មូលហេតុ​នៃ​ជំងឺ​ប្រកាំង​

មូលហេតុ​នៃ​ជំងឺ​ប្រកាំង​

​ប្រកាំង​គឺជា​ជំងឺ​មួយ​ដែល​កើតមាន​ញឹកញាប់ ដែល​ធ្វើឱ្យ​ឈឺ​មួយ​ចំហៀង​ក្បាល ចាប់​ពើត​ខ្ទោកៗ​ជាច្រើន​ម៉ោង​(​ពី​៤ ទៅ​៧២​ម៉ោង​)​។ វា​ធ្វើឱ្យ​អ្នកជំងឺ​មិនអាច​អត់​ទ្រាំ​បាន​នឹង​ពន្លឺ​និង​សម្លេង​ខ្លាំងៗ ហើយ​អាច​មាន​ការ​ឆ្អើម​និង​ចង្អោរ​ទៀតផង​។​

​មូលហេតុ​ដែល​ធ្វើឱ្យ​កើត​ប្រកាំង​អាច​ខុសៗ​គ្នា​ពី​អ្នកជំងឺ​ម្នាក់​ទៅ​អ្នកជំងឺ​ម្នាក់ទៀត​។ គ្រូពេទ្យ​ជាច្រើន​បាន​ណែនាំ​ថា អ្នកជំងឺ​គួរ​មាន​សៀវភៅ​មួយ​សម្រាប់​កត់ត្រា​ចំណាំ​ថា​តើ​របស់របរ ស្ថានភាព ឬ​សកម្មភាព​អ្វីខ្លះ​ដែល​ធ្វើឱ្យ​ខ្លួន​ឈឺក្បាល រួច​ហើយ​ខំ​ជៀសវាង​មូលហេតុ​ទាំងអស់​នោះ​ចេញ​។ ការធ្វើ​បែប​នេះ​អាច​ជួយ​អ្នកជំងឺ​ឱ្យ​គ្រប់គ្រង​ការឈឺចាប់​បាន រួមផ្សំ​ជាមួយ​នឹង​ការហូប​ចំណី​អាហារ​ដែល​ធ្វើឱ្យ​មាន​សុខភាព នឹង​ការធ្វើ​សកម្មភាព​ហាត់ប្រាណ ផងដែរ​។​
​ខាងក្រោម​នេះ​គឺជា​មូលហេតុ​មួយចំនួន​ដែល​អាច​ធ្វើឱ្យ​កើត​ប្រកាំង​បាន​។​

១- ការប្តូរ​ទម្លាប់​ក្នុងកា​រគេង​
ជាទូទៅ អ្នកជំងឺ​ប្រកាំង​ចូលចិត្ត​ឱ្យ​អ្វីៗ​ស្ថិត​នៅ​ដដែល គិត​តាំង​ពី​ការ​គេង​ទៅ​។ គេ​ត្រូវ​ចូល​គេង និង​ភ្ញាក់​មកវិញ​ឱ្យ​ទៀង​ម៉ោង បើ​ពុំនោះ​ទេ​វា​នឹង​ធ្វើឱ្យ​ឈឺក្បាល​ជា​មិន​ខាន​ទេ​។​

២- ក្រោយ​មាន​ស្ត្រេ​ស​
ចំពោះ​មនុស្ស​មួយចំនួន ប្រកាំង​កើត​ចេញ​មក​ក្រោយ​ពី​គេ​មាន​កើត​ស្ត្រេ​ស​។ ស្ត្រេ​ស​ធ្វើឱ្យ​រាងកាយ​ធ្វើ​ប្រតិកម្ម​ឆ្លើយ​តប​ដោយ​ការបញ្ចេញ​ជាតិគីមី​ផ្សេងៗ ដែល​ធ្វើឱ្យ​ឈឺ​ក្បាល​នៅ​ពេល​ដែល​ស្ត្រេ​ស​កន្លងផុតទៅ​។​

៣- ភ្លៀង​
វា​គ្មាន​ការពន្យល់​វិទ្យាសាស្ត្រ​ណា​ដែល​បញ្ជាក់​អំពី​មូលហេតុ​មួយ​នេះ​ទេ ក៏​ប៉ុន្តែ​ចំពោះ​មនុស្ស​មួយចំនួន គេ​ឈឺក្បាល​ភ្លាម​កាលណា​មាន​ភ្លៀង​។​

៤- ការឡើង​ចុះ​អត្រា​អឺ​ស្ត្រូ​ហ្សែ​ន​
អត្រា​ឡើង​ចុះ​នៃ​អឺ​ស្ត្រូ​ហ្សែ​ន​ដោយសារ​ការ​លេបថ្នាំ​ពន្យារកំណើត ឬ​ថ្នាំ​ផ្សេងៗ​ក្នុងពេល​មាន​គភ៌​និង​ក្រោយ​ពី​សម្រាលកូន ក៏​អាច​ធ្វើឱ្យ​កើត​ប្រកាំង​បានដែរ​។​

៥- ទឹកអប់​
ក្លិន​ទឹកអប់​ខ្លះ​ក៏​អាច​ធ្វើឱ្យ​កើត​ប្រកាំង​បានដែរ ដូច​ជា​ពន្លឺ​ភ្លឺ​ខ្លាំង ឬ​ស្គ្រីន​កុំព្យូទ័រ​អីចឹង​ដែរ​។​

៦- ចំណីអាហារ​
ចំណី​អាហារ​ដែល​មាន tyramine (​ហ្វ្រូ​ម៉ាស​) និង tanins (​តែ កាហ្វេ ទឹក​ប៉ោម​) សុទ្ធ​តែ​អាច​ជា​មូលហេតុ​នៃ​ប្រកាំ​ង​។ ក្រៅពីនេះ ប៊ីចេង មេ​ស្ករ និង​ជាតិ​នី​ទ្រី​ត ក៏​អាច​ធ្វើឱ្យ​កើត​ប្រកាំង​បានដែរ​។​

៧- ការខ្វះ ឬ​លើស​ជាតិ​កាហ្វេ​អ៊ី​ន​
អាស្រ័យ​ទៅតាម​អ្នកជំងឺ​ម្នាក់ៗ ការខ្វះ​ឬ​លើស​ជាតិ​កាហ្វេ​អ៊ី​ន​ធ្វើឱ្យ​កើត​ប្រកាំង​។​

៨- ការ​ប្រឹង​បញ្ចេញ​កម្លាំង​ខ្លាំងពេក​
គ្មាន​ការ​ពន្យល់​វិទ្យសាស្ត្រ​ណាមួយ​ទេ ក៏​ប៉ុន្តែ​ចំពោះ​អ្នកជំងឺ​ខ្លះ​ការ​ប្រឹង​បញ្ចេញ​កម្លាំង​ខ្លាំងពេក​ធ្វើឱ្យ​ឈឺក្បាល​។ វា​ប្រហែល​ជា​មក​ពី​ការ​ដែល​មាន​ការផ្លាស់ប្តូ​រ​ជាតិគីមី​ក្នុង​ខ្លួន​ដោយសារ​ការ​ខំប្រឹង​។ ដូច្នេះ គេ​ត្រូវ​ឧស្សាហ៍​ហាត់ប្រាណ​ឱ្យបាន​រឿយៗ​។​

៩- ការអាក់ខាន​មិន​បាន​ញ៉ាំ​អាហារ​
ការអាក់ខាន​មិន​បាន​ញ៉ាំ​អាហារ​ឱ្យ​ទៀងទាត់​តាម​ពេលវេលា​ក៏​អាច​ធ្វើឱ្យ​ឈឺក្បាល​បានដែរ ព្រោះ​វា​ធ្វើឱ្យ​អត្រា​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់ចុះ​។​
​សរុបសេចក្តី​មក ឱសថ​ដែលមាន​ប្រសិទ្ធភាព​ក្នុង​ការបង្ការ​ជំងឺ​ប្រកាំង គឺ​ត្រូវ​រក្សា​ឱ្យបាន​នូវ​ទម្លាប់​ប្រព្រឹត្ត​ប្រចាំថ្ងៃ​៕

ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។