សភា​អង់គ្លេស​អនុញ្ញាត​ឱ្យ​វាយប្រហារ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី

សភា​អង់គ្លេស​កាលពី​យប់​ថ្ងៃ​ទី​២ ធ្នូ បាន​អនុម័ត​ដោយ​សំឡេង​ភាគច្រើន​គួរសម​អនុញ្ញាត​ឱ្យ​ចក្រភព​អង់គ្លេស​ធ្វើការ​វាយប្រហារ​តាម​អាកាស​នៅ​ស៊ី​រី​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ដែល​នេះ​ជា​ការ​ឆ្លើយ​តប​តាម​ការ​អំពាវនាវ​របស់​បណ្តា​សម្ព័ន្ធមិត្ត​ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុងប៉ារីស​មក ។

សភា​អង់គ្លេស​បាន​អនុម័ត​ដោយ​៣៩៧​សំឡេង​ទល់​នឹង​២២៣​សំឡេង​ប្រឆាំង​ដែល​បែប​នេះ​បង្ហាញ​ថា​សមាជិក​សភា​នៃ​គណបក្ស​ការងារ​ជា​ច្រើន ក៏​ចូលរួម​អនុម័ត​ជាមួយ​បណ្តា​សមាជិក​សភា​នៃ​គណបក្ស​អភិរក្សនិយម​របស់​នាយក​រដ្ឋមន្ត្រី លោក​ដា​វី​ដ កា​មី​រ៉ូ​ន ដែរ ។

ការ​អនុម័ត​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ជជែក​ដេញដោល​គ្នា​រយៈពេល​ជាង​១០​ម៉ោង​ក្នុង​សភា​មក ។ នាយក​រដ្ឋមន្ត្រី​លោក​កា​មី​រ៉ូ​ន បានការ​ពារ​សំណើ​ឱ្យ​មានការ​វាយប្រហារ​នេះ​ដោយ​លើក​ហេតុផល​ថា ប្រទេស​ត្រូវ​ប្រកាន់​យក​ការ​ទទួលខុសត្រូវ ហើយ​ជួយ​ទ្រទ្រង់​ដល់​សម្ព័ន្ធមិត្ត ពិសេស​បារាំង​ដែល​ជួប​ប្រទះ​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុងប៉ារីស បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១៣០​នាក់ កាលពី​ថ្ងៃ​ទី​១៣ វិច្ឆិកា ។ លោក​មាន​ប្រសាសន៍​ថា យើង​ត្រូវ​ឆ្លើយ​តប​ចំពោះ​ការ​អំពាវនាវ​របស់​សម្ព័ន្ធមិត្ត​យើង ។ សកម្មភាព​ដែល​យើង​ធ្វើ​គឺ​ស្របច្បាប់ ចាំបាច់ ហើយ​ជា​រឿង​ល្អ ដែល​ត្រូវធ្វើ​ដើម្បី​សន្តិសុខ​របស់​យើង ។ យោង​តាម​លោក​កា​មី​រ៉ូ​ន ថា ការ​រួមចំណែក​ខាង​យោធា​របស់​អង់គ្លេស​អាច​ខុស​ប្លែក​ពី​គេ ដោយសារ​ការ​ប្រើប្រាស់​ជា​ពិសេស​មី​ស៊ី​ល​ធុន BRIMSTONE ។

សភា​អង់គ្លេស​កាលពី​ឆ្នាំ​២០១៣ ធ្លាប់​បាន​បដិសេធ​ការ​វាយប្រហារ​តាម​អាកាស​ប្រឆាំង​របប​លោក​បា​ចា អាល់​អាសា​ដ នៅ​ស៊ី​រី ដោយសារ​ផលវិបាក​នៃ​ប្រតិបត្តិការ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​នៅ​អុ​ី​រ៉ា​ក់ ដែល​បើក​ធ្វើ​កាល​ក្រោម​ការ​កាន់​អំណាច​របស់​នាយក​រដ្ឋមន្ត្រី​គណបក្ស​ការងារ​លោក​តួ​នី ប្លែ​រ ។

យោង​តាម​រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស លោក PHILIA HAMMOND ថា ការ​វាយប្រហារ​របស់​អង់គ្លេស​នៅ​ស៊ី​រី អាច​ធ្វើ​ភ្លាម​ៗ​ប្រហែលជា​យប់​ថ្ងៃស្អែក ដោយ​បណ្តា​យន្តហោះ​អង់គ្លេស​ធ្វើការ​ហោះហើរ​ស៊ើបការណ៍​រួច​ហើយ​ពីលើ​ដែនអាកាស​ស៊ី​រី ៕