ស្ត្រី​២​នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​ចូល​វាយ​​ដល់​ក្នុង​ផ្ទះ​​​ទាំង​យប់ ព្រមទាំង​ប្រើ​ម្ជុល​ពេទ្យ​ចាក់​របួស​៣​កន្លែង

ខេត្ត​ត្បូងឃ្មុំ ៖ ជន​ពុំ​ស្គាល់​មុខ​២​នាក់​ប្រុស​ម្នាក់​ស្រី​ម្នាក់ បាន​ចូល​ទៅ​ប្រើ​អំពើ​ហិង្សា​វាយ​ទៅ​លើ​ស្ត្រី​២​នាក់ ដែល​កំពុង​តែ​ដេក​នៅ​ក្នុង​ផ្ទះ​ឡើង​ខៀវ​ភ្នែក និង​ថែម​ទាំង​បាន​យក​ម្ជុល​ស៊ី​រាំង​ចាក់​ត្រូវ​ពោះ​ថែម​ទៀត ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្ទើ​ល​កាលពី​វេលា​ម៉ោង​៤ និង​១០​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​៣ ធ្នូ ២០១៥ ស្ថិត​នៅ​ភូមិ​សំពៅ​ផុស​ថ្មី ឃុំ​ជី​រោ​ទិ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​សួរនាំ និង​បាន​ពិនិត្យ​កន្លែង​កើតហេតុ​ផង​ដែរ ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ប្រាប់​ឲ្យ​ដឹង​ថា ត្រង់​ចំណុច​ផ្ទះ​របស់​ស្ត្រី​រង​គ្រោះ​ឈ្មោះ ពាង ស្រី​អូន នៅ​ភូមិ​-​ឃុំ​ខាងលើ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ មាន​គ្នា​យ៉ាងតិច​ក៏​២​នាក់ បាន​ធ្វើ​សកម្មភាព​វាយ​ទាត់​ធាក់ ព្រម​ទាំង​​បាន​ប្រើ​ម្ជុល​ស៊ី​រ៉ាង​ពេទ្យ​ចាក់​ស្ត្រី​រង​គ្រោះ​ឈ្មោះ ស្រី​អូន ហៅ​ឡី ភេទ​ស្រី អាយុ​២៩​ឆ្នាំ និង​បាន​វាយ​ទៅ​លើ​ឈ្មោះ ឡេ​ង ស្រី ភេទ​ស្រី អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដូន​កឹង ឃុំ​ដូន​កឹង ស្រុក​កំចាយមារ ខេត្តព្រៃវែង មាន​ស្នាម​ត្រូវ​របួស​លើ​ផ្ទៃមុខ ដោយ​ក្រចក​ក្រ​ញ៉ៅ​ជា​ច្រើន​កន្លែង ។

លោក​អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​ល្ងាច​ថ្ងៃ​ទី​២ ធ្នូ ឈ្មោះ ស្រី​អូន បាន​ទៅ​ចូលរួម​មង្គលការ​អ្នក​ភូមិ​ម្រាម​ទា​ឃ ឃុំ​ជី​រោ​ទិ៍​ទី​២ លុះ​ប្រហែល​ម៉ោង​៧​យប់​ទើប​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​បាន​ទាញ​ទ្វារ​បិត​ត្រឹមត្រូវ​ដេក​តែ​គ្នា​២​នាក់​ជាមួយនឹង​បងស្រី​ជូន​មួយ​ស្រី​ឈ្មោះ ឡេ​ង ស្រី បន្ទាប់​មក​ក៏​ស្រាប់តែ​មាន​ជន​មិន​ស្គាល់​មុខ​បាន​នាំ​គ្នា​មក​ចូល​វាយ​យ៉ាង​ចាស់​ដៃដល់​ក្នុងផ្ទះ​តែ​ម្តង រួច​បាន​នាំ​គ្នា​រត់គេច​ខ្លួន​ចេញ​ទៅ​ក្រៅ​វិញ ចំពោះ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​មិន​ត្រូវ​បាន​ក្រុម​ទាំងនោះ​យក​ឡើយ ។

ស្ត្រី​រង​គ្រោះ ពាង ស្រី​អូន បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា ចំពោះ​ជន​ដែល​បាន​ធ្វើ​សកម្មភាព​វាយ​រូប​គាត់​នោះ​គឺជា​មនុស្ស​ស្រី ស្លៀកពាក់​ខោអាវ​ខ្មៅ បាន​វាយ​ទាត់​ធាក់ ថែម​ទាំង​បាន​យក​ម្ជុល​មក​ចាក់​លើ​គាត់​បណ្តាល​ឲ្យ​រង​របួស​ចំនួន​៣​កន្លែង ។ ស្ត្រី​រង​គ្រោះ​បន្ត​ថា កាល​ពី​រសៀល​ថ្ងៃ​ទី​២ ធ្នូ គាត់​បាន​មាន​ទំនាស់​ជាមួយនឹង​ប្រពន្ធ​របស់​មន្ត្រី​ទាហាន​ម្នាក់​នៅ​ថ្នល់ទទឹង​ពី​រឿង​លុយ​កាត់ រហូត​ដល់​ពេល​យប់​ក៏​កើត​មាន​អំពើ​ហឹ​ង្សា​ខាងលើ​តែ​ម្តង ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ ឡេ​ង ស្រី បាន​បំភ្លឺ​ថា ចំពោះ​ជន​ដែល​បាន​ធ្វើ​សកម្មភាព​វាយ​មក​លើ​រូប​គាត់​នោះ​ជា​មនុស្ស​ប្រុស​មាន​មាឌ​រាង​ស្គម ពាក់អាវ​ខ្មៅ​ខោជើងវែង ខណៈ​ពេលដេក​នៅ​ក្នុង​បន្ទប់​តែ​ម្នាក់ឯង​នៅ​ជាន់​ខាងលើ ចំណែក​ប្អូនស្រី​ឈ្មោះ ស្រី​អូន វិញ​ដេក​នៅ​ជាន់​ខាងក្រោម ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន បញ្ជាក់​ថា ចំពោះ​មូលហេតុ​ខាងលើ​នេះ​គេ​មិន​ទាន់​ដឹង​ថា តើ​អំពើ​ហិង្សា​នេះ​ផ្តើម​ចេញពី​អ្វី​ឲ្យ​បាន​ច្បាស់លាស់​នៅឡើយ​ទេ ។ ក្រោយ​កើតហេតុ​ជំនាញ​ព្រហ្មទណ្ឌ​បាន​ចុះ​ទៅ​ដល់​ផ្ទះ​កើតហេតុ ពិនិត្យ​តាម​ទ្វារ និង​របង​បេតុង មិនឃើញ​មាន​ស្នាម​ជើងមនុស្ស​ឡើង​នោះ​ទេ រូប​លោក​នឹង​បន្ត​អង្កេត​ករណី​នេះ​បន្ថែម​ទៀត ដើម្បី​ឈាន​រក​ការ​ពិត ៕