ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា ខេត្តសៀមរាប សំរេច​មិន​ប្តឹង​អ្នកគ្រូ ដែល​បាន​បរិហាកេរ្តិ៍​តាម​ហ្វេ​ស​ប៊ុក​

ខេត្តសៀមរាប: លោក អ៊ុង សិរី​ឌី ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា លោក​សំរេច​មិន​ប្តឹង​អ្នកគ្រូ​មួយរូប ដែល​កំពុង​បង្រៀន​នៅ​វិទ្យាល័យ​១០ មករា ១៩៧៩ ដែល​បាន​តិះដៀល និង​បរិហា​កេ​រិ៍្ត​លោក​តាម​ហ្វេ​ស​បុក​នោះឡើយ​។

​អ្នកគ្រូ​រូបនោះ គឺ​ធ្លាប់​ទទួល​ការព្រមាន​ជា​លាយលក្ខណ៍អក្សរ​ពី​សំណាក់​ប្រធាន​មន្ទីរ ដោយសារតែ​មិន​គោរព​បទបញ្ជាផ្ទៃក្នុង​សាលា ក្រមសីលធម៌ វិជ្ជាជីវៈ​គ្រូបង្រៀន និង​ច្បាប់​សហ​លក្ខ​និ្ត​កៈ​មន្ត្រីរាជការ​ស៊ីវិល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
​    ​
​លោក អ៊ុង សិរី​ឌី បានបញ្ជាក់​ទៀតថា អ្នកគ្រូ​បង្រៀន ដែល​ជេរប្រមាថ​កាព្យ​ទាន​លើ​រូបលោក​នោះ មានឈ្មោះ វង្ស សុគន្ធា ដែលជា​អ្នកគ្រូ កំពុង​បង្រៀន​នៅក្នុង​សាលា​វិទ្យាល័យ ១០​មករា​១៩៧៩ ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​អ្នកគ្រូ​មួយរូប​នោះ បានទទួល​ការព្រមាន​ជា​លាយ​លក្ខ​អក្សរ​ពី​កំហុសឆ្គង​របស់គាត់ ដោយ​ជេរប្រទេច​គ្នា​ក្នុង​បរិវេណ​សាលា​វិទ្យាល័យ​១០​មករា កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លងទៅ​។​
​    ​
​លោក អ៊ុង សិរី​ឌី បានបញ្ជាក់​ទៀតថា ការចេញលិខិត​ព្រមាន​នេះ គឺធ្វើឡើង​កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដោយ​គាត់​មាន​កំហុស​មិន​គោរព​បទបញ្ជាផ្ទៃក្នុង​សាលា ក្រមសីលធម៌ វិជ្ជាជីវៈ​គ្រូបង្រៀន និង​ច្បាប់​សហ​លក្ខ​និ្ត​កៈ​មន្ត្រីរាជការ​ស៊ីវិល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ អ្នកគ្រូ​មួយរូប​ទៀត​ឈ្មោះ អាង ស៊ន់ ក៏មាន​ការព្រមាន​ដូច​អ្នកគ្រូ វង្ស សុគន្ធា នោះដែរ​។​
​    ​
​បន្ទាប់ពី​ចេញ​លិខិត​ព្រមាន អ្នកគ្រូ វង្ស សុគន្ធា ក៏បាន​បង្ហោះ​នៅ​ព័ត៌មាន​នៅក្នុង​ហ្វេ​ស​បុក​របស់ខ្លួន ឈ្មោះថា Maya Daniel ដោយ​ប្រូ​ហ្វា​ល់​ដាក់​រូប​របស់គាត់​(​វង្ស សុគន្ធា​) ដោយផ្ទាល់​។​
​    ​
​ក្នុងការ​បង្ហោះ​នោះ អ្នកគ្រូ វង្ស សុគន្ធា បាន​សរសេរ​បង្ហោះ​លើក​ទី​១​ថា លោក អ៊ុង សិរី​ឌី អាង​ខ្លួន​ជា​ប្រធាន​មន្ទីរ ចេញ​សេចក្តីប្រកាស​ព្រមាន​មិន​ត្រឹមត្រូវ អយុត្តិធម៌​មួយ លោក​គួរតែ​បើក​ចក្ខុ​មើល​មាត្រា​ទី​៣០៥ សៀវភៅ​ក្រមព្រហ្មទណ្ឌ ថា "​លោក​ឯង​នឹងមាន ទោស​បែបណា​ដែល​ចេញ​សេចក្តីប្រកាស​ព្រមាន​នេះ​។ ខ្ញុំ​ទុកពេល​ពីរ​ថ្ងៃ ដើម្បីអោយ​លោក លុបឈ្មោះ​ខ្ញុំ​ចេញពី​សេចក្តីប្រកាស​ព្រមាន​នេះ​។ លោក​ឯង​មុននឹង​សំរេច​នេះ តើ​លោក​ឯង មាន​ដឹង​ពិត​ប្រាកដថា តើ​បុគ្គល​ណាមួយ​ដែល​បង្កបញ្ហា ជេរ​បញ្ចោរ​ក្នុង​សាលា​ដោយ​មិន គោរព​កិច្ចប្រជុំ​ក្រុមប្រឹក្សាវិន័យ​មន្ទីរ ២០/៤//២០១៥ ?​ចឹ​ង​បើ​លោក​ឯង​មិន​កែប្រែ​សេចក្តី ប្រកាស​ព័ត៌មាន​នេះ​ទេ លោក​ឯង​នឹងមាន​វិប្បដិសារី​អស់​មួយជីវិត​។ លោក​ឯង​ធ្វើ​ថ្នាក់ដឹកនាំ​គេ តែ​មិន​អោយគេ គោរព​ព្រោះតែ​ទង្វើ​មិនដឹងខ្យល់​អី​របស់លោក​ឯង​"​។​
​    ​
​រីឯ​ការសរសេរ​បង្ហោះ​លើក​ទី​២​របស់​អ្នកគ្រូ វង្ស សុគន្ធា មាន​ខ្លឹមសារ​ថា "​នៅសល់​ពេល​មួយថ្ងៃ​នេះ​ទេ ដែល​ខ្ញុំ​ទុកពេល​អោយ​ប្រធាន​មន្ទីរអប់រំ​ខេត្តសៀមរាប (​អ៊ុង សិរី​ឌី​) បើ មិន​កែប្រែ​សេចក្តីប្រកាស​ព្រមាន​នេះ​ទេ លោក​ឯង​ត្រូវ​ប្រឈមមុខ​នឹង​ច្បាប់​ថា តើ​លោក​ឯង ត្រូវ​ទទួលទោស​បែបណា​? ធ្វើ​ថ្នាក់ដឹកនាំ​គេ​សំរេច​មិនដឹងខ្យល់​អី កុំ​ភ្លី​ជាមួយ​ខ្ញុំ​អោយសោះ​"​។​
​    ​
​ក្នុងការ​បរិហាកេរ្តិ៍​ខាងលើ​ពី​សំណាក់​អ្នកគ្រូ វង្ស សុគន្ធា ត្រូវបាន​លោក អ៊ុង សិរី​ឌី ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា ខេត្តសៀមរាប បាន​បញ្ជាក់ថា រហូតមកដល់​ពេលនេះ លោក​មិនទាន់​សំរេច​ថា​ប្តឹង​អ្នកគ្រូ​នោះ ទៅតាម​ផ្លូវច្បាប់​ឡើយ​ដោយ​លោក​ប្រធាន​មន្ទីរ អះអាងថា មិន​ចង់យក​កម្ម​ពៀរ​ជាមួយ​អ្នកគ្រូ​នោះឡើយ​។​
​    ​
​លោក អ៊ុង សិរី​ឌី បានបញ្ជាក់​ទៀតថា គាត់​ពិតជា​បានធ្វើ​ខុស​ដោយ​មិន​គោរព​បទបញ្ជាផ្ទៃក្នុង​សាលា ក្រមសីលធម៌​វិជ្ជាជីវៈ​គ្រូបង្រៀន​និង​ច្បាប់​សហ​លក្ខ​និ្ត​កៈ​មន្ត្រីរាជការ​ស៊ីវិល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ដោយ​លោក​បញ្ជាក់ថា​នេះ​ជា​កំហុស​របស់​អ្នកគ្រូ ប៉ុន្តែ​ទោះបី​មាន​កាត​ជេរ​ត្មិះ​តិះដៀល​ពី​សំណាក់​អ្នកគ្រូ​នោះ យ៉ាងណាក៏ដោយ ក៏​លោក​និយាយថា មិនបាន​ប្តឹងផ្តល់​ឡើយ​៕