ពលករ​ខ្មែរ ៨៨ នាក់​បន្ថែមទៀត ត្រូវបាន​ជួយសង្គ្រោះ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ឡាវ ថៃ និង​ម៉ាឡេស៊ី​

ភ្នំពេញ: ​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បានប្រកាស​នៅ​ថ្ងៃទី​៣​ធ្នូ​នេះ​ថា ក្រសួងការបរទេស​ក​ម្ពុ​ជា តាមរយៈ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ឡាវ ថៃ និង​ប្រទេស​ម៉​ឡេ​ស៊ី បាន​អន្តរាគមន៍​ជួយសង្គ្រោះ​ពលករ​ខ្មែរ និង​ស្ត្រី​ខ្មែរ​រងគ្រោះ​ដោយ​ការជួញដូរ​មនុស្ស ឲ្យ​បាន​វិល​ត្រលប់មក​ប្រទេស​កម្ពុជា​វិញ សរុប​ចំនួន ៨៨ នាក់​បន្ថែមទៀត​។

​លោក ជុំ សុន្ទរី បាន​លើកឡើងថា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី បាន​អន្តរាគមន៍ ជួយ​អោយមាន​ការដោះលែង​ពលករ​ខ្មែរ​រងគ្រោះ ចំនួន ៣ រូប ដែល​ត្រូវបាន​គេ​ជួញដូរ​ទៅធ្វើ​ការខុសច្បាប់ នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។ ស្ត្រី​ខ្មែរ​ទាំងនោះ ត្រូវបាន​អាជ្ញាធរ​ឥណ្ឌូណេស៊ី ឃាត់ខ្លួន​រក្សាទុក​នៅ​កន្លែង ឃុំឃាំង​អន្តោប្រវេសន៍​នៃ​កោះ Riau  ប្រទេស​ឥណ្ឌូណេស៊ី​។  

​សេចក្តីប្រកាស​របស់​អ្នកនាំពាក្យ លើកឡើងថា ពលករ​ខ្មែរ​ទាំង​០៣ រូប មានឈ្មោះ​៖
-​ខុន ភារៈ អាយុ ២៧ ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី​១ ឃុំ​ទឹកថ្លា ស្រុក​កំរៀង ខេត្តបាត់ដំបង ត្រូវបាន​អាជ្ញាធរ​ឥណ្ឌូណេស៊ី ឃាត់ខ្លួន កាលពី​ថ្ងៃទី​៣ ខែ ឧសភា ឆ្នាំ​២០១៥ នៅ​កោះ Tarempa ។

-​ជ្រាង ប៊ុន​រី  អាយុ ២៦ ឆ្នាំ រស់នៅ​ភូមិ​ច្រក​ម្រះ ឃុំ​អង្គ​ព្រះ​ស្រែ ស្រុក​រមាសហែក ខេត្តស្វាយរៀង ត្រូវបាន​អាជ្ញាធរ​ឥណ្ឌូណេស៊ី ឃាត់ខ្លួន កាលពី​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៥ នៅ​កោះ Tarempa ។

-​រិ​ទ្ធ ឌឿ អាយុ ៣៤ ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​ស្ទឹងតូច ឃុំរ​លាភ ស្រុក​សំពៅ​មាស ខេត្តពោធិ៍សាត់ ត្រូវបាន​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ឃាត់ខ្លួន​កាលពី ខែមេសា ឆ្នាំ​២០១៥ នៅ​កោះ Natuna ។​

​លោក​ជុំ​សុន្ទរី បន្តថា ស្ថានទូត បានចេញ​លិខិត​ធ្វើដំណើរ​បណ្ដោះអាសន្ន​ដល់​ពលករ​ខ្មែរ​ទាំង​០៣ រូប ហើយ​បច្ចុប្បន្ន ស្ថានទូត​កំពុង​សំរបសំរួល​រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពលករ​ទាំង ០៣​រូបនេះ​។​

​ជាមួយគ្នា​នោះ លោក​ជុំ​សុន្ទរី ក៏បាន​បន្តថា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ឡាវ បាន​អន្តរាគមន៍​អោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ឡាវ ដោះលែង​ពលរដ្ឋ​ខ្មែរ ចំនួន ១៤ នាក់ ដែល​ត្រូវបាន​ប៉ូលិស​ក្រុង​វៀង​ច័ន្ទ​ឃាត់ខ្លួន ដោយ​ពុំមាន​លិខិតស្នាម​ក្នុងការ​ធ្វើដំណើរ​នៅ​ប្រទេស​ឡាវ​។​

​សេចក្តីប្រកាស​របស់​អ្នកនាំពាក្យ​បន្តថា ភាគី​ឡាវ កំពុងដំណើរការ​សំណុំរឿង​នោះ តាម​នីតិវិធី​ច្បាប់​ដើម្បី​ពិនិត្យ និង​សំរួល​ឲ្យ​ពលករ​ខ្មែរ​ទាំង​១៤ នាក់ បានធ្វើ​មាតុភូមិនិវត្តន៍​នៅពេល​ឆាប់ៗ​នេះ​

​លោក​ជុំ​សុន្ទរី បាន​លើកឡើងថា ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំខេត្ត​សា​កែវ បាន​អន្តរាគមន៍​ជាមួយ​អាជ្ញាធរ​ថៃ អោយ​ដោះលែង​ពលករ​ខ្មែរ ៧០​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​ពីបទ​មក​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​។​
 
​អ្នកនាំពាក្យ បាន​លើកឡើងថា ពលករ​ខ្មែរ​ទាំង ៧០ នាក់​នោះ គឺ​ពលករ​ចំនួន ២៧​នាក់ ជា​ពលករ​ដែល​ទៅធ្វើ​ការ តាមរយៈ​សមាគម​កសិក​ម្ម ព្រំដែន​បូរ៉ា​ផា ត្រូវបាន​អាជ្ញាធរ​ថៃ​ដោះលែង​អោយទៅ​ធ្វើការ​ជាធម្មតា​វិញ​ហើយ តាម​ការធានា​ពី​ប្រធាន​សមាគម​ខាងលើ តាម​ការរៀបចំ​របស់​ស្ថាន​អគ្គ​កុងស៊ុល​។ ពលករ​ខ្មែរ ៤៣ នាក់​ទៀត ដោយ​ពុំមាន​ថៅកែ​មក​ធានា ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា បាន​សហការ​ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី​ជួយ​សំរួល​ដល់​ពួកគេ​អោយបាន​វិល​ត្រឡប់មក​កម្ពុជា​វិញ តាម​ច្រកទ្វារ​អន្តរជាតិ​បោយ​ប៉ែត កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

​លោក ជុំ សុន្ទរី បាន​បន្តថា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ម៉ាឡេស៊ី  បាន​អន្តរាគមន៍​ជួយ​ពល​ការិនី​ខ្មែរ ១ រូប ឈ្មោះ រ៉ា​ន់ ផល្លី អាយុ ១៩​ឆ្នាំ នៅ​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្រុងភ្នំពេញ បាន​ទៅធ្វើ​ការ​ជា​អ្នកបម្រើ​នៅក្នុង​ភោជនីយដ្ឋាន នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៥ តាមរយៈ​ក្រុមហ៊ុន Master Cam ហើយ​ជួប​ការលំបាក​ក្នុង​ការងារ​ពេក ក៏បាន​មកសុំ​ឲ្យ​ស្ថានទូត​ជួយ នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ ឲ្យ​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ​។​

​ក្នុងឱកាស​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៧ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ពីថ្ងៃ​ទី ២០-២២ ខែវិច្ឆិកា ឆ្នាំ ២០១៥ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ឧបត្ថម្ភ​ថ្លៃ​សំបុត្រ​យន្តហោះ​និង​បង់ពិន័យ​ឲ្យ​ការិយាល័យ​អន្តោប្រវេសន៍​ម៉ាឡេស៊ី ដើម្បី​ឲ្យ​ពល​ការិនី  រ៉ា​ន់ ផល្លី បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ​។ កំឡុងពេល​រង់ចាំ​ការ​ត្រឡប់មក​កម្ពុជា​វិញ ស្ថានទូត​បានចេញ​លិខិត​ធ្វើដំណើរ​បណ្ដោះអាសន្ន និង​បានផ្តល់​កន្លែង​ស្នាក់នៅ និង​ហូប​-​ចុក ដល់​ពល​ការិនី​នេះ​។ ពល​ការិនី  រ៉ា​ន់ ផល្លី នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ ២០១៥ វេលា​ម៉ោង ១៦:០០ នាទី រសៀល តាម​ជើងយន្តហោះ AK៥៣៤ ។​

​លោក​ជុំ​សុន្ទរី បាន​គូសបញ្ជាក់ថា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ តែងតែបាន​ធ្វើការ​ណែនាំ​ជាប់​ជាប្រចាំ​ដល់​ស្ថាន​តំណាង​កម្ពុជា​នៅក្រៅ​ប្រទេស​ទាំងអស់ ឲ្យ​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​កម្ពុជា ពិសេស​គឺ​ពលករ​ខ្មែរ​នៅ​បរទេស និង​ស្ត្រី​ខ្មែរ ដែល​រងគ្រោះ ពី​ការជួញដូរ​មនុស្ស​នៅ​បរទេស​។

​លោក​ជុំ​សុន្ទរី បន្តថា ស្ថាន​តំណាង​កម្ពុជា​នៅក្រៅ​ប្រទេស​ទាំងអស់ ជានិច្ចកាល តែង​បាន​សហការ​ជាមួយ​អាជ្ញាធរ មាន​សមត្ថកិច្ច​នៃ​ប្រទេស​ម្ចាស់ផ្ទះ ក្នុងការ​ជូ​យ​អន្តរាគមន៍​ដោះស្រាយ​រាល់​បញ្ហា​ដែល​កើតមាន ចំពោះ​ពលរដ្ឋ​កម្ពុជា​គ្រប់រូប ដែលជា​ជនរងគ្រោះ​ពី​ការជួញដូរ​មនុស្ស ឬ​ពី​ការរំលោភបំពាន​ផ្សេងៗ ពី​សំណាក់​និយោជក ការធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​ដោយ​ខុសច្បាប់ ផ្ដល់​ការគាំទ្រ​ផ្នែក​ច្បាប់ ការទាមទារ​សំណង​ផ្សេងៗ និង​សំរួល​ដល់​ការធ្វើ​មាតុភូមិនិវត្តន៍​។​ល​។​

​កាលពី​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៥ ក្រសួងការបរទេស បានប្រកាសថា នៅ​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ ក្រសួងការបរទេស ជួយ​ពលករ​ខ្មែរ​នៅ​បរទេស និង​ស្ត្រី​ខ្មែរ ដែល​រងគ្រោះ​ពី​ការជួញដូរ នៅ​បរទេស បាន​ចំនួន​សរុប ៦៧៩ នាក់ នៅក្នុង ៨ ប្រទេស រួមមាន ចិន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម ប្រ៊ុយណេ អារ៉ាប់​ប៊ី​សា​អូឌីត ប៉ា​ពួ​ញ៉ូ​ហ្គី​ណេ និង​អាហ្វ្រិក​ខាងត្បូង​៕​