សភា​ប្រេ​ស៊ី​ល​គ្រោង​ដក​តំណែង​លោកស្រី​ប្រធានាធិបតី

ប្រធាន​សភា​ប្រេ​ស៊ី​ល​លោក EDUARDO CUNBA កាលពី​ថ្ងៃ​ទី​២ ធ្នូ បាន​លើក​ពី​នីតិវិធី​មួយ​ដើម្បី​ដកហូត​តំណែង​ប្រធានាធិបតី​ឆ្វេងនិយម​លោកស្រី DILMA ROUSSEFF ដែល​បែប​នេះ ជា​ការ​រុញ​ទម្លាក់​មហា​ប្រទេស​កំពុង​មាន​សេដ្ឋកិច្ច​ហក់​ឡើង​នៅ​អា​មេ​រិ​កឡា​ទី​ន​នេះ​ឱ្យ​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​មួយ ដែល​ពុំ​ដឹង​ក្លាយទៅជា​យ៉ាងណា។

បន្ទាប់​ពី​ធ្វើការ​គំរាមកំហែង​រយៈពេល​ជា​ច្រើន​ខែ​មក ប្រធាន​សភា​តាម​សំណើ​របស់​គណបក្សប្រឆាំង​ស្តាំ​និយម​លើក​ឡើង​ពី​នីតិវិធី​នោះ ។ គណបក្សប្រឆាំង​ចោទប្រកាន់​លោកស្រី ROUSSEFF ថា ក្លែងបន្លំ​បណ្តា​គណនី​រដ្ឋ​ក្នុង​ឆ្នាំ​២០១៤ និង​២០១៥ ។

ការ​សម្រេចចិត្ត​នេះ​នឹង​រុញច្រាន​ប្រេ​ស៊ី​ល​ឱ្យ​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ ដែល​អាច​ធ្វើ​ឱ្យ​ប្រទេស​ត្រូវ​ស្ទះ​រយៈពេល​ច្រើន​ខែ ខណៈ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ធំ​ទី​៧ នេះ​កំពុង​ជួប​ប្រទះ​ការ​ស្រុត​ចុះ​នៃ​សេដ្ឋកិច្ច ហើយ​កំពុង​ជួប​ប្រទះ​នឹង​រឿងអាស្រូវ​ពុក​រលួយ​ដ៏​ធំ ជុំវិញ​ក្រុមហ៊ុន​ប្រេង​រដ្ឋ PETROBRAS ។

លោក CUNBA ថ្លែង​ថា ការ​សម្រេចចិត្ត​នេះ​មាន​ន័យ​ថា អនុញ្ញាត​ឱ្យ​បើក​នីតិវិធី​មួយ​រួច​គឺ​គណៈកម្មការ​ពិសេស​របស់​សភា ដែល​អាច​ទទួលយក​នីតិវិធី​នេះ​ឬ​បដិសេធ ។

យោង​តាម​រដ្ឋធម្មនុញ្ញ​ប្រេ​ស៊ី​ល គណៈកម្មការ​ពិសេស​របស់​បណ្តា​តំណាងរាស្ត្រ​ដែល​មាន​វត្តមាន​ក្នុង​សភា​ត្រូវ​បង្កើត​ឡើង​លើកលែងតែ​មានការ​តវ៉ា​ទៅ​តុលាការ​កំពូល​ចំពោះ​ការ​ផ្តួចផ្តើម​គំនិត​របស់​លោក CUNBA ជា​ឥស្សរជន​រដ្ឋ​លំដាប់​ទី​៤ ។ ពេល​បង្កើត​ឡើង​គណៈកម្មការ​ពិសេស​នោះ​ត្រូវ​ឆ្លងកាត់​កិច្ចប្រជុំ​ដល់​ទៅ​១៥​លើក ដើម្បី​អនុម័ត​របាយការណ៍​មួយ​ដែល​ស្នើ​ឱ្យ​ដក​តំណែង​ប្រធានាធិបតី ឬ​អត់ ។ បន្ទាប់​មក​របាយការណ៍​ត្រូវ​បញ្ចូល​ក្នុង​របៀបវារៈ​របស់​សម័យប្រជុំ​សភា​ពេញអង្គ ដែល​ត្រូវ​អនុម័ត​លើ​ការ​ចោទប្រកាន់​ប្រធានាធិបតី​ជាយថាហេតុ ។ ទល់​តែ​មាន​សំឡេង​២​ភាគ​៣ ក្នុង​សភា​ពោល​គឺ​៣៤២​សំឡេង ក្នុង​ចំណោម​៥១៣​សំឡេង ទើប​អាច​ដំណើរការ​រឿង​នេះ​បន្ត ៕