ពលរដ្ឋរិះគន់ចៅសង្កាត់ប៉ោយប៉ែត ថា​ប្រព្រឹត្តអំពើ​ពុករលួយ


ក្រុមប្រជាពលរដ្ឋ រស់នៅក្រុងប៉ោយប៉ែត បានរិះគន់ចៅសង្កាត់ ប៉ោយប៉ែត ថាបានប្រព្រឹត្តអំពើពុករលួយ ដោយ​ចំហរ ដោយយកថវិកាថ្លៃសេវាសាធារណៈ ខុសទៅនឹងតម្លៃ ដែលច្បាប់កំណត់។ ប៉ុន្តែការ​ចោទ​ប្រកាន់​នេះ ត្រូវ​​បាន​​ចៅ​​សង្កាត់​​អះអាង​ថា មិនមែនជារឿងពុករលួយនោះទេ។
ពលរដ្ឋរិះគន់ចៅសង្កាត់ប៉ោយប៉ែត ថា​ប្រព្រឹត្តអំពើ​ពុករលួយ

លោក អាំង គីហេង (ខាងស្ដាំ) ចៅសង្កាត់ថ្មី នៅក្នុងពិធី នៃការចូលកាន់តំណែង។ (រូបថត សឿនប្រុស)

ស្នូរលាន់ឮមិនសូវស្រួល ពីសង្កាត់ប៉ោយប៉ែត ពាក់ព័ន្ធនឹងអំពើពុករលួយ។ ចៅសង្កាត់នៅទីនោះ លោក អាំង គីហេង ត្រូវបានពលរដ្ឋចោទថា បានប្រព្រឹត្តិអំពើពុករលួយ ដោយយកថ្លែបង់សេវាសាធារណៈ លើសពីការ​កំណត់​របស់ច្បាប់។

ពលរដ្ឋម្នាក់ លោក កៅ ណារ៉ុង រស់នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត បានប្រាប់​ទស្សនាវដ្តី​មនោរម្យ.​អាំងហ្វូ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៥នេះថា លោកនិងប្រជាពលរដ្ឋជាច្រើននាក់ទៀត ដែលមាន​បញ្ហា ត្រូវចំណាយលុយកាក់ច្រើន នៅពេលធ្វើឯកសារសាធារណៈមួយចំនួន មានធ្វើ ប្លង់កម្មសិទ្ធិដីធ្លី​ជា​ដើម។ ពលរដ្ឋរូបនេះបានបន្ថែមថា ក្នុងច្បាប់ដែលរដ្ឋកំណត់ គឺមួយប្លង់ ត្រូវចំណាយត្រឹម​២ម៉ឺនរៀល​ប៉ុណ្ណោះ។

លោក កៅ ណារ៉ុង បានពន្យល់ថា តែផ្ទុយទៅវិញ ប្រជាពលរដ្ឋម្នាក់ៗ ត្រូវបានសង្កាត់ កំណត់ឲ្យបង់ប្រាក់ ចាប់ពីប្រាំម៉ឹនរៀលឡើងទៅ ដើម្បីទទួលបានឯកសារ កម្មសិទ្ធដីធ្លីទាំងនេះ ស្របច្បាប់។ លោកថា មិន​មែន​មានតែគ្រួសារលោកមួយទេ ដែលជួបបញ្ហានេះ គឺមានពលរដ្ឋច្រើនណាស់ ដែលរិះគន់ថា លោក អាំង គីហេង ចៅសង្កាត់ប៉ោយប៉ែត ដែលទើបនឹងកាន់ដំណែងថ្មី ទទួលយកប្រាក់ ដោយភាពមិនប្រក្រតី និងដោយមិន​មាន​ចេញ​វិក័យប័ត្រ ឲ្យពលរដ្ឋ។

ប៉ុន្តែសម្រាប់លោក អាំង គីហេង ចៅសង្កាត់ប៉ោយប៉ែត វិញ មិនបានយល់ដូច្នេះឡើយ។ លោកបាន​បដិសេធ​ការចោទប្រកាន់ខាងលើ ដោយបានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា៖ «ខ្ញុំអត់មានបង្ខិតបង្ខំពួកគាត់ទេ រាល់​ថវិកាទាំងអស់ ដែលពលរដ្ឋបានចំណាយ មិនមែនចូលហោប៉ៅខ្ញុំទេ។ ខ្ញុំទើបឡើងកាន់ដំណែង ជា​ចៅ​សង្កាត់ពីរខែមែន តែរាល់ឯកសារណា ដែលគ្មានវិក័យប័ត្រ ខ្ញុំមិនចុះហត្ថលេខានោះទេ។»។

ចៅសង្កាត់រូបនេះ បានអះអាងបន្ថែមទៀតថា ថវិការដែលបានពីប្រជាពលរដ្ ឋគឺជាថវិការដែល ពលរដ្ឋ​ខ្លួន​ឯងស្ម័គ្រចិត្ត ដោយផ្ទាល់គ្មានការបង្ខំ ពីនរណាម្នាក់ឡើយ។ រាល់សម្តីដែលចោទប្រកាន់លោកថា ធ្វើឯកសារ​ដោយគ្មានវិក័យប័ត្រនោះ លោកមិនអាចទទួលបានទេ។ លោកថែមទាំងបានលើកឡើង ពីពលរដ្ឋមួយចំនួន ដែលត្រូវបានលោកបំពេញឯកសារឲ្យ ដោយមិនគិតប្រាក់ទៀតផង។ លោកថា ការធ្វើឯកសារឲ្យ ដោយមិន​គិតប្រាក់នេះ ព្រោះពលរដ្ឋទាំងនោះ ទីទាល់ក្រគ្មានលទ្ធភាព ចេញថ្លៃបង់ពន្ធ ចំនួន២ម៉ឺនរៀល និងបួន​ពាន់​រៀល។

យ៉ាងណា ពលរដ្ឋអ្នកភូមិក្បាលស្ពាន នៅតែធ្វើការសំណូមពរថា ទោះជាមានការអះអាង មិទទួលស្គាល់ថា ថវិកាទាំងនោះ ជាថវិកាបង្ខំក៏ដោយ ក៏ពួកគាត់នៅតែសុំឲ្យថ្នាក់លើ ស៊ើបមើលឲ្យច្បាស់ ពីបញ្ហាថវិកានេះ​បន្ត​ទៅ​ទៀត៕