រហូតដល់ ឆ្នាំ២០១៥ មានសហគ្រាសជិត ៤ម៉ឺន ចុះបញ្ជី នៅក្រសួង ឧស្សាហកម្ម

ភ្នំពេញ៖ អ្នកនាំពាក្យ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងថា គិតមកត្រឹមឆ្នាំ២០១៥នេះ មានសហគ្រាសជិត៤ម៉ឺន បានចុះបញ្ជីនៅក្រសួងឧស្សាហកម្ម ក្នុងឆ្នាំ២០១៥ ដែលចំនួននេះ មានការកំណើនជាងឆ្នាំ២០១៤ ប្រមាណជា៣០០សហគ្រាស។

ក្រោយពីបញ្ចប់ ការពិនិត្យសិប្បកម្មទឹកស្អាត នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លោក ហេង សុខគង់  អ្នកនាំពាក្យក្រសួងឧស្សាហកម្ម បានមានប្រសាសន៍ថា ការកើនឡើងនៃការចុះបញ្ជីនេះ គឺជាការខិតខំប្រឹងប្រែង  របស់ក្រសួងឧស្សាហកម្ម ដោយមានសហការ ជាមួយបណ្ដាក្រសួង ដែលពាក់ព័ន្ធនានាផងដែរ។

លោកបន្តថា “ការចុះបញ្ជីក្នុងចំណោម១៨ ក្រសួងស្ថានប័ន នីមួយៗ បានចុះបញ្ជីរៀងខ្លួនទាំងអស់។ ដោយឡែកសម្រាប់ក្រសួង ឧស្សាហកម្មនិងសិប្បកម្មយើង ចុះបញ្ជីសហគ្រាសធុនតូចនិងមធ្យម (SME) រហូតដល់ចុងឆ្នាំនៅក្នុងខែធ្នូ ឆ្នាំ២០១៥នេះ រហូតដល់ ៣៩៩០០ សហគ្រាសហើយ ដែលចុះបញ្ជីជាផ្លូវការ”។

ហេង សុខគង់ បានបញ្ជាក់ថា ការចុះបញ្ជីក្រោមដំបូងតែមួយនេះ មានសារសំខាន់ ដោយសារនេះជាគំនិតផ្តួចផ្តើម របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ក្នុងគោលដៅឲ្យកម្ពុជាយកវិស័យ SME នេះជាឆ្អឹងខ្នងសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដោយសារកម្ពុជា ត្រៀមធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន នៅចុងឆ្នាំ២០១៥នេះ៕

រហូតដល់ ឆ្នាំ២០១៥ មានសហគ្រាសជិត ៤ម៉ឺន ចុះបញ្ជី នៅក្រសួង ឧស្សាហកម្ម