​ម៉ូតូ​២​គ្រឿង ព្រលះ​គ្នា របួសធ្ងន់​ស្រាល​២​នាក់ នៅ​ផ្លូវ​ឧកញ៉ា ទេព ផន​

ភ្នំពេញ​: យុវជន​ម្នាក់ ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន បាន​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត ដែល​ជិះ​ពីមុខ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ និង​ស្រាល​២​នាក់​
​កាលពី​វេលា​ម៉ោង ៨ យប់​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥ នៅមុខ​ស្នាក់ការ​កង​អាវុធហត្ថ​ខណ្ឌទួលគោក ផ្លូវ​ឧកញ៉ា ទេព ផន ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ។​
 
​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ សោម ស៊ីណា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​ខ្វាន់​មាស ឃុំ​ពត់​សរ ស្រុក​បាទី ខេត្តតាកែវ ។

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ ដែល​បានឃើញ​ហេតុ បានអោយដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​មាន​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា សេ​១២៥ ស៊េរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FF.6470 ជិះ​ដោយ​បុរស​ម្នាក់ ក្នុង​ល្បឿន​ល្មម​។ ខណៈពេល​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន ម៉ូតូ​មួយគ្រឿង​ទៀត​ ម៉ាក ហុងដា វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 1B.7532 ជិះ​ដោយ​យុវជន​ម្នាក់ ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន ជ្រុល​ទៅបុក​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​ម៉ូតូ​ទាំងពីរ​គ្រឿង គាប​ជាប់​គ្នា និង​ម្ចាស់​ម៉ូតូ ហុងដា សេ​១២៥ រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​សាមុយ ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ រីឯ​ម្ចាស់​ម៉ូតូ​ហុងដា​វ៉េវ រងរបួស​ស្រាល​។​

​ក្រោយពេល​បង្កហេតុ​រួច ម្ចាស់​ម៉ូតូ​ហុងដា​វ៉េវ បាន​ងើប រត់គេចខ្លួន​បាត់ ទុក​ម៉ូតូ​ចោល នៅនឹងកន្លែង ។ ជនរងគ្រោះ ត្រូវបាន​រថយន្ត​សាមុយ ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ។ ចំណែកឯ​ម៉ូតូ ទាំងពីរ​គ្រឿង ត្រូវបាន​សមត្ថកិច្ច​ជំនាញ វាស់វែង​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌទួលគោក ៕V​