Sushi មិន​ប្រាកដ​ថា ផ្តល់​សុខភាព​ល្អ ដូច​អ្នក​គិត​នោះទេ​

Sushi មិន​ប្រាកដ​ថា ផ្តល់​សុខភាព​ល្អ ដូច​អ្នក​គិត​នោះទេ​

​វា​ជា​ការពិត​ណាស់​ដែល​ថា អាហារ​ជនជាតិ​ជប៉ុន ស្ថិតក្នុង​ចំណោម​អាហារ ដែល​ផ្តល់​នូវ​សុខភាព​ល្អ ចំពោះ​អ្នក​បរិភោគ ហើយ​ស៊ូ​ស៊ី (sushi) នរណា​ក៏​ស្គាល់​មុខ​ម្ហូប​មួយ​នេះដែរ​។ មិន​ថា​ជនជាតិ​ជប៉ុន​ទេ ដែល​ចូលចិត្ត​ស៊ូ​ស៊ី ប៉ុន្តែ ពួក​បស្ចឹម​ប្រទេស ក៏​និយាយ​ថា​ឆ្ងាញ់​ដែរ ហើយ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ប្រជា​ពលរដ្ឋ​ខ្មែរ​យើង ក៏​និយម​បរិភោគ​អាហារ​ជប៉ុន​នេះ​ដែរ​។ ប៉ុន្តែ ការសិក្សា​មួយ​ចំនួន បាន​លើកឡើង​ថា វា​ពិតជា​ឆ្ងាញ់ ប៉ុន្តែ ពេលខ្លះ វា​ដូចជា​ខ្លាញ់ ឬ​ក្រែម​ប័រ​អញ្ចឹង គឺ​មិន​ល្អ ចំពោះ​សុខភាព​នោះទេ​។​

​ស៊ូ​ស៊ី សម្បូរ​កាឡូរី​
​ប្រសិនបើ​អ្នក​គិតថា ចង់​សម្រក​ទម្ងន់ តាមរយៈ​ការ​ញ៉ាំ​អាហារ​ជប៉ុន​នោះ គឺ​អ្នក​គិត​ខុស​ហើយ​។ ស៊ូ​ស៊ី​មួយ​ដុំ មាន​កាឡូរី​ចាប់ពី ៣០០ ទៅ ៥០០ ហើយ​យើង​ជឿជាក់ថា អ្នក​ប្រហែលជា​មិន​ញ៉ាំ ត្រឹមតែ​មួយ​ដុំ​នោះទេ គឺ​អាច​នឹង ៣ ឬ ៤ ដុំ ដែល​ប្រហែល​ជា ១៥០០ កា​ឡូរី​។ អញ្ចឹង សាក​គិត​មើលទៅ ថា​អ្នក​អាច​ចុះ​គីឡូ​បាន​ដែរឬទេ​?

​ស៊ូ​ស៊ី មាន​ប្រូតេអ៊ីន​ទាប​
​អ្នក​ប្រហែលជា​យល់​ច្រឡំ​ថា ស៊ូ​ស៊ី ជា​ប្រភព​នៃ​ប្រូតេអ៊ីន​ហើយ ប៉ុន្តែ វា​មិនមែន​នោះទេ​។ គេ​បាន​ណែនាំ​ថា យើង​គួរតែ​ញ៉ាំ​ត្រី​យ៉ាងហោចណាស់ ១៤០ ក្រាម​ក្នុង​មួយអាទិត្យ​។ តើ​អ្នកដឹង​ទេ​ថា ក្នុង​ស៊ូ​ស៊ី​មួយ​ដុំ មាន​ត្រី​ប៉ុន្មាន​ក្រាម​? គឺ ៥ ក្រាម​ប៉ុណ្ណោះ ដូច្នេះ ដើម្បី​គ្រប់​តាម​ការណែនាំ អ្នក​គួរតែ​ញ៉ាំ​ស៊ូ​ស៊ី ឲ្យបាន ៥៦ ដុំ​។​

​ស៊ូ​ស៊ី អាច​មាន​ផ្ទុក​ជាតិ​បា​រ៉​ត​ច្រើនណាស់​
​អ្វី​ដែល​គេ​ខ្លាច ក្នុងការ​ទទួលទាន​ស៊ូ​ស៊ី គឺថា សាច់​ត្រី ឬ​គ្រឿងផ្សំ​របស់​វា មាន​ជាតិ​បា​រ៉​ត​ច្រើន​។ ជាតិ​បា​រ៉​ត មាន​គ្រោះថ្នាក់​ណាស់ សម្រាប់​ប្រព័ន្ធ​សរសៃប្រសាទ និង​ប្រព័ន្ធ​អង់​ដូ​គ្រីន​។​

​ស៊ូ​ស៊ី អាច​នឹង​ប្រៃ​បន្តិច​ហើយ​
​អ្វី​ដែល​គួរឲ្យ យកចិត្តទុកដាក់​មួយ​ទៀត​នោះ​គឺ ជាតិ​សូ​ដ្យូ​ម (​ប្រៃ​) ដ៏​ច្រើន ដែល​មាន​នៅក្នុង​ស៊ូ​ស៊ី​។ ក្នុង​ស៊ូ​ស៊ី​មួយកញ្ចប់​ធម្មតា ប្រហែលជា​មាន​ជាតិ​ប្រៃ​ដល់​ទៅ ៤,៥ ក្រាម ដែល​ជិត​ស្មើនឹង តម្រូវការ​សរុប​ប្រចាំថ្ងៃ របស់​យើង​ទៅហើយ​។

​ស៊ូ​ស៊ី អាច​មាន​ប៉ា​រ៉ា​សិត​
FDA បាន​ព្រមាន អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​អាហារ​ឆៅ​ថា ប្រយ័ត្ន​ពពួក​បាក់តេរី វីរុស និង​ប៉ា​រ៉ា​សិត ដោយសារ​តែ​យើង​មិន​បាន​ចម្អិន ឲ្យ​វា​ឆ្អិន​ល្អ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។