ប្រទេស អាស៊ីប៉ាស៊ីហ្វិក ប្រកាសគាំទ្រកម្ពុជា ក្នុងការប្រឆាំង សម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្មឆ្លងដែន

ភ្នំពេញ៖ ប្រទេសអាស៊ីប៉ាស៊ីហ្វិក បានប្រកាសគាំទ្រ កម្ពុជាក្នុងការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្មឆ្លងដែន ខណៈកម្ពុជាបានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា ជាមួយអង្គភាពស៊ើបការណ៍ មួយចំនួននៃប្រទេសក្នុងតំបន់ ដើម្បីប្រយុទ្ធប្រឆាំង នឹងការសម្អាតប្រាក់។

យោងតាមព័ត៌មាន AKP បានឲ្យដឹងថាការប្រកាសគាំទ្រនេះ បានធ្វើឡើង ក្នុងជំនួបពិភាក្សាការងាររវាង លោក David Shannon លេខាធិការជាន់ខ្ពស់នៃ លេខាធិការដ្ឋានក្រុមប្រទេស អាស៊ីប៉ាស៊ីហ្វិក ស្តីពីការសម្អាត ប្រាក់ជា មួយនឹង លោក គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម នៅវិមានសន្តិភាព កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥។

លោក David Shannon បានស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជា បន្តជំរុញដល់ក្រសួង ស្ថាប័នពាក់ព័ន្ធយក ចិត្តទុកដាក់ ជាពិសេសកំណត់បាននូវហានិភ័យ ជាអាទិភាដើម្បីទប់ស្កាត់ និងដោះស្រាយទាន់ពេលវេលានូវហានិភ័យ នៃការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោក គាត ឈន់  បានលើកឡើងថា កម្ពុជាបានរៀបចំ និងដាក់ឲ្យអនុវត្តក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ច្បាប់ស្តីពីការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ច្បាប់វិសោធនកម្ម ច្បាប់ស្តីពីការប្រឆាំងការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ច្បាប់ស្តីពីការប្រឆាំងអំពើភេរវកម្ម អនុក្រឹត្យស្តីពីការបង្កកទ្រព្យភេរវករ និងអង្គការនានាស្រាប់ហើយ។

លោកបញ្ជាក់ថា យន្តការអនុវត្តន៍ច្បាប់កម្ពុជា បានបង្កើតគណៈកម្មាធិការ សម្របសម្រួល ថ្នាក់ជាតិប្រឆាំងការ សម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម អង្គភាពស៊ើបការណ៍ ហិរញ្ញវត្ថុកម្ពុជា ក្រុមការងារត្រួតពិនិត្យឡើងវិញ រវាងអង្គភាពស៊ើបអង្កេតហិរញ្ញវត្ថុកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ សម្រាប់ស៊ើបអង្កេតការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕