ប្រទះឃើញ គ្រាប់​ម៉ាក​MK៨២​ទម្ងន់​ជាង​២០០​គីឡូក្រាម​(៥០០​ផោន​)​កប់​នៅក្នុង​ដីស្រែ

កណ្តាល: ប្រជាកសិករ​ប្រទះឃើញ គ្រាប់​ប្រភេទ​ទម្លាក់​ពីលើ​យន្តហោះ​ម៉ាក​MK៨២​ដែលមានទម្ងន់​ជាង​២០០​គីឡូក្រាម​(៥០០​ផោន​)​កប់​នៅក្នុង​ដីស្រែ បង្ក​ឲ្យ​មានការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៨ ព្រឹកថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​ព្រែកចារ ឃុំ​សំបួរ ស្រុក​ល្វាឯម ។​

 ក្រោយពី​ឃើញ​យ៉ាង​ដូច្នេះ​ម្ចាស់​ស្រែ​ឈ្មោះ ស៊ុំ ឆក បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ចនគរបាល​មូលដ្ឋាន ហើយ​សមត្ថកិច្ច​នគរ​បាល​ក៏បាន​ចុះទៅ​ដាក់​ស្លាក​សញ្ញាហាមឃាត់ មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូលទៅ​ជិត រងចាំ​មន្ត្រី​ជំនាញ​មជ្ឈមណ្ឌលសកម្មភាព​កំចាត់មីន​កម្ពុជា ហៅ​កាត់​ថា “CMAC” ចុះ​ទៅយក​ទទួលយក ។​

​នៅវេលា​ព្រឹក​ថ្ងៃទី​៣ ខែ​ធ្នួ ឆ្នាំ​២០១៥ សមត្ថកិច្ច​នគរបាល​ការិយាល័យ​គ្រប់គ្រងអាវុធជាតិផ្ទុះ​-​ជាតិពុល និង​សមត្ថកិច្ច​នគរបាល​ស្រុក​ល្វាឯម​បាន​សហការជាមួយ​មន្ត្រី​ជំនាញ នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ហៅ​កាត់​ថា“CMAC” ចុះទៅ​ជីក​កកាយ​យក​គ្រាប់​ដែល​ប្រទះឃើញ​នោះ​ចេញពី​ក្នុង​ដី ដើម្បីយកទៅ​កំទេចចោល​នៅពេល​ក្រោយ ។​

​មន្ត្រី​ជំនាញ នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​បាន​ឲ្យ​ដឹងថា គ្រាប់​មួយគ្រា​ប់ដែល​ប្រជាកសិករ​ប្រទះឃើញ​នេះ គឺជា​ប្រ​ប្រភេទ​ទម្លាក់​ពីលើ​យន្ត​​ហោះ​ម៉ាក​MK៨២​ផលិត​នៅ​USA មាន​ទម្ងន់​៥០០​ផោន ស្មើនឹង​ទម្ងន់​២២៧​គីឡូក្រាម ប្រវែង​២.២២​ម៉ែត្រមុខកាត់​២៧៣​សង់ទីម៉ែត្រ ដែល​សេសសល់​តាំងពី​សម័យ​សង្គ្រាម​មក​ម្លេះរហូតដល់​បច្ចុប្បន្ននេះ​វា​នៅមាន​គុណភាព​នៅឡើយ ៕​