ពេជ្រ ព្រហ្ម​មុនី ជាប់​ចោទ​បទ​ល្មើស​ថ្មី​មួយ​ទៀត ចៅ​ក្រម​សម្រេច​ឃុំ​ខ្លួន​បន្ត​

រាជ​ធានី​ភ្នំពេញ​ ៖ កាល​ពី​ព្រឹក​​ថ្ងៃ​ទី​៣ ធ្នូ ចៅ​ក្រម​ស៊ើប​សួរ​សាលា​​ដំបូង​​រាជ​ធានី​ភ្នំពេញ​បាន​ឱ្យ​អនុរក្ស​ពន្ធ​នា​គារ​ព្រៃ​ស​នាំ​ខ្លួន​ទណ្ឌិត ពេជ្រ ព្រហ្ម​មុនី អតីត​ឧត្តម​សេនីយ៍យោធា​ដែល​ជា​គូមន្ត​អាគមន៍​អូម​អាម និង​ជា​មនុស្ស​ជំនិត​បំផុត​របស់​លោក​អាំង​ មាល​តី អតីត​ប្រធាន​សាលា​ដំបូង​រាជ​ធានី​ មក​សា​ក​សួរ​បទ​ល្មើស​ថ្មី​មួយ​ទៀត និង​សម្រេច​ឃុំ​ខ្លួន​បន្ត​។

ទណ្ឌិត​ពេជ្រ ព្រហ្ម​មុនី​ ត្រូវ​បាន​តំណាង​អយ្យ​ការ​អម​សាលា​ដំបូង​រាជ​ធានី​ធ្វើ​ការ​ចោទ​ប្រកាន់​ពី​បទ​ជំនួញ​ឥទ្ធិ​ពល​អកម្ម​ តាម​មាត្រា​៦០៦ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​។ បទ​ល្មើស​នេះ​កំណត់​ឱ្យ​ផ្តន្ទា​ទោស​ពី​២​ឆ្នាំ​ទៅ​៥​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី ៤​លាន​រៀល​ទៅ​១០​លាន​រៀល​។

មេធាវី​ការ​ពារ​ក្តី​ឱ្យ​ពេជ្រ ព្រហ្ម​មុនី​ បាន​ឱ្យ​ដឹង​ក្រោយ​ពី​ចៅ​ក្រម​សាក​សួរ​កូន​ក្តី​ថា សំណុំ​រឿង​ក្រោយ​នេះ ពេជ្រ​ ព្រហ្ម​មុនី ជាប់​ចោទ​២​បទ​ល្មើស ពោល​គឺ​បទ​ល្មើស​ដែល​ជម្រះ​រួច​ហើយ ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ទៀត​ដែរ​មិន​ត្រូវ​បាន​រួច​ផុត​ពី​ទោស​ ជ្រៀត​ជ្រែក​ដោយ​ខុស​ច្បាប់​ទៅ​ក្នុង​ការ​បំពេញ​មុខ​ងារ​សាធារណៈ​នោះ​ឡើយ។

បទ​ល្មើស​នេះ គឺ​ជា​បទ​ល្មើស​ជំនួញ​ឥទ្ធិ​ពល​អកម្ម​ ក្រោយ​ពី​សាក​សួរ​ អនុរក្ស​ពន្ធ​នា​គារបាន​​នាំលោក​ពេជ្រ ព្រហ្ម​មុនី ​ទៅ​ឃុំ​ខ្លួន​កន្លែង​​ដើម​វិញ​ ៕