អតីតមន្ត្រី​CNRP ថា​ខ្លួន​ប្រមូលបាន​សកម្មជន​ជាង​២​ពាន់​នាក់​ចូល​ជាមួយ​បក្ស​លោក ម៉ម សូណងដូ​

លោក អ៊ុក ស៊ុយ នៅខាងឆ្វេង កំពុងកាន់ក្បាលមេក្រូនិយាយ​អតីត​គណកម្មាធិការ​នាយក​និង​ជា​ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុក ស៊ុយ បាន​ប្រមូលបាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​២​ពាន់​នាក់ ចូលក្នុង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ដែលមាន​លោក ម៉ម សូណងដូ ជា​ប្រធាន ក្រោយពី​មិន​ពេញចិត្ត​នឹង​ការដឹកនាំ​របស់លោក សម រង្ស៊ី និង​លោក កឹម សុខា​។​

​លោក អ៊ុក ស៊ុយ  បាន​ទាក់ទាញ​ចិត្ត​មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចំនួន​ជាង​២​ពាន់​នាក់​ហើយ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​លោក ម៉ម សូណងដូ ដែរ​។ អតីត​គណកម្មាធិការ​នាយក​រូបនេះ អះអាងថា មន្ត្រី​នឹង​សកម្មជន​ជាង​២​ពាន់​នាក់​នេះ គឺ​នៅតាម​បណ្ដាល​ខេត្ត​មួយចំនួន ដូចជា បាត់ដំបង បន្ទាយមានជ័យ និង​តាកែវ​ជាដើម​។ បើតាម​លោក អ៊ុក ស៊ុយ នៅពេលនេះ​កំពុងមាន​សកម្ម​ជនគ​ណ​បក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្តកំពង់ស្ពឺ និង​កំពង់ធំ ជិត​២០០​នាក់​ទៀត គ្រោង​នឹងចូលរួម​ជាមួយ​លោក ម៉ម សូណងដូ បន្តទៀត​ដែរ​។​

​លោក អ៊ុក ស៊ុយ បានដាក់​លិខិត​លាលែង​ពី​តួនាទី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ ក្រោម​ហេតុផល​ថា លោក​មិន​ពេញចិត្ត​ចំពោះ​ការដឹកនាំ​របស់លោក​ស​ម រង្ស៊ី និង​កឹម សុខា និង​ថ្នាក់ដឹកនាំ​មួយចំនួន​ដែល​បាន​ប្រព្រឹត្ត​អំពើ​អយុត្តិធម៌​នៅក្នុង​ផ្ទៃក្នុង​បក្ស​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក អ៊ុក ស៊ុយ បាន​បន្ថែមថា​៖«​លោក សម រង្ស៊ី លោក កឹម សុខា រួមទាំង​ថា្នក់​ដឹកនាំ​៤​នាក់​ទៀត មាន​លោក យឹម សុវណ្ណ លោក អៀង ឆៃអ៊ាង លោក យ៉ែម បុញ្ញឫទ្ធិ និង​ភរិយា​លោក សម រង្ស៊ី បាន​ប្រព្រឹត្តិ​អំពើ​ឆ្គាំឆ្គង គ្មាន​សីលធម៌ និង​គុណធម៌ មកលើ​ខ្លួន និង​មន្ត្រី​ថ្នាក់ក្រោម​ដទៃទៀត ដោយសារតែ​ពួកគេ​ដាក់​ក្រុមគ្រួសារ​និង​បក្សពួកនិយម​នៅក្នុង​គណបក្ស ទៅតាម​តួនាទី​សំខាន់ៗ​នៅក្នុង​បក្ស និង​នៅក្នុង​រដ្ឋសភា​»​។​

​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ប្រកាសថា នឹងធ្វើ​សន្និសីទកាសែត ដើម្បី​លាតត្រដាង​ការពិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ប្រជាពលរដ្ឋ​និង​អ្នកគាំទ្រ​បានដឹង​ច្បាស់​គណបក្សប្រឆាំង​នេះ​នៅ​ស​ប្ដា​ហ៏​ក្រោយ​។​

​ឆ្លើយតប​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បញ្ជាក់ថា លោក មិន​ចាប់អារម្មណ៍​នឹង​ការលើកឡើង​របស់លោក អ៊ុក ស៊ុយ នេះឡើយ ហើយ​គណបក្ស​លោក ក៏​មិន​ខ្លាច​បាត់បង់​ការគាំទ្រ​នោះដែរ​។ លោក អះអាងថា ប្រជា​ពាល​រដ្ឋ​រាប់លាន​នាក់​នៅតែ​ជឿជាក់​មកលើ​គណបក្ស​ខ្លួន ហើយ​មានតែ​គណបក្ស​លោក​ទេ ដែលជា​ដៃគូរ​ប្រកួតប្រជែង​ដ៏​ធំ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​អាណត្តិ​ក្រោយនេះ​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​