មិន សិលា និង​ជា សំនៀង អាច​ទៅ​រួច​អត់​ជាមួយ​កីឡាករ​ឡាវ?

រាជធានី​ភ្នំពេញ ៖ មិន សិលា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​ជា សំនៀង មក​ពី​ក្លិប​កងទ័ព​ឆត្រយោង​៩១១ ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ឡាវ នៅ​ក្នុង​កម្មវិធី​ប្រកួត​ជម្រុះ​វិល​ជុំ​ដណ្ដើម​ខ្សែក្រវាត់​គោល​ជល់ នៅ​លើ​សង្វៀន​ស៊ី​ធី​អិន ថ្ងៃ​សៅរ៍​ទី​៥ វិច្ឆិកា ស​ប្ដា​ហ៍​នេះ​មិនដឹង​ថា​ទៅ​រួច​ឬ​អត់​នោះ​ទេ ដោយសារ​កីឡាករ​ឡាវ​សុទ្ធតែ​ជា​ជើង​ខ្លាំង​ដែល​ធ្លាប់​យកឈ្នះ​ពួក​គេ​ទាំង​២​បែប​នេះ ។ មិន សិលា ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ឡាវ​ឈ្មោះ អូ​រ៉ូ​ណូ ចំប៉ា​សក្តិ ចំណែក​ជា សំនៀង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ឡាវ​ដូច​គ្នា​ឈ្មោះ យ៉​ត​ឃុន​ភុ​ន អេ​ត​បាង​សៃ ។ ២​គូ​នេះ​ទើបតែ​ឆ្លងកាត់​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​បាន​មួយ​លើក​ម្នាក់​ប៉ុណ្ណោះ ហើយ​ជា​លទ្ធផល​កីឡាករ​កម្ពុជា​ទាំង​២​នាក់​នេះ​សុទ្ធតែ​ទទួល​ការ​បរាជ័យ​យ៉ាង​ជូរ​ចត់​បំផុត ។

មិន សិលា កាលពី​ស​ប្ដា​ហ៍​ទី​១​ត្រូវ​យ៉​ត​ឃុន​ភុ​ន អេ​ត​បាង​សៃ វាយ​ឱ្យ​សន្លប់​ធំ​នៅ​ក្នុង​ទឹក​ទី​២ ទើប​ការ​មក​ជួប​អូ​រ៉ូ​ណូ ចំប៉ា​សក្តិ លើក​នេះ ជ័យជម្នះ​ហាក់ដូចជា​ស្ថិត​នៅ​ឆ្ងាយ​ពី​ដៃ​របស់​កីឡាករ​រូប​នេះ​ខ្លាំង​ណាស់ ។ បើ​ប្រៀបធៀប​ទៅ​លើ​មាឌ និង​កម្ពស់​មើលទៅ​គឺ​ប្រដំប្រសង​គ្នា ប៉ុន្តែ​ផ្លែ​កីឡាករ​ឡាវ​ដែល​មាន​កម្ពស់​១,៧២​ម៉ែត្រ ធ្លាប់​ប្រកួត​បាន​៦២​ដង ឈ្នះ​៥១​ដង ចាញ់​១១​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៥​ដង​ពិតជា​ល្អ​ជាង ។ ជា​ពិសេស​ផ្លែ​កែង​និង​ជង្គង់​របស់​គេ​អាច​ប្រើ​ការ​បាន​យ៉ាង​ស្ទាត់ជំនាញ បើ​និយាយ​ពី​ស្នៀត​កណ្ដាប់ដៃ​និង​ស្នៀត​ជើង​វិញ​នោះ​កាន់តែ​សាហាវ​ថែម​ទៀត រាល់ពេល​ម៉ាត់​និង​ទាត់​ចេញ​ម្ដង​ៗ​រមែង​ចំ​គោលដៅ​ល្អ​និង​មាន​ទម្ងន់​ធ្ងន់​ទៀត​ផង ។ ចំណែក មិន សិលា បាន​តែ​ស្នៀត​កណ្ដាប់ដៃ​បន្តិច​ប៉ុណ្ណោះ ចលនា​វាយ​ចេញ​ក៏​មិន​រហ័ស ចិត្ត​ក៏​តូច​ទៀត ទើប​អ្នកគាំទ្រ​ផ្ដល់​ការ​ជឿជាក់​លើ​គេ​ក្នុង​ភាគរយ​តិច​បំផុត ។ ទោះជា​យ៉ាងណា​មាន​អ្នក​ជឿ​ថា មិន សិលា ដែល​មាន​កម្ពស់​១,៧២​ម៉ែត្រ ធ្លាប់​ប្រកួត​បាន​៩០​ដង ឈ្នះ​៨០​ដង ចាញ់​៧​ដង ស្មើ​៣​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​លើ​សង្វៀន​២៣​ដង​នឹង​ប្រឹងប្រែង​ប្រកួត​ដើម្បី​ស្ដារ​ការ​បរាជ័យ​កាលពី​លើក​មុន​មិន​ខាន  ។

ដោយឡែក ជា សំនៀង ជួប​យ៉​ត​ឃុន​ភុ​ន​អេ​ត​បាង​សៃ លើក​នេះ កាន់តែ​យ៉ាប់​ថែម​ទៀត ព្រោះ​កីឡាករ​ឡាវ​រូប​នេះ​ពិតជា​ខ្លាំង​មិនធម្មតា​ឡើយ ។ ជាក់ស្ដែង​កាលពី​ស​ប្ដា​ហ៍​ទី​១ គេ​បាន​ផ្ដួល​មិន សិលា ឱ្យ​ចាញ់​សន្លប់​ត្រឹម​ទឹក​ទី​២ ប៉ុណ្ណោះ ។ ជា សំនៀង មាន​កម្ពស់​១,៧០​ម៉ែត្រ ធ្លាប់​ប្រកួត​បាន​៩០​ដង ឈ្នះ​៨១​ដង ចាញ់​៨​ដង ស្មើ​១​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៧​ដង​។ ចំណែក​យ៉​ត​ឃុន​ភុ​ន អេ​ត​បាង​សៃ មាន​កម្ពស់​១,៧៣​ម៉ែត្រ ធ្លាប់​ប្រកួត​បាន​៨០​ដង ឈ្នះ​៦៥​ដង ចាញ់​១៣​ដង និង​ស្មើ​២​ដង ។ ជា សំនៀង កាលពី​ស​ប្ដា​ហ៍​ទី​១​ក៏​ទ្រម​ខ្លួន​ដោយសារ​អូ​រ៉ូ​ណូ ចំប៉ា​សក្តិ មិន​តិច​ដែរ​រហូត​ត្រូវ​រាប់​៨ ដល់​ទៅ​២​ដង​ឯណោះ ប៉ុន្តែ​សំណាងល្អ​ហើយ​ដែល​គេ​អាច​ស៊ូ​ប្រកួត​រហូត​ដល់​ចប់​ទឹក​ទើប​ចាញ់​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ ។ ចាំ​មើល​លើក​នេះ​វាសនា​របស់​គេ​នឹង​ទៅ​ជា​យ៉ាងណា ពេល​ជួប​គូប្រកួត​ដែល​ខ្លាំង​ជាង​មុន​បែប​នេះ ។

ក្រៅពី​គូ​ដណ្ដើម​ខ្សែក្រវាត់ ក៏​មាន​គូ​មិត្តភាព​រវាង​កីឡាករ​កម្ពុជា​និង​កម្ពុជា​ដែល​រំពឹង​ថា​នឹង​ល្អមើល​ដែរ​ដូច​ជា កីឡាករ​ទេស ឧត្តម មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ប្រកួត​ជាមួយ​កីឡាករ​ផ​ន ផល្លា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀន និង​កីឡាករ ប៊ិ​ត ប៊ុ​ន​ធឿ​ន មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀន ប្រកួត​ជាមួយ​កីឡាករ​ថុ​ល មក​រា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ៕