ជួសជុល​បង្កាន់ដៃ​នាគ​នៃ​ប្រាសាទអង្គរវត្ត ត្រូវ​បាន​អ្នកជំនាញ​កំពុង​រៀបចំ

ខេត្តសៀមរាប ៖ ក្រុម​អ្នកជំនាញ​របស់​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​រៀបចំ​ជួសជុល​បង្កាន់ដៃ​នាគ​ និង​ជើង​ទម្រ​នៅ​រានហាល​ពី​ខ្លោងទ្វារ​តា​រាជ្យ​ទៅ​ក្តារបែន នៃ​ប្រាសាទអង្គរវត្ត ដែល​មាន​ប្រវែង​ម្ខាង​ៗ៣១៥​ម៉ែត្រ ។ គម្រោង​នេះ​កំពុង​តែ​ដាក់​ឆ្លង​គណៈកម្មាធិការ​អន្តរជាតិ សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ ក្នុង​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​២៥​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ ។

លោក សយ សុភា​រិ​ន្ទ ក្នុង​បទ​បង្ហាញ​ទៅ​កាន់​គណៈកម្មាធិការ អាយ​ស៊ី​ស៊ី​-​អង្គរ ព្រឹក​មិ​ញ​នេះ បាន​បញ្ជាក់​ថា ជើង​ទម្រ​បង្កាន់ដៃ​នាគ​នៅ​លើរាន​ហាល​ពី​តា​រាជ្យ​ទៅ​ក្តារបែន​ខាងលិច នៃ​ប្រាសាទអង្គរវត្ត សរុប​ទាំងអស់​មាន​ចំនួន​៣៨៥ ក្នុង​នោះ​ជើង​ទម្រ​ដើម​ដែល​ធ្វើ​ពី​ថ្មភក់​នៅ​សល់​១៩១​ជើង​ទម្រ ដែល​ធ្វើ​ពី​ស៊ីម៉ង់ត៍​ចំនួន​៤៨​ដើម ជើង​ទម្រ​ធ្វើ​ពី​ថ្មបាយក្រៀម​ចំនួន​៧៧​ដើម និង​ជើង​ទម្រ​សសរ​បេតុង​ទ្រ​ខ្លួន​នាគ​មាន​ចំនួន​៦៩​ដើម ។ ជើង​ទម្រ​ថ្មី​ៗ​ទាំងនេះ​ភាគច្រើន​ត្រូវ​បាន​ជួសជុល និង​ដាក់​ជំនួស​ក្នុង​សម័យ​បារាំង ។

លោក សយ សុភា​រិ​ន្ទ បញ្ជាក់​ទៀត​ថា សសរ​បេតុង​២​ដើម​ដែល​ប្រើ​សម្រាប់​ទ្រ​ក្បាល​នាគ​នឹង​ត្រូវ​ដក​ចេញ ចំណែក​ជើង​ទម្រ​ថ្មបាយក្រៀម​ដែល​បូក​ដោយ​ស៊ីម៉ង់ត៍​ចំនួន​២​ដើម និង​ជើង​ទម្រ​១​ដែល​ចាក់​ពី​ស៊ីម៉ង់ត៍ ដែល​ស្ថិត​នៅ​ត្រង់​កែង​ចម្លាក់​ក្បាល​នាគ នឹង​ត្រូវ​ផ្លាស់​ចេញ​ ដោយ​ជំនួស​មក​វិញ​នូវ​ជើង​ទម្រ​ដែល​ធ្វើ​ពី​ថ្មភក់ ។

គួរ​បញ្ជាក់​បន្ថែម​ថា សម្រាប់​ការងារ​ជួសជុល​ជា​បន្តបន្ទាប់​ខាង​មុខ រហូត​មក​ដល់​ពេល​នេះ​ក្រុម​អ្នកជំនាញ​បាន​ត្រៀម​ជើង​ទម្រ​ចំនួន​៧៧​ដើម ដែល​ក្នុង​នោះ​៤២​ដើម​បាន​ឆ្លាក់​រួចរាល់ និង​៣៥​ដើម​ទៀត​កំពុង​រៀបចំ​នៅឡើយ ៕