ក្រោយ​បោះឆ្នោត​ដោយ​រលូន មី​យ៉ាន់​ម៉ា​ដំណើរការ​ផ្សារភាគហ៊ុន​ជា​ផ្លូវការ​

​បើ​មិនមាន​ការប្រែប្រួល​នោះទេ នៅ​ថ្ងៃទី​០៩ ខែធ្នូ ខាងមុខនេះ មី​យ៉ាន់​ម៉ា នឹង​ចាប់ផ្តើម​ដាក់​ដំណើរ ផ្សារភាគហ៊ុន​របស់ខ្លួន​ជា​ផ្លូវការ បន្ទាប់ពី​បរាជ័យ និង​ពន្យារពេល​ជា​ច្រើនដង​មកហើយ​នោះ​។ នេះ​បើ​យោងតាម​សារព័ត៌មាន The  Myanmar Times ។​

​បន្ទាប់ពី​ការបោះឆ្នោត​ថ្ងៃទី​០៨ ខែវិច្ឆិកា បានបញ្ចប់​ទៅដោយ​រលូន ហើយ​អ្នកនយោបាយ​មី​យ៉ាន់​ម៉ា ក៏បាន​ស្រុះស្រួល​គ្នា​ផងដែរ​នោះ គណៈកម្មាធិការ​មូល​ប​ត្រ​មី​យ៉ាន់​ម៉ា បានប្រកាស​ជា​ផ្លូវការ​ក្នុងការ ដំណើរ​ផ្សារភាគហ៊ុន​នៅ​សបា្តហ៍​ក្រោយ​នេះហើយ​។ ក្រុមហ៊ុន​មួយចំនួន​ដែល​ភាគច្រើន​ជា​ស្ថាប័ន ធនាគារ​បាន​ចុះបញ្ជី​ហើយ ខណៈ មួយចំនួនទៀត​សុំ​ពន្យារពេល ដ្បិត​មិនទាន់​ត្រៀមលក្ខណៈ​រួចរាល់ នៅឡើយ​នោះទេ​។​

​លោក Maung Maung Thein ប្រធាន​គណៈកម្មាធិការ​មូល​ប​ត្រ និង​ជា​អនុរដ្ឋមន្ត្រី​ហិរញ្ញ​មី​យ៉ាន់​ម៉ា បាន អះអាងថា​លោក មិនទាន់​ទទួលបាន​ឈ្មោះ និង​តួលេខ​ចុងក្រោយ​របស់​ក្រុមហ៊ុន ដែល​នឹងត្រូវ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ភាគហ៊ុន​នោះទេ ដ្បិត​ក្រុមហ៊ុន​ទាំងនោះ មិនទាន់បាន​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់​។

​តាមពិតទៅ​ច្បាប់​ស្តីទី​ផ្សារ​មូល​ប​ត្រ​មី​យ៉ាន់​ម៉ា បានអនុម័ត​តាំងពី​ឆ្នាំ​២០១៣ ហើយ គណៈកម្មាធិការ​មូលប័ត្រ ក៏បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១៤ បន្ទាប់​ពីគ្នា​នោះដែរ​។ ហើយ​គម្រោង​នៃ​បើក​ទីផ្សារ​ភាគហ៊ុន បានប្រកាស​ដំណើរការ​តាំងពី​ខែមិថុនា ឆ្នាំ​២០១៥​មកម្ល៉េះ​។ ក៏ប៉ុន្តែ​ដោយសារតែ​ស្ថានភាព​នយោបាយ សន្តិសុខ និង​បច្ចេកទេស​មី​យ៉ាន់​ម៉ា មិនទាន់មាន​លក្ខណៈ​គ្រប់គ្រាន់ គម្រោង​នេះ​ត្រូវបាន​ពន្យារ​ជា​បន្ត បន្ទាប់​។ ការពន្យារពេល​ចុងក្រោយ​កាលពី​ខែសីហា គឺ​ដោយសារតែ​មានការ​ព្រួយបារម្ភ​ចំពោះ​ការបោះឆ្នោត​លទ្ធិប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា​លើកដំបូង​មិនអាច​ដំណើរការ​ដោយ​រលូន​។

​យ៉ាងណាក៏ដោយ ការបោះឆ្នោត​មី​យ៉ាន់​ម៉ា បានបញ្ចប់​ដោយ​រលូន និង មេដឹកនាំ​កំពូល​នយោបាយ មី​យ៉ាន់​ម៉ា ក៏​ព្រមព្រៀង​ផ្ទេរអំណាច​ឲ្យ​គ្នា​ដោយ​សន្តិវិធី​ផងដែរ​។ ពោលគឺ​ការ​ដំណើរការ​ទីផ្សារ​ភាគ ហ៊ុន​នៅពេលនេះ ទំនង​នឹង​ប្រព្រឹត្ត​ទៅតាម​ការរំពឹងទុក​។

​តំណាង​ក្រុមហ៊ុន KBZ ដែល​បាន​ចុះបញ្ជី​ក្នុង​ទីផ្សារ​ភាគហ៊ុន​នេះដែរ បាន​អះអាងថា ទីផ្សារ​ភាគហ៊ុន​មី​យ៉ាន់​ម៉ា នឹងមាន​លក្ខណៈ​ប្រសើរ​ក្រោម​ការដឹកនាំ​ដោយ​រដ្ឋាភិបាល​ថ្មី​ដែល​ចង់​សំដៅ​រដ្ឋាភិបាល របស់លោក​ស្រី​អ៊ុង​សាន ស៊ូ​ជី​។ តំណាង​រូបនោះ ក៏បាន​រំពឹងទុក​ថា អ្នកវិនិយោគ​បរទេស ក៏​នឹង​មានការ កើនឡើង​នៅពេល​ខាងមុខ ក្រោម​រដ្ឋបាល​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ថ្មី​នេះ​ផងដែរ​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​