JICA នឹងបង្ហាញ វិធីសាស្រ្ត ការបណ្តុះបណ្តាល និងគ្រប់គ្រង ថ្នាក់កណ្តាល

ភ្នំពេញ៖ ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំកម្ពុជា (JICA) បានសហការ ជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន( CJCC)  នឹងរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ ភាពចាំបាច់នៃការគ្រប់គ្រងថ្នាក់កណ្តាល និងវិធីសាស្ត្រនៃការបណ្តុះបណ្តាល” នាសណ្ឋាគារអាំងតែទែកង់ទីណង់តាល់ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ JICA ដែលមជ្ឈមណ្ឌលប័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃទី៣ ខែធ្នូ នេះ បានឲ្យដឹងថាប្រធានបទ “ ភាពចាំបាច់នៃការគ្រប់គ្រងថ្នាក់កណ្តាល និងវិធីសាស្ត្រនៃការបណ្តុះបណ្តាល”ធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសដល់មន្ត្រី និយោជិត និងនិយោជក ដែលកំពុងបម្រើការនៅតាមគ្រឹះស្ថាន និងឯកជនបានចូលរួម និងសិក្សាយល់ដឹងពីការច្នៃប្រឌិត និងវិធីសាស្ត្រនៃការ ដឹកនាំស្ថាប័នខ្លួន ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ និងរីកចម្រើនទៅមុខដូច ទៅនឹងស្ថាប័នផ្សេងៗទៀត នៅប្រទេសជប៉ុន ក៏ដូចជាប្រទេសអភិវឌ្ឍន៍ដទៃទៀត ។

ក្នុងសិក្ខាសាលានេះ  លោកសាស្ត្រាចារ្យ ICHIJO Kazuo មកពីសាកលវិទ្យាល័យ Hitotsubashi នៃប្រទេសជប៉ុន នឹងធ្វើបទបង្ហាញ“ ភាពចាំបាច់នៃការគ្រប់គ្រងថ្នាក់កណ្តាល និងវិធីសាស្ត្រនៃការបណ្តុះបណ្តាល” ដល់សិក្ខាកាមប្រមាណជាង ២០០នាក់ មកពីស្ថាប័នសាធារណៈ និងឯកជនដែលបានចូលរួម៕