ត្រី​សម្រាប់​ធ្វើ​ប្រហុក ផ្អក​ចាប់ផ្តើម​ត្រូវ​បណ្តើរ​ៗ តែ​មាន​ចំនួន​តិច​ជាង​ឆ្នាំ​មុន

រាជធានី​ភ្នំពេញ ៖ ត្រី​សម្រាប់​ធ្វើ​ប្រហុក ផ្អក ឆ្នាំ​នេះ​មាន​ចំនួន​តិច​ជាង​ឆ្នាំ​មុន ហើយ​បច្ចុប្បន្ន​នៅ​ខេត្តកំពង់ឆ្នាំង ត្រី​ចាប់ផ្តើម​ត្រូវជា​បណ្តើរ​ៗ​ហើយ ហើយ​ត្រី​ត្រូវ​ខ្លាំង​នៅ​ពាក់កណ្តាល​ខែធ្នូ ខាង​មុខ​នេះ នៅ​តំបន់​ឆ្នុកទ្រូ ។

លោក​សោម ភិ​រុន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង បានឱ្យដឹង​ថា បច្ចុប្បន្ន​នេះ​ត្រី​សម្រាប់​ធ្វើ​ប្រហុក ផ្អក ចាប់ផ្តើម​ត្រូវ​ពី​ថ្ងៃ​១​កើត​ទៅ​ដល់​ថ្ងៃ១៥​កើត​ ខែកក្តិក ហើយត្រី​ត្រូវ​ខ្លាំង​ពី​៨​កើត​ទៅ​១០​កើត ខែកក្តិ​ក​។

ឆ្នាំ​នេះ​នៅ​ខេត្តកំពង់ឆ្នាំង​ទឹកតូច ខុស​ពី​ឆ្នាំ​មុន​រហូត​ដល់​ជាង​២​ម៉ែត្រ ធ្វើ​ឱ្យបរិមាណ​ត្រី​ថយ​ចុះដោយសា​ខ្វះ​ទីជម្រក ខ្វៈ​ចំណី ទឹកតូច​មិន​លិចទៅ​តាម​ព្រៃរនាម កោះ​មួយ​ចំនួន​ក៏​អត់​បាន​លិច​ដែរ ធ្វើ​ឱ្យ​ត្រី​ខ្វះ​ជំរក និង​ខ្វះ​ចំណី​តែ​ម្តង ។

លោក សោម ភិ​រុន បាន​បញ្ជា​ក់ថា បច្ចុប្បន្ន​ចំពោះ​​​ត្រី​លេខ​១​ មាន​តំលៃ​ជាង​២​ម៉ឺន​រៀល និង​ត្រី​សម្រាប់​ធ្វើ​ប្រហុក មាន​តំលៃ​ពី​៩​រយ​រៀលទៅ​១.៥០០​រៀល ហើយ​តំលៃ​ត្រី និង​ប្រែប្រួល​នៅ​ពេល​ក្រោយ​ទៀត ។

យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​ជលផល បានឱ្យ​ដឹង​ថា ក្នុងឆ្នាំនេះមន្ត្រី​ជំនាញ​បង្ក្រាបបទល្មើស​នេសាទ ​​រឹបអូស​សម្ភារនេសាទ​ខុសច្បាប់​បានជា​ច្រើន​ករណី បើ​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ ។ ជាក់ស្តែង គិត​ត្រឹម​ចុងខែ​តុលា ​២០១៥​នេះ សមត្ថកិច្ច​រឹបអូស និង​ដុត​បំផ្លាញ អួន ស្បៃ​មុង បាន​ចំនួន​១​លាន៦​សែន​ម៉ែត្រ ខណៈដែល​កាលពី​ឆ្នាំ​២០១៤ មាន​ត្រឹមតែ​៥​សែនម៉ែត្រ​។

ជាមួយ​គ្នា​នេះ ក៏​បាន​បញ្ជូន​ជនល្មើសទៅ​តុលាការ​មាន​ចំនួន​ជាង​៨០​នាក់ និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​បាន​ចំនួន​៥០​នាក់​ផង​ដែរ​៕ ​