ប៉ះទង្គិច​គ្នា​នៅ​មុខ​ធនាគារពិភពលោក រវាង​សកម្មជន​ដីធ្លី​និង​ប្រជា​ការពារ​ខណ្ឌដូនពេញ

រាជធានី​ភ្នំពេញ ៖ មានការ​ប៉ះទង្គិច​គ្នា​មួយ​នៅ​លើ​កំណាត់​មហាវិថី​ព្រះ​នរោត្តម និង​ផ្លូវ​លេខ​២៤០ រវាង​កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ និង​ក្រុម​សកម្មជន​ដីធ្លី ដែល​ដឹកនាំ​ដោយ​អ្នកស្រី យ៉ោ​ម បុប្ផា កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៥ ខណៈ​ពេល​ក្រុម​អ្នក​តវ៉ា​ព្យាយាម​ប្រមូល​ម្តុំ​មុខ​ធនាគារពិភពលោក​ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ក៏​ប៉ុន្តែ​មិន​អ្នក​ណា​ម្នាក់​រង​របួស​នោះ​ទេ ។

មន្ត្រី​សាលា​ខណ្ឌដូនពេញ​បាន​និយាយ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៥ មាន​សកម្មជន​ដីធ្លី​ប្រមាណ​ជា​៣០​នាក់ មក​ពី​បណ្តា​សហគមន៍​បឹង​កក់ សហគមន៍​៣​មក​រា បូ​រី​កីឡា និង​សហគមន៍​ថ្មគោល ដឹកនាំ​ដោយ​អ្នកស្រី​ យ៉ោ​ម បុប្ផា អ្នកស្រី​ ស៊ា ណា​រ៉េ​ត អ្នកស្រី ជុំ ង៉ា​ន់ និង​អ្នកស្រី ច្រា​យ នី​ម បាន​នាំ​គ្នា​ប្រមូល​ម្តុំ​មុខ​ស្នាក់​ការ​ធនាគារពិភពលោក ដែល​មាន​ទីតាំង​កែង​មហាវិថី​ព្រះ​នរោត្តម និង​ផ្លូវ​លេខ​២៤០ ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។ នៅ​ពេល​នោះ​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ក្រុម​អ្នក​តវ៉ា​ទាំងនោះ​ចាកចេញ​ពីមុខ​ស្នាក់​ការ​ធនាគារពិភពលោក មហាវិថី​ព្រះ​នរោត្តម​ចូល​មក​ផ្លូវ​លេខ​២៤០ ព្រោះ​មាន​ក្បួន​គណៈប្រតិភូ តែ​ពួក​គេ​មិន​ព្រម​ទើប​កម្លាំង​ប្រជា​ការពារ​បង្ខំចិត្ត​ចាប់​ទាញ​មេដឹកនាំ​អ្នក​តវ៉ាចេញ​ពី​មហា​វិថី​ព្រះ​នរោត្តម តែ​មិន​មាន​អ្នក​ណា​ម្នាក់​រង​របួស​នោះ​ទេ ។

ក្រុម​អ្នក​តវ៉ា​ទាំងនេះ​ធ្វើការ​ប្រមូល​ម្តុំ​នៅ​មុខ​ស្នាក់​ការ​ធនាគារពិភពលោក ដើម្បី​សាកសួរ​រឿង​ញត្តិ​ដែល​ពួក​គេ​ដាក់​កន្លង​មក តើ​ចំណាត់ការ​ដល់​ណា​ហើយ? ក៏​ប៉ុន្តែ​ត្រូវ​បាន​តំណាង​ធនាគារពិភពលោក​តប​វិញ​ថា ឲ្យ​ទៅ​សួរ​មន្ត្រី​រាជរដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​ទៅ ។ ទោះបីជា​តំណាង​ធនាគារពិភពលោក​ឆ្លើយ​តប​បែប​នេះ​ក្តី ក្រុម​អ្នក​តវ៉ា​នៅ​តែ​បន្ត​ប្រមូល​ម្តុំ​គ្នា​នៅ​មុខ​ធនាគារពិភពលោក​រហូត​ដល់​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល រួច​ពួក​គេ​នាំ​គ្នា​បន្តដំណើរ​ទៅ​សាលា​រាជធានី​ភ្នំពេញ ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា គ្មាន​តំណាង​ក្រុម​អ្នក​តវ៉ា​ណា​ម្នាក់​ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​អនុញ្ញាត​ឲ្យ​ចូល​ជួប​ថ្នាក់ដឹកនាំ​សាលា​រាជធានី​ភ្នំពេញ​នោះ​ទេ ហើយ​ក្រុម​អ្នត​វ៉ា​ទាំងនោះ​បាន​នាំ​គ្នា​រំសាយ​នៅ​វេលា​ម៉ោង​១២ និង​៣០​នាទី ដោយ​គ្មាន​កើត​អំពើ​ហិង្សា​ណាមួយ​នោះ​ទេ ៕