ម៉ូតូ​២​គ្រឿង​សាក​កម្លាំង​​គ្នា​ របួស​ធ្ងន់​៤នាក់​នៅ​ក្រុង​ស្ទឹង​ត្រែង​

ខេត្តស្ទឹងត្រែង ​៖ មនុស្ស​​៤​នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​សន្លប់​ស្តូកស្តឹង​​លើកំណាត់​ផ្លូវ​លេខ​៦៤​​ ស្ថិត​ក្នុងភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង កាលពី​វេលា​ម៉ោង១២ ​និង​១៥​នាទី​​​រំលង​អធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​៣ ​ធ្នូ ​​២០១៥ ដោយសារ​ស្រវឹង​ជិះ​ម៉ូតូ​ទៅ​បុក​ជាមួយ​ម៉ូតូដូច​គ្នា ​​។

​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ​ហេតុ​ការ​ណ៍គ្រោះថ្នាក់​ចរាច​ណ៍​ខាងលើ​នោះ​ គេ​មិន​ឃើញ​​មន្ត្រី​សមត្ថកិច្ច​ណា​ទៅ​មើល​ និង​សង្គ្រោះ​ជន​រង​គ្រោះ​ទាំងនោះឡើយ រហូត​ដល់​វេលា​ទៀប​ភ្លឺ​ទើប​មាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​និង​តាមដាន​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជន​រង​គ្រោះ​។

​ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ខាង​លើ​មាន​ប្រភព​ព័ត៌មាន​មួយទៀត​និយាយ​​​ថា​ ​​យុវជន​ម្នាក់ក្នុង​ចំណោម​យុវជន​ដែល​រង​គ្រោះ​សន្លប់​នោះ​និយាយ​ថា ​មិន​ឲ្យ​អ្នក​ណា​លើ​កម៉ូតូ​ចេញពី​កន្លែង​កើតហេតុ​នោះ​ទេ​រក្សា​ទុក​រង់ចាំ​សមត្ថកិច្ច​ធ្វើការវាស់វែង​ទើប​អាច​ឲ្យ​លើក​ ហេតុ​ដូច្នេះ​ហើយបាន​ជា​​ម៉ូតូ​ទាំង​២​គ្រឿង​នោះ​ត្រូវ​នៅ​កណ្តាលផ្លូវ​ចាប់តាំងពី​កើតហេតុ​រហូត​ដល់​ទល់​ភ្លឺ​​។

មន្ត្រី​នគរបាល​ចរាច​ណ៍​ជើង​គោក​ឲ្យ​ដឹង​ថា ​ហេតុ​ការ​ណ៍គ្រោះថ្នាក់​ចរាច​ណ៍​ខាងលើ​នេះកើតឡើងដោយសារ​អ្នក​​បើកបរ​មិន​គោរព​ច្បាប់​ចរាច​ណ៍​ ក្នុង​នោះ​ ម៉ូតូ​ម៉ាក​វ៉េវ​អាល់ហ្វា​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​ បើកបរ​ដោយ​ឈ្មោះ ហ៊ឹ​ម ពេជ្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ឌុ​ប​មនុស្ស​លើស​ចំនួន​កំណត់ ​និង​ក្នុង​ស្ថានភាព​ស្រវឹង ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត ម៉ាក​ធូ​ដេ​ បើកបរ​ដោយ​ឈ្មោះ​កេ​ប នូ​រ៉ា ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ ​​មាន​កំហុស​បើក​​​មិន​ប្រកាន់​ស្តាំ​៕

    ​​