មុន​នេះ​ប​ន្តិច ​​អាជីវ​ករ​ផ្សារ​ទំនប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លើក​គ្នា​មក​សាលា​សង្កាត់​ទួល​សង្កែ​

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា មុន​នេះ​បន្តិច អាជីវករ​ផ្សារ​ទំនប់​ប្រមាណ​ជា​៣០​នាក់​ក្នុង​ចំណោម​អាជីវករ​សរុប​៣៤៨​នាក់​ បាន​លើក​គ្នា​មក​ស្នាក់​ការ​សង្កាត់​ទួល​សង្កែ​ដើម្បី​ឱ្យ​អាជ្ញា​ធរ​ជួយ​ដោះ​ស្រាយ​ទប់​ស្កាត់​ក្រុម​ហ៊ុន​ញូវ​រិច​ដែល​មក​បង្ក​ការ​រំខាន​ផ្តាច់​ភ្លើង ទឹក​អាជីវ​ករ​មិន​ឱ្យ​លក់​ដូរ​កើត​ ខណៈ​ពេល​ការ​ប្តឹង​ប្តល់​គ្នា​រវាង​ក្រុម​ហ៊ុន​ និង​លោក​អ៊ូ សេដ្ឋា​នូ នៅ​តុលាការ​នៅ​ឡើយ។

អាជីវករ​ដែល​លើក​គ្នា​តវ៉ា​បាន​ឱ្យ​ដឹង​ថា រយៈ​ពេល​កន្លង​មក​ បន្ទាប់​ពីចុះ​អនុវត្ត​សាល​ដី​កា​ ក្រុម​ហ៊ុន​បាន​នាំ​សន្តិ​សុខ​មក​រំខាន​ពួក​គាត់​លក់​ដូរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់​ស្តែង​កាល​ពី​រសៀល​ថ្ងៃ​ទី​២ ធ្នូ ក្រុម​ហ៊ុន​បាន​មក​ណែ​នាំ​ឱ្យ​អាជីវករ​ចុះ​ឈ្មោះ​ទិញ​ ឬ​ជួល​តូប​ឡើង​វិញ​ ដោយ​អះអាង​ថា ក្រុម​ហ៊ុន​នឹង​ចូល​មក​គ្រប់​គ្រង​ផ្សារ​នៅ​ថ្ងៃ​ទី​១ មករា ២០១៦ ខាង​មុខ​នេះ។

ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា នៅ​វេលា​ម៉ោង​១​រសៀល​ ថ្ងៃ​ទី​៣ ធ្នូ នេះ​​ស្រាប់​តែ​តំណាង​ក្រុម​ហ៊ុន​បាន​ចូល​មក​ក្នុង​ផ្សារ​រៀប​ចំ​ត​ប្រព័ន្ធ​ភ្លើង​ថ្មី​ តែ​អាជីវ​ករ​បាន​ជំទាស់​រារាំង​មិន​ឱ្យ​ផ្តាច់​ភ្លើង​ ដូច្នេះ​ហើយ​ពួក​គាត់​​​​ក៏​លើក​គ្នា​មក​សាលា​សង្កាត់​​ដើម្បី​ឱ្យ​អាជ្ញា​ធរ​ជួយ​អន្តរាគមន៍​តែ​ម្តង​ទៅ​៕​