សាក្សី​៖ ខ្មែរក្រហម​បាន​ចាប់ខ្លួន​ទៅលើ​ជនជាតិ​វៀតណាម និង​អ្នក​ជាប់សែស្រឡាយ​វៀតណាម​

ភ្នំពេញ: អ្នកស្រី សៅ សាក់ មាន​អាយុ ៦២ ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក​កំពង់​ពោធិ៍​រៀង ខេត្តព្រៃវែង ជា​សាក្សី​ថ្មី មួយរូប​ទៀត​ដែល​ត្រូវបាន​កោះហៅ ដោយ​អង្គជំនុំជម្រះ​សាលាដំបូង ដើម្បី​ស្តាប់​សក្ខីកម្ម​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ប្រ​​ល័យ​ពូជសាសន៍​ប្រឆាំងនឹង​ជនជាតិ​វៀតណាម​ប្រឆាំងនឹង​អតីត​មេដឹកនាំ​ខ្មែរក្រហម នួន ជា និង​ខៀវ សំផន ក្នុង សំណុំរឿង ០០២/០២​។

​អ្នកស្រី​បាន​ថ្លែងថា​អ្នកស្រី​មាន​ម្តាយ​ជា​ជនជាតិ​វៀតណាម និង​បានរស់នៅ​ទីនោះ​ក្នុង អំឡុងពេល​នៃ​របប​ខ្មែរក្រហម និង​ឱ្យដឹងថា​មានគ្រួសារ​ជនជាតិ​វៀតណាម និង​មាន​កូនកាត់​វៀតណាម​ប្រមាណ​​ជា​បី​គ្រួសារ​។ សាក្សី​បាន​រៀបរាប់ថា​នៅ​អំឡុង​ឆ្នាំ ១៩៧៨ ក្រុមខ្មែរក្រហម​បាន​កោះហៅ​ម្តាយ​អ្នក ស្រី​ទៅ​ប្រជុំ ដោយ​នាំទៅ​ជាមួយ​នូវ​កូនស្រី​របស់​អ្នកស្រី​ម្នាក់​ផងដែរ​។​

​អ្នកស្រី​បានដឹងថា​ម្តាយ​របស់​អ្នកស្រី​ត្រូវបាន ឃាត់ខ្លួន ដោយ​មិនដឹងថា​មាន​កំហុស​អ្វី​ឡើយ​។ អ្នកស្រី​​បាន​លើកឡើងថា អ្នក​ដែលមាន​ជាប់សែស្រឡាយ​វៀតណាម​តែងតែ​ត្រូវបាន​ក្រុមខ្មែរក្រហម​ចាប់ខ្លួន និង​មិនបាន​​ទទួលដំណឹង​រហូត​។ អ្នកស្រី​បាន​ថ្លែងថា​ខ្មែរក្រហម​បាន​ចាប់ខ្លួន​ទៅលើ​ជនជាតិ​វៀតណាម និង​អ្នក​ជាប់​សែ​ស្រ​
​ឡាយ​វៀតណាម និង​គេ​បាន​និយាយថា​បញ្ជូនទៅ​ប្រទេស​វៀតណាម​វិញ ប៉ុន្តែ លោកស្រី​បាន​ថ្លែងថា​ក្រោយមក​បាន​​ដឹងថា ជនជាតិ វៀតណាម និង​អ្នក​ជាប់សែស្រឡាយ​ទាំងនេះ​ត្រូវបាន​គេ​សម្លាប់ចោល​។

​ការផ្តល់​សក្ខីកម្ម​រប​ស់​សាក្សី សៅ សាក់ ធ្វើឡើង​បន្ទាប់ពី​អង្គជំនុំជម្រះ​សាលាដំបូង​បញ្ចប់​ការ​ស្តាប់​សក្ខីកម្ម របស់​ដើម​បណ្តឹងរដ្ឋប្បវេណី ប្រាក់ ឌឿ​ន​។ នៅ​ចុងក្រោយ​នៃ​ការផ្តល់​សក្ខីកម្ម​របស់​ខ្លួន លោក​ប្រាក់ ឌឿ​ន បាន​ថ្លែង ថា​រហូតមកទល់​ពេលនេះ​គឺ​លោក​នៅតែមាន​ភាព​តក់ស្លុត​ចំពោះ​ការបាត់បង់​ក្រុមគ្រួសារ​របស់គាត់​ទាំង​ម្តាយ ប្រពន្ធ កូនៗ​របស់គាត់ ព្រមទាំង​បានទាមទារ​សំណង​ពី​តុលាការ​ផងដែរ​។ លោក​ប្រាក់ ឌឿ​ន បាន​ថ្លែងថា ខ្មែរក្រហម​បាន​​សម្លាប់​កូនក្មេង​ដោយ​បោះ​ឡើងលើ និង​ចាក់​នឹង​ចំពុះទុង​កាំភ្លើង​របស់​របស់ខ្លួន​រាប់ទាំង​កូន​របស់គាត់​ផង​។

​លោក​បាន​ថ្លែងប្រាប់​អង្គ​សវនាការ ថា​ខ្មែរក្រហម​បានធ្វើ​បញ្ជី​ឈ្មោះ​ជនជាតិ​វៀតណាម ក្រុមគ្រួសារ​ខ្មែរ​​ដែល​បាន​រៀបការ​ជាមួយ​ជនជាតិ​វៀតណាម​។ លោក​ថ្លែងថា​ប្រជាជន​នៅ​តំបន់​នោះ​ដែល​ចង់បាន​ដំឡូង និង​របស់​​ហូប​មួយចំនួន​ពី​ក្រុមខ្មែរក្រហម​បាន​រាយការណ៍​ពី​វត្តមាន​របស់​ក្រុមគ្រួសារ​ដែលមាន​ជាប់សែស្រឡាយ​ទៅ​ក​ម្មា​ភិ​​បាល​ខ្មែរក្រហម​បានដឹង​។ លោក​បាន​ខិតខំ​ក្នុង​ការដូរ​ឈ្មោះ​កូនៗ​របស់គាត់​ពី​ឈ្មោះ​វៀតណាម​មកជា​ឈ្មោះ​ខ្មែរ​​ទាំងអស់​នៅ​ពាក់កណ្តាល​ឆ្នាំ ១៩៧៦ ដើម្បី​ពួកគេ​បាន​រស់រានមានជីវិត​។​

​យោងតាម​ដីកា​ដំណោះស្រាយ គោលនយោបាយ​មួយ​ក្នុងចំណោម​គោលនយោបាយ​ចំនួន ៥ ដែល​អនុ​​វត្ត​ដោយ​បក្ស​កុម្មុយនីស្ត​កម្ពុជា (​ប​.​ក​.​ក​) ដើម្បី​ការពារ​បដិវត្តន៍សង្គម​និយម គឺ​ការដាក់​ក្រុម​ជាក់លាក់ ជា​គោលដៅ​
​តាមរយៈ​ការប្រើប្រាស់​មធ្យោបាយ​ចាំបាច់​នានា​។ ទាក់ទង​នឹង​ផ្នែក​ស្តីពី​ជនជាតិ​វៀតណាម ដីកា​ដំណោះស្រាយ​​គូសបញ្ជាក់ថា គោលនយោបាយ​នេះ​មាន​អត្ថិភាព​នៅមុន​ឆ្នាំ ១៩៧៥ និង​រីក​រាលដាល​ពេញ​មួយ​រយៈកាល​នៃ​​របប​កម្ពុជា​ប្រជាធិបតេយ្យ យ៉ាងហោចណាស់​រហូតដល់​ថ្ងៃទី ០៦ ខែ មករា ឆ្នាំ ១៩៧៩​។

​កាលពី​ដំបូង ប​.​ក​.​ក ត្រូវបាន​ចោទប្រកាន់ថា​បាន​ផ្តោតទៅលើ​ការបណ្តេញ​ជនជាតិ​វៀតណាម​ទាំង​អស់ពី​ទឹកដី​កម្ពុជា និង បញ្ជូន​ពួកគេ​​ទៅ​ប្រទេស​វៀតណាម​វិញ​។ ដីកា​ដំណោះស្រាយ​បាន​ចោទប្រកាន់ថា នួន ជា និង ខៀវ សំផន ជា​អ្នក​ទទួលខុស​
​ត្រូវ​ផ្នែក​ព្រហ្មទណ្ឌ​ជា​លក្ខណៈ​បុគ្គល​ចំពោះ​ឧក្រិដ្ឋកម្ម​ទាំងឡាយ​ដែល​បាន​ប្រព្រឹត្ត​មកលើ​ក្រុម​ជនជាតិ​វៀតណាម ក្នុងអំឡុងពេល​ខាងលើ​តាមរយៈ​តួនាទី​នានា​របស់​ពួកគាត់​ក្នុង​ជួរ ប​.​ក​.​ក ។​

​អង្គជំនុំជម្រះ​សាលាដំបូង​នឹង​បន្ត​សវនាការ​នៅ​ថ្ងៃ​ចន្ទ​សបា្តហ៍​ក្រោយ​ដោយ​បន្ត​ស្តាប់​សក្ខីកម្ម​របស់​សាក្សី សៅ សាក់ ហើយ​សាក្សី និង​ដើម​បណ្តឹងរដ្ឋប្បវេណី​មួយចំនួនទៀត​ក៏ត្រូវ​កោះហៅ​មក​ផ្តល់​សក្ខីកម្ម​ផងដែរ​៕​