ក្រុម​ស្ត្រី​មាន​បញ្ហា​ដីធ្លី​នៅ​ភ្នំពេញ​តវ៉ា​សុំ​ជួប​ប្រធាន​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា

ក្រុម​ស្ត្រី​មាន​បញ្ហា​ដីធ្លី​ក្នុង​រាជធានី​ភ្នំពេញ​ជិត ៥០​នាក់ នាំ​គ្នា​ទៅ​សុំ​ជួប​ជាមួយ​ប្រធាន​គ្រប់គ្រង​ធនាគារ​ពិភពលោក (World Bank) ប្រចាំ​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​ធ្នូ។

ពួក​គេ​មាន​បំណង​សាកសួរ​ពី​លិខិត​ឆ្លើយ​តប​របស់​ប្រធាន​គ្រប់គ្រង​ធនាគារ​ពិភពលោក កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ដែល​ថា សំណើ​របស់​ក្រុម​ស្ត្រី​តវ៉ា ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ត្រី​រដ្ឋាភិបាល​ពាក់ព័ន្ធ​រួច​ហើយ។ ការ​តវ៉ា​របស់​ក្រុម​ស្ត្រី ត្រូវ​បាន​អាជ្ញាធរ​បំបែក បន្ទាប់​ពី​ស្រែក​ទាមទារ​បាន​រយៈពេល​ខ្លី។

កង​កម្លាំង​នគរបាល និង​ក្រុម​សន្តិសុខ​នៃ​សាលា​ខណ្ឌ​ដូនពេញ សរុប​ជិត ១០០​នាក់ ត្រូវ​បាន​គេ​ដាក់​ពង្រាយ​ដើម្បី​បណ្ដេញ​ក្រុម​ស្ត្រី​តវ៉ា ឲ្យ​ចេញ​ពី​ខាង​មុខ​ការិយាល័យ​ធនាគារ​ពិភពលោក ដោយ​សំអាង​ថា ការ​ប្រមូល​ផ្តុំ​របស់​ស្ត្រី​ទាំង​នោះ ធ្វើ​ឲ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ។

«សំឡេង​រុញ​ច្រាន»

ការ​រុញ​ច្រាន​នេះ បន្ទាប់​ពី​ក្រុម​អ្នក​តវ៉ា​បាន​នាំ​គ្នា​ស្រែក​ទាមទារ​នៅ​ខាង​មុខ​ធនាគារ​ពិភពលោក ដោយ​មាន​កាន់​បដា និង​វាយ​ចាន​ឆ្នាំង។ ពួក​គេ​ស្នើសុំ​ជួប​ប្រធាន​គ្រប់គ្រង​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក លោក អាឡាសាន់ សូ (Alassane Sow)៖ «»។

សំណើ​សុំ​ជួប លោក អាឡាសាន់ សូ នេះ នៅ​ក្រោយ​ពេល​ដែល លោក អាឡាសាន់ សូ បាន​ផ្ញើ​លិខិត​ចំនួន​៤ ដាច់​ដោយឡែក​ពី​គ្នា​ដោយ​មាន​អត្ថន័យ​ដូច​គ្នា ទៅ​សហគមន៍​ដីធ្លី​ចំនួន​៤ កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ។ លិខិត​នោះ​បាន​បញ្ជាក់​ថា ការិយាល័យ​ធនាគារ​ពិភពលោក បាន​ចាត់​ចែង​ផ្ញើ​លិខិត​របស់​ក្រុម​អ្នក​តវ៉ា ដែល​ស្នើ​សុំ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ដីធ្លី​នោះ ទៅ​មន្ត្រី​រដ្ឋាភិបាល​ពាក់ព័ន្ធ​រួច​រាល់​ហើយ។ សហគមន៍​ទាំង​បួន​នោះ រួម​មាន សហគមន៍​បុរីកីឡា ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន ផាន អ៊ីម៉ិច (PhanImex) សហគមន៍​ថ្មគោល​អេស.អូ.អេស (SOS) រងគ្រោះ​ដោយ​ការ​អភិវឌ្ឍ​ព្រលាន​យន្តហោះ ក្រុម​អតីត​អ្នក​បឹងកក់ និង​ស្ត្រី​បឹងកក់ ដែល​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ។

ពលរដ្ឋ​មក​ពី​សហគមន៍​អតីត​ស្ត្រី​នៅ​តំបន់​បឹងកក់ ដែល​ត្រូវ​បណ្ដេញ​ចេញ​ដោយ​បង្ខំ កញ្ញា អ៊ឹម ស្រីទូច លើក​ឡើង​ថា ពួក​គាត់​ចង់​ពិភាក្សា​ជាមួយ​តំណាង​ធនាគារ​ពិភពលោក ពី​តម្រូវ​ការ​របស់​ពួក​គាត់ និង​ពី​អ្វី​ដែល​តំណាង​ស្ថាប័ន​នេះ​លើក​ឡើង​ជាមួយ​មន្ត្រី​រដ្ឋាភិបាល។ កញ្ញា​បន្ត​ថា ពួក​គាត់​ប្រាថ្នា​ឲ្យ​ការ​ទាមទារ​របស់​គាត់​ត្រូវ​បាន​ដោះស្រាយ៖ «»។

មន្ត្រី​នៃ​ធនាគារ​ពិភពលោក ដែល​បាន​ចេញ​មក​ជួប​អ្នក​តវ៉ា លោក ប៊ូ សារឿន មាន​ប្រសាសន៍​ថា លោក​នឹង​នាំ​សំណូមពរ​នេះ​ទៅ​ជូន​ប្រធាន​គ្រប់គ្រង​ធនាគារ៖ «»។

នៅ​ព្រឹក​ដដែល​នេះ នៅ​ក្រោយ​ពេល​កង​កម្លាំង​អាជ្ញាធរ​បំបែក​រួច ក្រុម​អ្នក​តវ៉ា​បាន​បន្ត​ទៅ​ជួប​ជុំ​នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ ដោយ​សុំ​ជួប​អភិបាល​សាលា​រាជធានី​ភ្នំពេញ។ ពួក​គេ​បាន​រំសាយ​ការ​តវ៉ា បន្ទាប់​ពី​មន្ត្រី​សាលា​ក្រុង​តម្រូវ​ឲ្យ​ពួក​គាត់​ដាក់​លិខិត​ផ្លូវ​ការ​ជា​ថ្មី​ម្ដង​ទៀត។

ក្រុម​អ្នក​តវ៉ា​អះអាង​ថា នឹង​បន្ត​ការ​ទាមទារ​នេះ​ទៀត ទាំង​នៅ​ការិយាល័យ​ធនាគារ​ពិភពលោក និង​នៅ​សាលា​រាជធានី​ភ្នំពេញ រហូត​មាន​ដំណោះស្រាយ​បញ្ហា​ដីធ្លី​សម្រាប់​ពួក​គាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។