បង្ក្រាប​រថយន្ត​ដឹកឈើ​ធ្នង់ និង​បេង​២​គ្រឿង ក្នុងស្រុក​កែវ​សីមា

​ខេត្ត​មណ្ឌលគិរី ៖ មន្ត្រី​​ជំនាញ​រដ្ឋបាល​ព្រៃ​អភិរក្ស​ជីវៈចម្រុះ​​សីមា សហការ​ជាមួយ​កងរាជអាវុធហត្ថ​​លើ​ផ្ទៃ​ប្រទេស បាន​ធ្វើ​ការ​​​ចុះ​បង្ក្រាប​​​​រថយន្ត​ដឹកឈើប្រណីត២​គ្រឿង កាលពី​​វេលា​ល្ងាច​ថ្ងៃ​ទី​២ ធ្នូ ២០១៥ ស្ថិតនៅ​ចំណុច​​វាយ​ថ្មគីឡូម៉ែត្រ​១៥៩ ក្នុង​ឃុំ​ស្រែ​ព្រះ ស្រុក​​កែវ​​សីមា ​។

លោកមា​គ វុ​ឌ្ឍី ប្រធាន​គម្រោង​អភិរក្ស​ជីវចម្រុះ​សីមា​ឱ្យ​ដឹង​ថា ​ពេល​កម្លាំង​មន្ត្រី​ជំនាញ និង​កម្លាំង​កងរាជអាវុធហត្ថ​កំពុង
ធ្វើការ​​ល្បាត​តាម​ដងផ្លូវ ក៏​ប្រទះ​ឃើញ​រថយន្ត​ដឹកឈើ​ខុសច្បាប់​ខាងលើ ​​ដឹកឈើ​ពេញ​ៗ​ចេញពី​ព្រៃ​ស្រុក​អូរ​រាំង​ ។​ ភ្លាម​ៗ​នោះ
កម្លាំង​ជំនាញ​ ក៏​ស្ទាក់​ចាប់​បាន​មួយ​គ្រឿង ឯរថយន្ត​មួយ​គ្រឿង​ទៀត​ បាន​បើក​ត្រលប់​ក្រោយទៅ​ពួន​នៅ​ចំណុចវាយ​ថ្ម តែ​កម្លាំង​ជំនាញ​​បាន​រុករក​ឃើញ និង​​​បង្ក្រាប​តែ​ម្តង​។

លោក​​​បន្ត​ថា រថយន្ត​ដែល​ក្រុម​ឈ្មួញ​លួច​ដឹកឈើ​ចេញពី​ព្រៃ​​អភិរក្សម៉ាក​កាម​រី​គូទ​ស្វិត​ទាំង​២ ​​មាន​ផ្ទុក​ឈើ​ប្រភេទ​ធ្នង់ និង​បេង​ហើយ​រថយន្ត​ដឹកឈើ​ទាំងនេះ សុ​ទ្ធសឹង​ជា​មុខសញ្ញា​ចាស់ និង​មាន​អ្នកបើកបរ​ជា​អ្នក​ញៀន​ថ្នាំ​ផង​ដែរ ​។ ក្រោយ​ពី​​​បង្ក្រាប​រួច ​ទាំង​រថយន្ត​ និង​ឈើ ត្រូវ​​ជំនាញ​យក​មក​រក្សា​ទុក​នៅ​ស្នាក់​ការអភិរក្ស​ជីវចម្រុះ​សីមា​ ដើម្បី​ចាត់ការ​តាមច្បាប់​ ៕