កម្មវិធី ទូរទស្សន៍ថ្មី ក្លាហាន៩ បើកសម្ពោធ ជាផ្លូវការ

ភ្នំពេញ៖ កម្មវិធីទូរទស្សន៍ថ្មីក្លាហាន៩ ដែលត្រូវបានបង្កើតឡើង បន្ទាប់ពី ឡូយ៩ និង ស្នេហ៍៩ ដែលកំពុងទទួលការគាំទ្រ ពីស្រទាប់យុវវ័យ បានបើកសម្ពោធជាផ្លូវការហើយ ដែលក្លាហាន៩ នេះនឹងផ្តល់ជូននូវកម្មវិធីកម្សាន្ត ព័ត៌មាន ដែលមានលក្ខណៈ ជាប្រព័ន្ធផ្សព្វផ្សាយបែបចម្រុះ នៅលើទូរទស្សន៍ វិទ្យុ និងប្រព័ន្ធអ៊ីនធ័រណេត។

កម្មវិធីក្លាហាន៩ បង្កើតឡើងដោយអង្គការ BBC ក្នុងគោលបំណងគាំទ្រដល់យុវជនកម្ពុជា ដើម្បីធ្វើឲ្យជីវិតរបស់ពួកគេ មានភាពប្រសើរឡើង តាមរយៈការផ្តល់នូវព័ត៌មាន ពីឱកាសនិងសុវត្ថិភាពការងារ ការចរចាជាមួយគ្រួសារ និងអ្នកសម្រេចចិត្ត ផ្សេងទៀតជុំវិញបញ្ហាការងារ ។

ឯកអគ្គរាជទូត ស៊ុយអែតប្រចាំកម្ពុជា លោកស្រី  Anna Maj Hultgard ក្នុងកម្មវិធីសម្ពោធក្លាហាន៩ កាលពីល្ងាច ថ្ងៃទី២ខែធ្នូ បានថ្លែងថា កម្មវិធីនេះ តែងតែបង្ហាញប្រជាជនវ័យក្មេងកម្ពុជាទាំងអស់ពីដំណើរ ការដែលស្ថានទូតស៊ុយអ៊ែតតែងស្វែងរក និងផ្ដល់នូវការគាំទ្រ ។ កម្មវិធីមានបំណង ជួយសម្រួលដល់អន្តរកាល ដល់យុវជនវ័យក្មេង ឆ្ពោះទៅកាន់ការងារដំបូងរបស់ពួកគេ ហើយរឿងនេះមានសារសំខាន់ ខ្លាំងណាស់ ។

លោកស្រីបន្តថា “ប្រទេសស៊ុយអែតកំពុងតែ កសាងទំនាក់ទំនងយ៉ាងធំធេង ជាមួយប្រទេសកម្ពុជា ហើយពួកយើងគាំទ្រយុវជនកម្ពុជា ជាពិសេសយុវនារីវ័យក្មេង ដែលជាអនាគតនៃប្រទេសកម្ពុជា ដើម្បីសម្រេចបាននូវបំណងរបស់ខ្លួន អ្នកត្រូវខិតខំប្រឹងប្រែងទាំងសិក្សា និងធ្វើការដើម្បីអនាគតរបស់អ្នក”។

អ្នកស្រី Setsuko Yamazaki នាយកប្រចាំប្រទេស អង្គការ UNDP បានថ្លែងដែរថា “កម្មវិធីក្លាហាន៩  បង្កើតឡើងដើម្បីជួយយុវជនកម្ពុជា កសាងទំនុកចិត្ត ក្នុងការវិនិច្ឆ័យធ្វើអ្វីមួយ ឲ្យមានភាពល្អប្រសើរ” ។

កម្មវិធីនេះ មានផ្សាយតាមវិទ្យុរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ១ដល់ម៉ោង២ រសៀលតាមរយៈវិទ្យុ FM103 MHz និងបន្តផ្សាយទៅ ស្ថានីយផ្សេងៗ តាមបណ្ដាខេត្តមួយចំនួនទៀតហើយ តាមទូរទស្សន៍នឹងចាក់ផ្សាយ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ លើកញ្ចក់ទូរទស្សន៍ My Tv នាម៉ោង៧យប់និងចាក់ផ្សាយឡើងវិញ នៅថ្ងៃព្រហស្បតិ៍ម៉ោង ៥:១៥នាទីល្ងាច លើកញ្ចក់ទូរទស្សន៍ CTN ៕

កម្មវិធី ទូរទស្សន៍ថ្មី ក្លាហាន៩ បើកសម្ពោធ ជាផ្លូវការ

កម្មវិធី ទូរទស្សន៍ថ្មី ក្លាហាន៩ បើកសម្ពោធ ជាផ្លូវការ