យុវជន​ពិការ​ព្រួយ​បារម្ភ​ពី​ការ​បាត់​សិទ្ធិ​ទទួល​បាន​ឱកាស​ការងារ

យុវជន​ពិការ​លើក​ឡើង​ថា ស្ថានភាព​សិទ្ធិ​ទទួល​បាន​ការងារ​ធ្វើ​របស់​យុវជន​ពិការ​ក្នុង​ស្ថាប័ន​ទាំង​រដ្ឋ និង​ឯកជន នៅ​តែ​ប្រឈម​នឹង​ការ​រើសអើង និង​មិន​ទទួល​បាន​សិទ្ធិ​ពេញលេញ​នៅ​ឡើយ។ ទន្ទឹម​គ្នា​នេះ យុវជន​ពិការ​ព្រួយ​បារម្ភ​ថា ការ​បាត់​សិទ្ធិ​ទទួល​បាន​ការងារ​ធ្វើ នឹង​បន្ត​ឲ្យ​យុវជន​ពិការ​នៅ​តែ​រស់​នៅ​ក្នុង​ស្ថានភាព​ក្រីក្រ។

យុវជន​ពិការ និង​អង្គការ​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ជន​ពិការ​នៅ​កម្ពុជា អះអាង​ថា ជន​ពិការ​មិន​មែន​ជា​បន្ទុក​សម្រាប់​សង្គម​ទេ បើ​សិន​មាន​ការ​បើក​ឱកាស​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​ណា​មួយ ឬ​ធ្វើ​ការ​សម្របសម្រួល និង​យក​ចិត្ត​ទុក​ដាក់​លើ​ពួកគេ។

ការ​លើក​ឡើង​របស់​យុវជន​ពិការ​នៅ​ពេល​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សមាជ​ជាតិ​ជន​ពិការ និង​ទិវា​ជន​ពិការ​កម្ពុជា លើក​ទី​១៧ និង​ទិវា​ជន​ពិការ​អន្តរជាតិ​លើក​ទី​៣៣ ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ដែល​មាន​យុវជន​ចូល​រួម​ជាង ២០០​នាក់។

តំណាង​ឲ្យ​យុវជន​ពិការ​គ្រប់​ប្រភេទ​ដែល​បាន​ចូល​រួម​ក្នុង​ទិវា​នេះ យុវជន ចាប់ តូ លើក​ឡើង​ពី​បញ្ហា​ប្រឈម​របស់​យុវជន​ពិការ​ថា ទោះ​ជា​កន្លង​មក​រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​កំហិត​ឲ្យ​ក្រសួង​ស្ថាប័ន​ក្រោម​បង្គាប់​របស់​ខ្លួន ព្រមទាំង​ស្ថាប័ន​ឯកជន អនុវត្ត​ការ​ជ្រើសរើស​ជន​ពិការ​ចូល​ធ្វើ​ការ​ក្តី ផ្ទុយ​ទៅ​វិញ យុវជន​ពិការ​នៅតែ​ទទួល​បាន​ឱកាស​ការងារ​តិចតួច​នៅ​ឡើយ។ លោក​បន្ត​ថា យុវជន​ពិការ​ទោះ​ជា​មាន​ចំណេះ​ដឹង និង​សមត្ថភាព ក៏​ស្ថាប័ន​ទាំង​រដ្ឋ និង​ឯកជន​​នៅ​តែ​មាន​ការ​រើសអើង៖ «»។

យុវជន​ពិការ​រូប​នេះ​បាន​ឲ្យ​ដឹង​បន្ត​ថា នៅ​ពេល​ដែល​ជន​ពិការ​បាត់​សិទ្ធិ​ទទួល​បាន​ការងារ​ធ្វើ មិន​មែន​ប៉ះពាល់​តែ​យុវជន​ពិការ​ប៉ុណ្ណោះ​ទេ វា​ក៏​ប្រឈម​ខ្លាំង​ដល់​ការ​អភិវឌ្ឍ​សង្គម​ជាតិ​ផង​ដែរ។ លោក​ទទូច​ឲ្យ​បណ្ដា​អ្នក​ពាក់ព័ន្ធ​គិតគូរ​ដល់​សិទ្ធិ​របស់​យុវជន​ពិការ ពិសេស​ជន​ពិការ​គ្រប់​ប្រភេទ​នៅ​កម្ពុជា ឲ្យ​ទទួល​បាន​ឱកាស​ការងារ​ដើម្បី​បញ្ចេញ​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ៖ «»។

ស្រប​ជាមួយ​នេះ ប្រធាន​អង្គការ​ជន​ពិការ​កម្ពុជា លោក ងិន សៅរ័ត្ន មាន​ប្រសាសន៍​ថា ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​អត់​ការងារ​ធ្វើ​របស់​យុវជន​ពិការ រដ្ឋាភិបាល ពិសេស​អន្តរក្រសួង​ត្រូវ​តែ​គិតគូរ​ពី​ការ​អប់រំ​ដល់​ជន​ពិការ ដើម្បី​ធានា​ឲ្យ​ជន​ពិការ​ទទួល​បាន​សិទ្ធិ និង​ឱកាស​ស្មើ​គ្នា​ដូច​មនុស្ស​ទូទៅ​ដែរ៖ «»។

ទាក់ទិន​នឹង​បញ្ហា​នេះ អគ្គលេខាធិការ​រង​តំណាង​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា លោក នេត អ៊ុន មាន​ប្រសាសន៍​ថា បញ្ហា​អត់​ការងារ​របស់​ជន​ពិការ រដ្ឋាភិបាល​ចាត់​ទុក​បញ្ហា​នេះ​ជា​បញ្ហា​អាទិភាព ដោយ​ដាក់​បញ្ចូល​ទៅ​ក្នុង​ផែនការ​អភិវឌ្ឍន៍​ជាតិ៖ «»។

​សារ​លិខិត​របស់​រាជរដ្ឋាភិបាល នា​ឱកាស​ទិវា​ជន​ពិការ​កម្ពុជា លើក​ទី​១៧ និង​ទិវា​ជន​ពិការ​អន្តរជាតិ​លើក​ទី​៣៣ បាន​ឲ្យ​ដឹង​ថា ជន​ពិការ​ត្រូវ​បាន​ផ្ដល់​អាទិភាព​ក្នុង​ការ​ជ្រើសរើស​ឲ្យ​ចូល​បម្រើ​ការងារ​នៅ​ក្នុង​ក្រសួង​ស្ថាប័នរដ្ឋ​ចំនួន ៤០។ ក្នុង​ឆ្នាំ​២០១៤ មាន​ជន​ពិការ​ចូលរួម​បម្រើ​ការងារ​សរុប​ចំនួន ២.៥៥០​នាក់ ស្មើ​នឹង ១,១៧​ភាគរយ​នៃ​ចំនួន​បុគ្គលិក​សរុប​ដែល​បច្ចុប្បន្ន​ក្រសួង និង​ស្ថាប័ន​នីមួយៗ កំពុង​ជ្រើសរើស​ឲ្យ​គ្រប់​តាម​អត្រា​កំណត់​ចំនួន ២% ក្នុង​ឆ្នាំ​២០១៥ គឺ​ស្មើ​ជិត ៤​ពាន់​នាក់ (៣.៩៤៩) ប៉ុន្តែ​ចំនួន​នេះ មិន​បញ្ជាក់​ច្បាស់​ពី​ចំនួន​យុវជន​នៅ​ឡើយ​នោះ​ទេ។

ទិន្នន័យ​សកលលោក​ក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​ត្រូវ​បាន​បង្ហាញ​ឡើង​នៅ​ក្នុង​កម្មវិធី​សមាជ​ជាតិ​ជន​ពិការ​នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ នេះ​បង្ហាញ​ថា បច្ចុប្បន្ន​ក្នុង​ចំណោម​ជន​ពិការ ១០​នាក់ មាន​ជន​ពិការ ៨​នាក់ កំពុង​រស់​នៅ​ក្នុង​ភាព​ក្រីក្រ​បំផុត ហើយ​ពួកគេ​រស់​នៅ​ក្នុង​ភាព​ឯកោ​ដែល​ទាមទារ​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទាំង​នោះ​យក​ចិត្ត​ទុក​ដាក់​លើ​ឱកាស​ការងារ​ជូន​ពួក​គេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។