ជនសង្ស័យ៣នាក់ កាន់កាប់អាវុធ ខុសច្បាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ ប្រដាប់ដោយដាវស៊ាំមូរ៉ៃ ១ដើម ស្លៀកពាក់ស៊ីវិល ជិះម៉ូតូ ត្រូវបានសមត្ថកិច្ច ខណ្ឌសែនសុខ ចុះឆែកឆេរ និងឃាត់ខ្លួន កាលពីម៉ោង៣ ទៀបភ្លឺ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចផ្លូវលេខ ២៨គ្រួសារ  ក្រុមទី០៤  ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមរបាយការណ៍របស់អធិការដ្ឋាន នគរបាលខណ្ឌ សែនសុខ បានឲ្យដឹងថា ជនល្មើសទី១ឈ្មោះ ខុម ម៉ៅ ភេទប្រុស  អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅដេកតាម សំយ៉ាបផ្ទះគេ ម្ដុំសួនវត្តភ្នំ សង្កាត់វត្តភ្នំ, ទី២ ឈ្មោះយ៉ា ខុន ហៅហ៊ួរ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ  មុខរបរកម្មករសំណង់ មានទីលំនៅ បន្ទប់ជួល សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទី៣ ឈ្មោះ យស់ មករា ភេទប្រុសអាយុ ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរ រើសអេតចាយ មានទីលំនៅផ្ទះជួល សង្កាត់បឹងកក់២ ខណ្ឌទួលគោក ក្រុងភ្នំពេញ។

ភស្តុតាងដែលប្រមូលបាន រួមមានដាវស៊ាំម៉ូរ៉ៃ១ដើម ដង្កាប់កែច្នៃ ដងសម្រាប់កាច់ករម៉ូតូ១ ដែកលួសកែច្នៃ សសៃ១ និងម៉ូតូ ១គ្រឿងម៉ាកសុយសូគីស្តេប ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០០៧ ពាក់ស្លាកលេខភ.ព ៩០៨ ។

ប្រភពដដែលបន្ថែមថា មុនពេលកើតហេតុ តំណាងល្បាតរបស់អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ បានល្បាត តាមដងផ្លូវ២៨គ្រួសារ  ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ឃើញម៉ូតូជនសង្ស័យ ជិះគ្នា៣នាក់ ជនសង្ស័យ ជាម្ចាស់ម៉ូតូ ឈ្មោះយ៉ា ខុន ហៅ ហ៊ួរ ជាអ្នបើកម៉ូតូ ហើយជនសង្ស័យឈ្មោះ ខុម ម៉ៅ ជិះកណ្ដាល ចំណែក ជនសង្ស័យឈ្មោះ យស់ មករា ជិះពីក្រោយពេលនោះកម្លាំងល្បាត បានហៅឲ្យឈប់ ធ្វើការត្រួតពិនិត្យ ហើយនៅក្រោម កែបម៉ូតូ មានដាវស៊ាំម៉ូរ៉ៃ១ដើម ដង្កាប់កែច្នៃ ដងសម្រាប់កាច់ករម៉ូតូ១ ដែកលួសកែច្នៃ សសៃ១ ពេលនោះសមត្ថកិច្ច ធ្វើការដកហូត នាំខ្លួនជនសង្ស័យ មកសាកសួរ និងឃាត់ខ្លួនតែម្ដង៕

ជនសង្ស័យ៣នាក់ កាន់កាប់អាវុធ ខុសច្បាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន