.៨៤០ លើក បើ​ធៀប​នឹង​ឆ្នាំ​២០១៣ មាន ៤.៣២២ លើក កើនឡើង ៥១៨ លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ចំនួន ២.១៤៨ នាក់ (​ជនបរទេស ២២ នាក់​) រងរបួស ចំនួន ៨.០៥៧ នាក់ លើ ៧.២០៨ នាក់ កើនឡើង​ចំនួន ៨៤៩ នាក់ (​ជនបរទេស ១៥៤ នាក់​) របួសធ្ងន់ ៦.៦៥៤ នាក់ លើ ៤.២០៥ នាក់ កើនឡើង ៤៤៩ នាក់ និង​របួសស្រាល​ចំនួន ៣.៤០៣ នាក់ លើ ៣.០០៣ នាក់ កើនឡើង​ចំនួន ៤០០ នាក់​៕​

១១ ខែ​ក្នុង​ឆ្នាំ​២០១៥ គ្រោះថ្នាក់​ចរាចរណ៍ បានសម្លាប់​មនុស្ស ២.២៦៥ នាក់
គ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលកន្លងមក