កូរ៉េ​ខាងត្បូង​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​វៀតណាម

ប្រទេស​វៀតណាម ៖ កាលពី​ថ្ងៃ​ចន្ទ​នេះ រដ្ឋសភា​ជាតិ​របស់​កូរ៉េ​ខាងត្បូង​បាន​យល់ព្រម​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជា​ផ្លូវការ​មួយ​ជាមួយ​ប្រទេស​វៀតណាម ។

តាម​រយៈ​កិច្ចព្រមព្រៀង​នេះ វៀតណាម​នឹង​លុប​ចោល​តារាង​ពន្ធ​ទំនិញ​៨៩,៩% លើ​មុខទំនិញ​ផ្សេង​ៗ​ដូច​ជា វត្ថុធាតុដើម​ប្លា​ស្ទិ​ក សម្លៀក​បំពាក់ ស្បែកជើង គ្រឿងបន្លាស់​រថយន្ត គ្រឿង​ម៉ាស៊ីន និង​គ្រឿងចក្រ​ដែល​នាំ​ចូល​ពី​ប្រទេស​កូរ៉េ​ខាងត្បូង ក្នុង​រយៈពេល​១៥​ឆ្នាំ ។

កូរ៉េ​ខាងត្បូង​នឹង​លុប​បំបាត់​ពន្ធ​៩៥,៤% លើ​មុខទំនិញ​នាំ​ចូល​ពី​វៀតណាម​ក្នុងអំឡុងពេល​ដូច​គ្នា​ផង​ដែរ ក្នុង​នោះ​មាន​ផលិតផល​បង្គា ត្រី ផ្លែ​ឈើ សម្លៀក​បំពាក់ វាយ​នភ័ណ្ឌ ឈើ និង​គ្រឿងចក្រ ។

យោង​តាម​របាយការណ៍​ផ្លូវការ​បង្ហាញ​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ បាន​កើនឡើង​ក្នុង​អត្រា​ប្រចាំឆ្នាំ​ជា​មធ្យម​២០% ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ក្នុង​ឆ្នាំ​១៩៩២ បណ្តា​ប្រទេស​ជា​ច្រើន​បាន​បង្កើត​នូវ​ទំនាក់ទំនង​ការទូត​ក្នុង​រូបភាព​ពាណិជ្ជកម្ម​ទ្វេភាគី ដែល​មាន​ទំហំ​ទឹកប្រាក់​៥០០​លាន​ដុល្លារ អា​មេ​រិ​ក ។ ចំណែក​រយៈពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥ ពាណិជ្ជកម្ម​រវាង​ប្រជាជាតិ​ទាំង​ពីរ​ស្មើនឹង​ជាង​២៧​ប៊ី​លាន​ដុល្លារ ។

បច្ចុប្បន្ន កូរ៉េ​ខាងត្បូង​គឺជា​អ្នក​នាំ​ចេញ​ទៅ​កាន់​វៀតណាម​ធំ​ជាងគេ​បំផុត​ទី​៥ ហើយ​ក៏​ជា​អ្នក​នាំ​ចូល​ធំ​ជាងគេ​ទី​២​នៃ​ផលិតផល ឬ​ទំនិញ​របស់​វៀតណាម​ផង​ដែរ ។
លោក​អនុរដ្ឋមន្ត្រី Hoang Trung Hai បាន​ថ្លែង​ក្នុង​អង្គ​មហា​ស​និ្ន​បាត​សេដ្ឋកិច្ច​កូរ៉េ​ខាងត្បូង​-​វៀតណាម នៅ​ទីក្រុង​ហាណូយ​កាលពី​ខែវិច្ឆិកា​ថា ៖ «​ភាគី​ទាំង​ពីរ​បាន​សម្លឹង​ឃើញ​សក្តានុពល​ជា​ច្រើន​នៃ​កិច្ច​សហប្រតិបត្តិការ​នេះ​» ។

កូរ៉េ​ខាងត្បូង គឺជា​វិនិយោគិន​បរទេស​ធំ​ជាងគេ​បំផុត​របស់​វៀតណាម ដែល​មាន​មូលធនវិនិយោគ​ចុះបញ្ជី​ចំនួន​៣៧,២​ប៊ី​លាន​ដុល្លារ​នៅ​ដំណាច់ឆ្នាំ​២០១៤ ។ នៅ​ក្នុងអំឡុងពេល​១០​ខែ​ដំបូង កូរ៉េ​ខាងត្បូង​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១​ជា​ថ្មី​ម្តងទៀត ដែល​មាន​ទំហំ​ទឹកប្រាក់​វិនិយោគ​ស្មើនឹង​៦,២​ប៊ី​លាន​ដុល្លារ ។

បណ្តា​សហគ្រាស​ធំ​ៗ​របស់​វៀតណាម​ដូច​ជា PetroVietnam Drilling Mud Corporation , Ha Noi Trade Corporation, ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ Vingroup និង​ក្រុមហ៊ុន​ចំនួន​១៤​ផ្សេង​ទៀត បាន​ជួប​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​កូរ៉េ​កាលពី​ខែកញ្ញា​មុន​នេះ​នៅ​ទីក្រុង​សេ​អ៊ូ​ល តាម​ការ​អញ្ជើញ​ពី​ទីភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​របស់​កូរ៉េ​ខាងត្បូង​។

គេ​រំពឹង​ទុក​ថា រោងចក្រ​អគ្គិសនី​នឹង​អាច​ជំរុញ​គម្រោង​កិច្ច​សហប្រតិបត្តិការ​ឆ្ពោះទៅ​មុខ បាន ដែល​មាន​ទំហំ​ទឹកប្រាក់​១​ប៊ី​លាន​ដុល្លារ ។

គួរ​រំឭក​ផង​ដែរ​ថា រដ្ឋសភា​កូរ៉េ​ខាងត្បូង ក៏​បាន​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន និង​ណូ​វែ​ល​សូ​ឡង់​ផង​ដែរ កាលពី​ថ្ងៃ​ចន្ទ​នេះ ៕