ឆេះ​បន្ទប់​ជួល ក្នុង​ក្រុង​សៀមរាប ផ្អើល​ទាំងយប់​

ខេត្តសៀមរាប:  អគ្គិភ័យ​មួយ បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ចេញពី​បន្ទប់​ផ្ទះជួល​មួយកន្លែង ស្ថិតនៅក្នុង​ក្រុមទី​៤ ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ១៩ និង ៣០​នាទី​យប់ ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដែល​ហេតុការណ៍​នោះ ធ្វើអោយ​ផ្អើល​យ៉ាងខ្លាំង​។​
​    ​
​ក្នុង​ហេតុការណ៍​នោះ គេ​ឃើញ​លោក នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប លោក សូ ប្លា​តុង អភិបាលក្រុង​សៀមរាប និង​មានការ​អន្តរាគមន៍​ពី​រថយន្ត​ពន្លត់អគ្គីភ័យ របស់​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ចុះទៅ​បាញ់​ពន្លត់​ដោយ​ប្រើប្រាស់​រថយន្ត​២​គ្រឿង និង​ទឹក​អស់​២​រថយន្ត​។​
​    ​
​ផ្ទះ​ខាងលើ​ដែល​ឆេះ​នោះ​មាន​ម្ចាស់ផ្ទះ​ឈ្មោះ ឆែ សុខ​ប៊ុនធឿន ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ មានមុខ​របរ​ដឹក​ភ្ញៀវ និង​មាន​ទីលំនៅ​ភូមិ សង្កាត់​កើតហេតុ​ខាងលើ ដោយ​ផ្ទះ របស់គាត់​មាន​ទំហំ​៨​ម៉ែត្រ​គុណ​នឹង​២០​ម៉ែត្រ ធ្វើ​អំពី​ថ្ម​ឈើ​លើ និង​មាន​ប្រក់​ក្បឿង ប៉ុន្តែ ការឆេះ​នេះ​គឺ​ឆេះ​តែ​បន្ទប់​ជួល មួយ​ប៉ុណ្ណោះ​មាន​ទំហំ​៣​គុណ​៤​ម៉ែត្រ​។​
​    ​
​លោក សូ ប្លា​តុង អភិបាលក្រុង​សៀមរាប បាន​បញ្ជាក់ថា ការឆេះ​បន្ទប់​ជួល​ខាងលើ គឺ​ដោយសារតែ​ឆ្លង​ចរន្ត​អគ្គីសនី ហើយក៏​ទុស្សេ​ខ្សែភ្លើង បណ្តាលអោយ​ឆេះ​បែក​ផ្កាភ្លើង ឡើង​និង​រាលដាល​ឆេះ​ក្នុង​បន្ទប់​ជួល​ខាងលើ និង​ខូចខាត​សម្ភារៈ​មួយចំនួនធំ​។​
​    ​
​លោក​និយាយទៀតថា នេះ​ជាការ​អន្តរាគមន៍​ទាន់ពេលវេលា បើ​មិន​ដូច្នោះ​ទេ​ភ្លើង អាច​រាលដាល ឆេះ​ផ្ទះ​ទាំងមូល​ហើយ​អាច​បន្ត​ឆេះ​ដល់ផ្ទះ​អ្នកជិតខាង​ក៏​ថា​បាន​។

​ជាមួយគ្នា​នោះ លោក​អភិបាលក្រុង អំពាវនាវ​អោយមាន​ការប្រុងប្រយ័ត្ន ព្រោះថា​រដូវ​នេះ​ជា​រដូវ ប្រាំង ងាយ​នឹងមាន​ការឆាបឆេះ​បំផុត​៕