ស្ថាប័នខណ្ឌរដ្ឋបាល ជលផលថ្មីខេត្តកែប បានលេចចេញ ជាក្របខណ្ឌហើយ

 កំពត ៖ ក្របខ័ណ្ឌ នៃស្ថាប័នខណ្ឌរដ្ឋបាល ជលផលថ្មី ខេត្តកែប ត្រូវបានប្រកាស ជាផ្លូវការហើយ នាព្រឹក ថ្ងៃទី៣ ខែវិច្ឆកា ឆ្នាំ២០១៥នេះ ក្នុងសាលប្រជុំសាលាខេត្តកែប ក្រោមវត្តមានពីសំណាក់លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធាន រដ្ឋបាលជលផល និងលោក កែន សត្ថា អភិបាល នៃគណៈអភិបាល ខេត្តកែប និងអ្នកចូលរួម មន្ត្រីរាជការក្រោមឱវាទ និងមន្ត្រីរដ្ឋបាលជលផល ។

តាមប្រកាសរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសជាផ្លូវការ នូវក្របខ័ណ្ឌ នៃខណ្ឌរដ្ឋបាល ជលផលថ្មី ចំណុះឲ្យរដ្ឋបាលខេត្តកែប ហើយទន្ទឹមនឹងនេះពិធី ក៏បានប្រកាសចូលកាន់តំណែង នាយ នាយ រងខណ្ឌ និងនាយផ្នែក នៃស្ថាប័នខាងលើនេះផងដែរ រួមមាន លោកគុជ វីរៈ អតីតនាយរងខណ្ឌរដ្ឋបាលជល ផលកំពត ត្រូវបានតែងតាំង ជានាយខណ្ឌរដ្ឋបាលជលផលខេត្តកែប លោក ភឺន ផល្លា អតីត នាយផ្នែក រដ្ឋបាលជលផលកែប ត្រូវតែងតាំងជានាយរង ខណ្ឌរដ្ឋបាលជលផលកែប,លោក ជីង សុផានី អតីតជានាយ ផ្នែករដ្ឋបាលជលផលព្រែកត្នោត ត្រូវតែងតាំងជា នាយរងខណ្ឌ រដ្ឋបាលជលផលកែប និងលោក ចក់ ទីនាថ អតីតជានាយរងផ្នែករដ្ឋបាលជលផលកែប ត្រូវតែងតាំងជា នាយផ្នែករដ្ឋបាល ជលផលដំណាក់ស្តេច ។

លោក គុជ វីរៈ នាយខណ្ឌរដ្ឋបាលជលផលខេត្តកែបថ្មី បានឲ្យដឹងថា ខណ្ឌរដ្ឋបាលជលផលខេត្តកែប មាន២ ផ្នែករដ្ឋបាល ប៉ុន្តែសង្កាត់រដ្ឋបាល ជលផលថ្មី ដែលចំណុះឲ្យផ្នែកនីមួយៗនោះ មិនទាន់បាន ប្រកាសក្រប ខ័ណ្ឌថ្មីនៅឡើយទេ ៕