ប្រធានមណ្ឌល​​សុខភាពកាចាញ​ត្រូវ​បានដកតំណែងហើយ ​​ក្រោយបណ្តោយ​ឲ្យ​ស្រ្តីម្នាក់​​សម្រាលកូន​​លើកន្លែងអង្គុយរង់ចំា

ខេត្តរតនគិរី ៖​ ទីបំផុតទៅបន្ទាប់ពី​គេហទំព័រកោះសន្តិភាព​បានផ្សាយព័ត៌មានស្រ្តីម្នាក់​សម្រាលកូនលើកន្លែងអង្គុយរង់ចាំ ​ដោយសារគ្រូពេទ្យ​នៅមណ្ឌលលសុខភាព​កាចាញ​​មិនអើពើនោះ​ ត្រូវបានខាងមន្ទីរសុខាភិបាល​ខេត្តរតនគិរីសម្រេចដកតំណែង​ប្រធានមណ្ឌលសុខភាពកាចាញ ​លោក គីង សារ៉ាត់ ​កាលពីរសៀលថ្ងៃទី០២ ធ្នូ ២០១៥ ។

នេះបើយោងតាម​លោក លី ច័ន្ទរិទ្ឋ​ អនុប្រធានមន្ទីរសុខាភិបាល​ខេត្តរតនគិរី ។

បើតាមលោកអនុប្រធានមន្ទីរដដែល ​ការឈានទៅសម្រេច​ដកតំណែងប្រធានមណ្ឌលសុខភាព​កាចាញនាពេលនេះ​ គឺបន្ទាប់ពីខាងមន្ទីរចុះទៅ​ស្រាវជ្រាវដល់ផ្ទះស្រ្តីរង​គ្រោះ​​​​និងនៅមណ្ឌលសុខភាព ​ហើយរកឃើញថា ​ការណ៍ដែលស្រ្តីឈ្មោះ ​វ៉ាត់ វ៉ាត អាយុ២៤ឆ្នាំ​ បានសម្រាលកូននៅលើកន្លែងអង្គុយរង់ចំាកាលពីវេលាទៀបភ្លឺថ្ងៃទី២៩ វិច្ឆិកានោះ ​គឺជាការធ្វេសប្រហែស​និង​​ការទទួលខុសត្រូវក្នុងការចាត់ចែងគ្រប់គ្រង​បុគ្គលិករបស់​លោកប្រធានមណ្ឌលសុខភាព​កាចាញផ្ទាល់តែម្តង ។

លោកអនុប្រធានមន្ទីរ​សុខាភិបាលខេត្តរតនគិរីបន្តថា ​នៅក្នុងចុះស្រាវជ្រាវ ​ខាងមន្ទីរសុខាភិបាល​ក៍នំាយកសម្ភារនិងថវិកា​មួយចំនួនជូនដល់​ស្រ្តីរងគ្រោះដោយក្នុងនោះមាន ៖ ថវិកា២០ម៉ឺនរៀល​ អង្ករ២០គីឡូក្រាម​ និងត្រីខកំប៉ុងមួយយួរ ។

លោក លី ច័ន្ទរិទ្ឋ​ ក៍បានបញ្ជាក់ដែរថា​ ចាប់ពីពេលនេះទៅ​នៅតាមមណ្ឌលសុខភាព​ទំាងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់​ក្នុងការជួយពិនិត្យ​និងសម្រាល​ស្រ្តីមានផ្ទៃពោះ ដោយមិនត្រូវរើស​អើងវណ្ណៈ​ អ្នកមាន​ អ្នកក្រទេ ៕