លោកកែវ រតនៈ៖ ពលរដ្ឋ ១៣គ្រួសារ ផ្ទុះការតវ៉ា ទារថ្លៃសំណង ក្រោយតបណ្តាញអគ្គិសនី បង្កផលប៉ះពាល់

ភ្នំពេញ៖ អគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ បានថ្លែងបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន ១៣គ្រួសារ រស់ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មិនមែនលើកគ្នាតវ៉ា ចំពោះការតបណ្ដាញអគ្គិសនី មានតង់ស្យុងខ្ពស់នោះទេ គឺពាក់ព័ន្ធនឹងការទាមទារថ្លៃសំណង ច្រើនហួសហេតុពីរាជរដ្ឋាភិបាល បន្ទាប់ពីការតបណ្តាញអគ្គិសនីជាថ្មី ធ្វើឲ្យប៉ះពាល់ដល់ពួកគាត់។

លោក កែវ រតនៈ នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទថា ការតបណ្ដាញអគ្គិសនី មានតង់ស្យុងខ្ពស់នេះ ធ្វើឡើងក្រោមទឹកប្រាក់កម្ចី របស់រដ្ឋាភិបាលចិន គម្រោងនេះ គួរតែត្រូវបានបញ្ចប់យូរណាស់មកហើយ ប៉ុន្តែរង់ចាំការជជែកគ្នាជាមួយបងប្អូន ដែលពាក់ព័ន្ធនឹងការអូសខ្សែភ្លើងកន្លងមក ធ្វើឲ្យគម្រោងនេះយឺតជាង២ឆ្នាំមកហើយ ជាមូលហេតុដែលធ្វើឲ្យរាជធានីភ្នំពេញ នៅតែបន្តការដាច់ភ្លើងជាប់ជានិច្ច។

លោកបានបន្ថែមថា “ ក្នុងចំណុចដែលលើកនៅខណ្ឌមានជ័យនេះ បច្ចុប្បន្នមានប្រហែល១៣គ្រួសារ ។ ១៣គ្រួសារហ្នឹង គឺបញ្ហាមិនមែនជាការបារម្ភអី លើបញ្ហាតង់ស្យុងខ្ពស់អីទេ គឺជាបញ្ហាទាមទារថ្លៃវាហួសពេក គឺមានការប៉ះពាល់ផលសំណងដីធ្លី ដែលយើងបានធ្វើការប៉ះប៉ូវរហូត ។មកដល់កន្លែងហ្នឹង១៣គ្រួសារ គាត់ទាមទារខ្ពស់លើសពីគេឯង។ មានន័យថា ឧទាហរណ៍១៣គ្រួសារ ទារទៅជិត៦លានដុល្លារសហរដ្ឋអាម៉េរិក យើងអត់អាចបង់លុយហ្នឹងបានទេ”។

លោកបានបន្តថា ក្នុងរាជធានីភ្នំពេញកាលពីឆ្នាំ២០០៨ តម្រូវការអគ្គិសនីមានតែ១០០ ទៅ២០០មេការវ៉ាត់ទេ តែបច្ចុប្បន្នត្រូវការ រហូតដល់ជាង៦០០មេការវ៉ាត់ នេះបង្ហាញឲ្យឃើញពីការរីកចម្រើនសេដ្ឋកិច្ចក្នុងរាជធានីភ្នំពេញ ដើម្បីទប់ទល់នឹងកំណើននេះ អាជ្ញាធរអគ្គិសនីកម្ពុជាត្រូវតែ ដាក់ទុនវិនិយោគ ដើម្បីពង្រីកខ្សែ និងលក់ស្ថានីយតង់ស្យុងខ្ពស់ ចូលទីក្រុងភ្នំពេញ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៣ ខែធ្នូ មានប្រជាពលរដ្ឋជាង២០នាក់ រស់ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ បាននាំគ្នាតវ៉ា ចំពោះអាជ្ញាធរ ដែលតបណ្តាញអគ្គិសនី មានតង់ស្យុងខ្ពស់ កាត់តាមភូមិឋានរបស់គាត់ ដោយពួកគាត់អះអាងថា ការតបណ្ដាញនេះ មានផលប៉ះពាល់ដល់សុខភាពកូនចៅរបស់គាត់៕

លោកកែវ រតនៈ៖ ពលរដ្ឋ ១៣គ្រួសារ ផ្ទុះការតវ៉ា ទារថ្លៃសំណង ក្រោយតបណ្តាញអគ្គិសនី បង្កផលប៉ះពាល់

លោកកែវ រតនៈ៖ ពលរដ្ឋ ១៣គ្រួសារ ផ្ទុះការតវ៉ា ទារថ្លៃសំណង ក្រោយតបណ្តាញអគ្គិសនី បង្កផលប៉ះពាល់