ស្រវឹងស្រា​ពី​យប់ ​ព្រឹក​ឡើង​ចង​.​ក​ស្លាប់​លើ​ដើម​ស្វាយ​​ក្រោយ​​ផ្ទះ

ខេត្តពោធិ៍សាត់ ​៖ ​បុរស​ម្នាក់​ស្រវឹងស្រា​មួយ​​យប់​ លុះ​ព្រឹក​ឡើង​ស្រាប់តែ​គេ​​ប្រទះ​​ឃើញ​ចង​.​ក​ស្លាប់​លើ​ដើម​ស្វាយ​ក្រោយ​ផ្ទះ ដោយ​​​មិនដឹង​មូលហេតុ​ ធ្វើឱ្យ​​មានការ​ភ្ញាក់ផ្អើល​ កាលពីវេលាព្រឹក​ថ្ងៃទី​០៣ ធ្នូ ២០១៥ ស្ថិត​​នៅ​ចំណុច​ភូមិ​ប៉​ប៉ិត​ ឃុំ​អន្លង់​ត្នោត​ស្រុក​​ក្រគរ ​។

នគរ​បាល​ប៉ុស្តិ៍រដ្ឋបាល​នៅ​ទីនោះ​បាន​​​ឱ្យ​​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ផាត សុភា​ ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ​ មានទីលំ​នៅ​​​ក្នុងភូមិ​-ឃុំ​កើតហេតុ​ខាងលើ​ ។ ​ជន​រង​គ្រោះ​បាន​ប្រើ​ខ្សែ​នីឡុង​ចង​.​កជាមួយ​​មែក​ស្វាយ​កម្ពស់​​២​ម៉ែត្រ​ខាងក្រោយ​ផ្ទះ​របស់​ខ្លួន​​ចម្ងាយ​ប្រហែល​១៥០​ម៉ែត្រ ​បណ្ដាល​ឱ្យ​​ស្លាប់​ ដោយ​​​ពុំ​មាន​​អ្នក​ណា​ដឹង​ឡើយ ​។

តាម​​ការ​​ធ្វើ​កោសល្យវិច័យ​​បញ្ជាក់​ថា ​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​​​ចង​.​ក​​ប្រាកដ​មែន ​​​ពុំ​មាន​ស្លាក​ស្នាម​អ្វី​ផ្សេងគួរ​ឱ្យ​កត់​សម្គាល់​ទេ​ ​។ ​ជន​រង​គ្រោះ​អាច​ធ្វើ​សកម្មភាព​ចង​.​ក​ក្នុង​ចន្លោះ​ពី​ម៉ោង​១១ ​និង​៣០​នាទី​យប់​ ទៅ​ម៉ោង​០១​រំលង​អធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៣ ធ្នូ ២០១៥ ​។

តាម​​ការ​ផ្ដល់​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​បញ្ជាក់​ថា ជន​រង​គ្រោះ​កើត​មាន​ជំងឺសរសៃប្រសាទ​ជា​យូរ​មក​ហើយ​ ហើយ​តែងតែ​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ​មិន​ដែល​ខាន ​។ ​ជាក់ស្ដែង​នៅ​យប់​ថ្ងៃ​ទី​០២​នោះ​ ជន​រង​គ្រោះ​បាន​ផឹកស្រា​ជាមួយ​អ្នក​ជិតខាង​តាំងពី​ព្រលប់ ​រហូត​ដល់​ម៉ោង​ប្រមាណ​១០​យប់ ​ទើប​ចូល​ផ្ទះ ប៉ុន្តែ​មិន​ឡើង​ដេក​លើ​ផ្ទះ​ទេ​ គឺ​ដេក​ក្រោមផ្ទះ​ម្នាក់ឯង ​។ ​លុះ​ព្រឹក​ឡើង​មិនឃើញ​នៅ​ក្រោមផ្ទះ ​ក៏​នាំ​គ្នា​ដើរ​រក ​ស្រាប់តែ​ឃើញ​ចង​.​ក​ស្លាប់​នៅ​លើ​ដើម​ស្វាយ​ក្រោយ​ផ្ទះ​ឯណោះ​ ទើប​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង ។