ទើប​ចេញពី​គុក​ ជិះ​កង់​ចូល​លួច​កាបូប​​​ក្នុង​ភោជនីយដ្ឋាន​មិត្តភាព ​ត្រូវ​​ប៉ូលិស​ចាប់ដាក់​គុក​វិញ

រាជធានី​ភ្នំពេញ​ ៖ ​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន ​កាលពី​វេលា​ម៉ោង​៥​ និង​១០​នាទី​ទៀប​ភ្លឺ ​ថ្ងៃ​ទី​៣  ធ្នូ  ​២០១៥​ បន្ទាប់​ពី​ជិះ​កង់​ចូល​លួច​កាបូប​នៅ​ក្នុង​ភោជនីយដ្ឋាន​មិត្តភាព​ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៦ ​ក្នុងភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា​រ ហើយ​ត្រូវ​បាន​ម្ចាស់​ដឹងខ្លួន​ទាន់​ស្រែក​ឆោឡោ​។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួនឈ្មោះ​ឈាង ប៉ូ​ ភេទ​ប្រុស ​អាយុ​៣៣​ឆ្នាំ​  មុខ​របរ​ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ​មានស្រុក​កំណើត​នៅ​ភូមិ​សំព័រ ឃុំ​តា​អុង ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​។​ នៅ​ពេល​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បាន​ទូរស័ព្ទ​៣គ្រឿង​ ​​កាបូប​មាន​លុយ​៣.០០០​រៀល​ និងកង់​មួយ​គ្រឿង​។

តាម​សមត្ថកិច្ច​នគរបាល​បានឱ្យ​ដឹង​ថា​ នៅ​មុនពេល​កើតហេតុ ​​ជនសង្ស័យ​បាន​ជិះ​កង់​តែ​ម្នាក់ឯង​ចូល​ទៅ​ក្នុង​ហាង​មិត្តភាព​ ហើយ​បានឃើញ​កាបូ​ប​លុយ​ទុក​លើ​ប៉ៅ​អ៊ី​ដាក់​លើ​ក្បាល​ដំណេក ​ជនសង្ស័យក៏​បាន​ធ្វើ សកម្មភាព​លួច​បាន​សម្រេច​ និង​ជិះ​កង់​ចេញ​។​

ខណៈនោះ​ត្រូវ​ម្ចាស់​កាបូប​ភ្ញាក់​ដឹងខ្លួនទាន់ដឹង​បាត់កាបូប ហើយ​ឃើញ​ជនសង្ស័យកំពុង​ជិះ​កង់​ចេញ​ទៅ​​ក៏​ស្រែក​ចោ​រៗបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​។ ភ្លាម​ៗ​ជនសង្ស័យ​បាន​ជិះ​កង់​គេចខ្លួន​ត្រូវ​បាន​កម្លាំង​នគរបាល​ដែល​ជិះ​ល្បាតឃាត់ខ្លួនបាន​ភ្លាម​ៗ​ដែរ​​។

​តាម​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ​បានឱ្យ​ដឹង​ថា កន្លង​មក​រូបគេ​ធ្លាប់​ធ្វើ​សកម្មភាព​លួច​ជា​ច្រើន​លើក​មក​ហើយ និង​ធ្លាប់​ជាប់គុក ។​ បន្ទាប់​ពី​ចេញពី​គុក កាលពី​៦​ថ្ងៃមុន​ រូបគេ​បាន​ចូល​ទៅ​លួច​​ទូរស័ព្ទ​៣​គ្រឿង​នៅ​ផ្សារ​ឃ្លាំង​រំសេវ​ និង​ធ្វើ​សកម្មភាព​លួច​កាបូប​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង​៕​