ជន​លេខ​2​កូរ៉េ​ខាងជើង​លេចមុខ​វិញ​ក្រោយ​បាត់​មុខ​22​ថ្ងៃ

យោង​តាម YONHAP ថា លោក HWANG PYONG SO ចាត់ទុកជា​ជន​លេខ​២​នៃ​របប​កូរ៉េ​ខាងជើង​បាន​លេចមុខ​វិញ​ហើយ​លើ​ឆាកនយោបាយ បន្ទាប់​ពី​បាត់​មុខ​រយៈពេល​២២​ថ្ងៃ​មក ។

ទូរទស្សន៍​រដ្ឋ​កូរ៉េ​ខាងជើង KCTV និង​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​ប្រទេស​នេះ KCNA រាយការណ៍​រួម​គ្នា​នា​ថ្ងៃ​ទី​៣ ធ្នូ ថា លោក HWANG បាន​ចូលរួម​ក្នុង​ឱកាស​នៃ​ទស្សនកិច្ច​ត្រួតពិនិត្យ​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន នៅ​តំបន់​បណ្តុះ​កូន​ឈើ​លេខ​១២២ ។

នេះ​ជា​ការ​លេច​មុខជា​ថ្មី​របស់​មេដឹកនាំ​រូប​នេះ បន្ទាប់​ពី​ពិធី​បុណ្យសព​សេនាប្រមុខ RI UL SOL កាលពី​ថ្ងៃ​ទី​១២ វិច្ឆិកា កន្លង​មកនេះ ។ អ្នក​សង្កេតការណ៍​មួយ​ចំនួន​វិភាគ​ថា លោក HWANG អាច​ជាប់​មក​បំពេញ​ទស្សនកិច្ច​មួយ​នៅ​ក្រុង​ប៉េ​កាំ​ង ដើម្បី​ព្យាបាល​ខ្លួន​ពេល​បាត់​មុខ​លោក​រយៈពេល​ប្រមាណ​ជា​៣​ស​ប្តា​ហ៍ ។

យោង​តាម​បណ្តាញ​ផ្សព្វផ្សាយ​កូរ៉េ​ខាងជើង​ថា លោក​គី​ម ជុង​អ៊ុ​ន ដែល​មក​កាន់​កន្លែង​បណ្តុះ​កូន​ឈើ​បង្ហាញ​ពី​បំណង​របស់​លោក​ជំរុញ​ការ​ដាំ​កូន​ឈើ​ឡើង​វិញ ។

សម្រាប់​ទស្សនកិច្ច​នេះ របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​មាន​មនុស្ស​សំខាន់​៥​រូប អមដំណើរ​ដោយ​ក្រៅពី​លោក HWANG PYONG SO មាន​លោក HWANG JO YONGWON អនុប្រធាន​គណបក្ស​ពលករ​កូរ៉េ លោក O SO YONG លេខាធិការ​បក្ស លោក MA WON CHUN ប្រធាន​ផែនការ​នៃ​គណៈកម្មាធិការ​ការពារ​ជាតិ និង​លោក KYOUNG JUN រដ្ឋមន្ត្រី​ការពារ​បរិស្ថាន ៕